Bottle.py ជា​កញ្ចប់​នៃ​ក្បួន​ខ្នាត​ជា​ភាសា Python ដ៏​មាន​ប្រជាប្រិយភាព​មួយ​ទៀត ប្រើ​សំរាប់​ជា​ជំនួយ​ក្នុង​ការបង្កើត​កម្មវិធី​គេហទំព័រ (web application) ។ កញ្ចប់​នេះ​មាន​លក្ខណៈ​ជា microframework ដែល​ជា​ឯកសារ​ដ៏​តូច​មួយ មាន​តែ​មួយ​ទំព័រ និង​មាន​លក្ខណៈ​ដ៏​សាមញ្ញ​បំផុត ដែល​អាច​ធ្វើ​អោយ​យើង​ស្វែង​យល​ពី​ក្បួន​ខ្នាត​នៅ​ក្នុង​កញ្ចប់​នេះ នៅ​ក្នុង​រយៈពេល​មួយ​យ៉ាង​ខ្លី​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​កញ្ចប់​ផ្សេង​ៗ​ទៀត​។ យ៉ាងណាម៉ិញ សំរាប់​អ្នក​ចង់​រៀន​សរសេរ​កម្មវិធី​គេហទំព័រ ដោយ​ចាប់ផ្តើម​ពី​ដើម​ដំបូង​បំផុត​នោះ កញ្ចប់ Bottle ជា​ជំរើស​ដ៏​ត្រឹម​ត្រូវ​មួយ​សំរាប់​ពួក​គេ​។

 

ជាកិច្ច​ចាប់​ផ្តើម និង​ដើម្បី​អោយ​ងាយ​ស្រួល​ក្នុង​ការចំលង​យក​កម្មវិធី​គេហទំព័រ Bottle របស់​យើង​យក​ទៅ​តំលើង​នៅ​លើ server ណា​មួយ​នៅ​ពេល​ក្រោយ​ទៀត យើង​ចាំបាច់​ត្រូវ​បង្កើត virtual environment ដាច់​ដោយ​ឡែក​មួយ ដោយ​សរសេរ​នៅ​លើ​បង្អួច​ខ្មៅ​ថា py -3 -m venv myenv នៅ​ក្នុង​ថត​ដែល​ជា​កម្មវិធី​គេហទំព័រ​របស់​យើង​ គឺ​ជាការស្រេច​។

 

py -3 -m venv myenv

 

បន្ទាប់​មក​ទៀត យើង​ត្រូវ​ដំណើរការ virtual environment រូច​តំលើង​កញ្ចប់ Bottle ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

myenv\Scripts\activate
pip install bottle

 

លុះ​មាន​កញ្ចប់ Bottle នៅ​ក្នុង​ virtual environment របស់​យើង​ហើយ យើង​អាច​សរសេរ​កម្មវិធី​គេហទំព័រ Bottle ដំបូង​គេ​បំផុត ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

from bottle import route, run
  
@route('/')
def main():
    return "Hello World!"
  
run(host='localhost', port=9000, debug=True, reloader=True)

 

ដើម្បី​ដំណើរការ​កម្មវិធី​ខាង​លើ​នេះ យើង​អាច​បង្កើត​ឯកសារ bash script មួយ​ទុក​នៅ​ក្នុង​ថត​នៃ​កម្មវិធី​គេហទំព័រ​របស់​យើង ដោយ​សរសេរ​បញ្ជា​នៅ​ក្នុង​នោះ​ថា៖

 

call myenv\Scripts\activate
start http://localhost:9000
python main.py

 

បន្ទាប់មក បើ​យើង​ចុច​ឯកសារ bash script នោះ កម្មវិធី​គេហទំព័រ​របស់​យើង​នឹង​ដំណើរការ ហើយ browser នឹង​ត្រូវ​បើក​ឡើង​ ដើម្បី​បង្ហាញ​លទ្ធផល​បាន​មក​ពី​កម្មវិធី​គេហទំព័រ​នេះ​៕