នៅ​ពេល​ដែលគេ​​និយាយ​អំពី​ការបង្កើត​កម្មវិធី​គេហទំព័រ​ ដោយប្រើប្រាស់​ភាសា Python គេ​តែងតែ​គិត​ទៅ​ដល់​កញ្ចប់ Django មុន​គេ ដែល​ភាសា​អង់គ្លេស​ហៅ​ថា Django framework ។ ហើយ​មាន​ការងារ freelance ជា​ច្រើន​នៅ​លើ​បណ្តាញ Internet បាន​និង​កំពុង​ស្វែងរក​អ្នក​មាន​សមត្ថភាព​អភិវឌ្ឍ​​កម្មវិធី​គេហទំព័រ ដោយ​ប្រើប្រាស់​កញ្ចប់​មួយ​​នេះ​។

 

កញ្ចប់ Django ត្រូវបាន​បង្កើត​ឡើង​ដោយ​លោក Adrian Holovaty និង លោក Simon Willison នៅ​ពេល​ដែល​ពួកគេ​​បំរើការងារ​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី​គេហទំព័រ ប្រចាំ​គ្រឹះស្ថាន​សារព័ត៌មាន Lawrence Journal World newspaper នៅ​សហរដ្ឋអាមេរិក នៅ​ក្នុង​កំឡុង​ឆ្នាំ 2003 ។ ហើយ​ពីរ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ក្នុង​ឆ្នាំ 2005 ពួក​គេ​បាន​សំរេច​ដាក់​កញ្ចប់ Django នៅ​លើ​បណ្តាញ Internet អោយ​សាធារណជន​​ទាញ​យក​ទៅ​ប្រើប្រាស់​ដោយ​សេរី ដែល​ភាសា​អង់គ្លេស​ហៅ​ថា open source ។

 

យ៉ាងណាម៉ិញ ចំណុច​ដ៏​សំខាន់​មួយ​របស់​កញ្ចប់ Django គឺ​វា​ស្ទើរ​តែ​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ទាំងអស់​នៅ​ក្នុង​នោះ ដែល​ភាសា​អង់គ្លេស​ហៅ​ថា «Batteries included» មាន​ដូចជាទំព័រ​គ្រប់គ្រង់​ជាដើម​ ដែល​អាច​បង្កើត​ទំរង់បែបបទ​ចេញ​គំរូ​ទិន្នន័យ​ណា​មួយ​ ដោយ​ស្វ័យប្រវត្តិ​។ លើស​ពីនេះ​ទៀត រហូត​មក​ទល់​សព្វថ្ងៃ​នេះ មាន​ក្រុមហ៊ុន​ជាច្រើន បាន​និង​កំពុង​ប្រើប្រាស់​កញ្ចប់​នេះនៅ​ក្នង​កម្មវិធី​គេហទំព័រ​របស់​ពួក​គេ មាន​ដូចជា​ក្រុមហ៊ុន Instagram, Spotify, Mozilla, Pinterest, Bitbucket, Disqus ជាដើម​ ។ល។ និង ។ល។ ៕