នៅ​ក្នុង​ស្ទើរគ្រប់កម្មវិធីគេហទំព័រ​​ដែលមានប្រភេទ​ជា Blog ទាំងឡាយ មាន​ដូច​ជា WordPress, Blogger, និង​ Ghost ជាដើម គេ​តែង​តែ​ឃើញ​មានទំព័រ​ពិសេស​​ម៉្យាង ដែល​ជា​កន្លែង​សំរាប់​តែង​និពន្ធ​អត្ថបទ និង​ចុះ​ផ្សាយ​អត្ថបទ​នានា​។ ទំព័រ​នោះ ត្រូវ​គេ​អោយ​ឈ្មោះជា​ភាសា​អង់គ្លេស​​ថា admin panel ដែល​យើង​អាច​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា ទំព័រ​គ្រប់គ្រង ។

 

យ៉ាងណាម៉ិញ នៅ​ក្នុង​កម្មវិធីគេហទំព័រ Blog របស់​យើង ដែល​ទើប​នឹង​ត្រូវ​បានបង្កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​នោះ គំរូ​នៃ​ឯកសារ​នៃ​ការកំណត់​ផ្លូវ (routing) ចូល​ទៅ​កាន់​ទំព័រ​​​គ្រប់គ្រង​ ​មាន​ឈ្មោះថា users.js ត្រូវ​បាន​បង្កើត​ឡើង​រួច​ជាស្រេច​​ទុក​នៅ​ក្នុង​ថត routes សំរាប់​អោយ​យើង​យក​មកកែច្នៃ​ទៅ​​​តាម​សេចក្តី​ត្រូវការ​។ ​ហើយ​នៅ​ក្នុង​ទំព័រ​នោះ មាន​ការសរសេរ​កូដ​មួយ​ចំនួន​រួច​ជា​ស្រេច​​ដូច​ខាង​ក្រោម​នេះ៖

 

var express = require('express');
var router = express.Router();
 
/* GET users listing. */
router.get('/', function(req, res, next) {
  res.send('respond with a resource');
});
 
module.exports = router;

 

បើ​យើង​ដំណើរការ​កម្មវិធី​គេហទំព័រ​របស់​យើង រួច​បើក​ browser ចូល​ទៅ​កាន់​អាស័យដ្ឋាន http://localhost:3000/users យើង​នឹង​ឃើញ​លទ្ធផល​ដូច​រូប​ខាង​ក្រោម​នេះ៖

 

 

ក៏ប៉ុន្តែ កូដ​ខាង​លើ​នេះ​គ្រាន់​តែជា​ឧទាហរណ៍ដ៏​តូច​មួយ​តែ​ប៉ុណ្ណោះ យើងចាំបាច់​ត្រូវ​យក​ឯកសារ users.js នេះ​មក​កែច្នៃ​អោយ​ទៅ​ជាឯកសារកំណត់​ផ្លូវ​ទៅកាន់​ទំព័រគ្រប់​គ្រង​ដ៏​ពេញ​លក្ខណៈ​ណា​មួយ​ ដែល​ជា​ឯកសារ​ស្ថិត​នៅ​ក្នុង​ថត views ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

/* users.js */
var express = require('express');
var router = express.Router();
 
/* កំណត់ផ្លូវ​ទៅ​កាន់​ទំព័រ​គ្រប់គ្រង */
router.get('/', function(req, res, next) {
  res.render('users', { title: 'ទំព័រ​គ្រប់គ្រង' });
});
 
module.exports = router;

 

នៅ​លើបន្ទាត់លេខ 7 ការសរសេរ​ថា res.render('users', { title: 'ទំព័រ​គ្រប់គ្រង' }); គឺ​ជាការកំណត់ផ្លូវទៅកាន់​ឯកសារ​ឈ្មោះ users.ejs នៅ​ក្នុង​ថត​​ views ដើម្បី​តំរូវ​អោយ​កម្មវិធី​ Express បក​ប្រែ​ឯកសារ​នេះ​ និង​បង្ហាញ​លទ្ធផល​នៅ​​លើ browser ។

 

អាស្រ័យ​ហេតុនេះ យើង​ចាំបាច់ត្រូវ​បង្កើតឯកសារថ្មីឈ្មោះ users.ejs មួយ​ទុក​នៅ​ក្នុង​ថត​ views សំរាប់​អោយ​កម្មវិធី​ Express យក​ទៅបកប្រែ​ ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

<!--users.ejs-->
<!DOCTYPE html>
<html>
  <head>
    <title><%= title %></title>
    <link rel="stylesheet" href="/stylesheets/style.css">
  </head>
  <body>
    <h1><%= title %></h1>
  </body>
</html>

 

ចុង​ក្រោយ​បង្អស់​ បើ​យើង​ដំណើរការ​កម្មវិធី Express របស់យើង និងបើក​ browser ចូ​ល​ទៅ​កាន់​អាស័យដ្ឋាន http://localhost:3000/users យើង​នឹង​ឃើញ​​លទ្ធផល​ដូច​នៅ​ក្នង​រូប​ខាង​ក្រោម​នេះ៖