វិស័យកំព្យូទ័របាននិងកំពុងតែរីកសាយភាយទៅកាន់គ្រប់មជ្ឍដ្ឋានទាំងអស់នៅជុំវិញពីភពលោក មិនថាជាអ្នកជនបទឬទីក្រុងឡើយ ម្នាក់ៗសុទ្ធតែចេះប្រើប្រាស់ផ្នែកទន់ជាច្រើនប្រភេទ ជាពិសេសផ្នែកទន់នៅក្នុងទូរស័ព្ទដៃ មានដូចជា Android, IOS, និង Windows ជាដើម។
លើសពីនេះទៀត នៅពេលបច្ចុប្បន្ននេះ វិទ្យាសាស្ត្រកំព្យូទ័រក៏បាននិងកំពុងរីកសាយភាយទៅដល់ស្ទើរគ្រប់គ្រឹះស្ថានអប់រំទាំងអស់ផងដែរ។ ជាលទ្ធផល ប្រទេសជាច្រើននៅជុំវិញពិភពលោក បានបញ្ចូលមុខវិជ្ជារៀនសរសេរកម្មវិធីកំព្យូទ័រ (programming) ចូលទៅក្នុងកម្មវិធីសិក្សារបស់សិស្សានុសិស្សរៀននៅអនុវិទ្យាល័យនិងវិទ្យាល័យ។ ទាំងអស់នេះមានន័យថា មុខវិជ្ជាសរសេរកម្មវិធីកំព្យូទ័រ អាចត្រូវបង្រៀនដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ពីព្រោះមុខវិជ្ជានេះមិនទាមទារអោយយើងមានជំនាញពិសេសណាមួយឡើយ។ ក៏ប៉ុន្តែ បើសិនជាយើងមានមូលដ្ឋានគ្រឺះគណិតវិទ្យាដ៏រឹងមាំ យើងនឹងរហ័យយល់និងចាប់យកមុខវិជ្ជានេះបានលឿនជាងអ្នកដទៃទៀត។ តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកដើរលឿននិងអ្នកដើរយឺត គង់ដើរដល់គោលដៅដូចគ្នា។
ជាកិច្ចចាប់ផ្តើម ចូរយើងសាកល្បងឆ្លើយនឹងសំណួរសួរថា តើអ្វីទៅជាការសរសេរកម្មវិធីកំព្យូទ័រ ដែលភាសាអង់គ្លេសហៅថា programming?
ដើម្បីអាចឆ្លើយនឹងសំណួរនេះបាន យើងគួរស្វែងយល់ពីអ្វីទៅដែលហៅថា «កម្មវិធីកំព្យូទ័រ» ជាមុនសិន។ ហើយទោះបីជាយើងមិនទាន់យល់ច្បាស់នៅឡើយនូវពាក្យថាកម្មវិធីកំព្យូទ័រនេះក៏ដោយ តែយើងប្រាកដជាស្គាល់យ៉ាងច្បាស់នូវពាក្យថា កម្មវិធី (program) ជាទូទៅ ពីព្រោះនៅក្នុងជីវភាពរស់នៅធម្មតា ពាក្យនេះត្រូវគេប្រើប្រាស់ជាទូទៅ ដូចជាពាក្យថា កម្មវិធីបុណ្យ កម្មវិធីទូរទស្សន៍ និង កម្មវិធីអភិវឌ្ឍន៍ ជាដើម។ល។ និង ។ល។ ។
បើយើងយកក្រដាសនៃកម្មវិធីបុណ្យណាមួយមកពិនិត្យមើល យើងនឹងឃើញថា កម្មវិធីបុណ្យគឺជាការរៀបចំធ្វើពិធីផ្សេងៗ តាមលំដាប់លំដោយ តាំងពីពេលចាប់ផ្តើមបុណ្យរហូតដល់ពេលចប់បុណ្យ។ ហើយបើយើងលើកយកកម្មវិធីទូរទស្សន៍មកពិនិត្យមើលវិញម្តង យើងនឹងឃើញថា កម្មវិធីនេះរៀបរាប់ពីការបញ្ជាំងនាទីផ្សេងៗដូចជា នាទីព័ត៌មាន នាទីសម្ភាសជាមួយអ្នកជំនាញ នាទីបទចំរៀង នាទីកំសាន្ត ជាដើម ។ល។ និង ។ល។ ក្នុងរយពេលពេញមួយថ្ងៃ។ ដូចគ្នាដែរ ចំពោះកម្មវិធីអភិវឌ្ឍន៍វិញ វាក៏ស្តែងចេញពីការររៀបចំផែនការមួយចំនួនដែលត្រូវធ្វើតាមលំដាប់លំដោយ ក្នុងគោលបំណងអភិវឌ្ឍន៍តំបន់ណាមួយឬអ្វីមួយ។
ជារួមគ្រប់កម្មវិធី សុទ្ធតែស្តែងចេញពីការរៀបចំការងារដែលត្រូវធ្វើតាមលំដាប់លំដោយ ក្នុងគោលបំណងដោះស្រាយបញ្ហាណាមួយ ក្នុងរយៈពេលកំណត់ណាមួយ។ ស្រដៀងគ្នាដែរ ចំពោះកម្មវិធីកំព្យូទ័រនិងឬទូរស័ព្ទដៃ វាក៏ជាអត្ថបទមួយបែប ស្តែងចេញពីការរៀបចំការងារតំរូវអោយកំព្យូទ័រនិងឬទូរស័ព្ទដៃយកទៅអនុវត្ត ក្នុងគោលបំណងដោះស្រាយបញ្ហាណាមួយដូចគ្នា។ ក៏ប៉ុន្តែ ដោយហេតុថា កំព្យូទ័រនិងឧបករណ៍ចល័តអាចអនុវត្តការងារចំនួនរាប់លានរាប់សែនតែក្នុងរយពេលមួយប៉ប្រិចភ្នែក ដូចនេះ ការតាក់តែងកម្មវិធីសំរាប់ឧបករណ៍ទាំងនោះ មិនចាំបាច់មានរយពេលកំណត់ឡើយ។
ជាក់ស្តែង បើសិនជាយើងចង់រៀបចំកម្មវិធីមួយតំរូវអោយកំព្យូទ័រនិងឬទូរស័ព្ទដៃយកទៅអនុវត្ត ក្នុងគោលបំណងដោះស្រាយបញ្ហាគណនារកផ្ទៃក្រឡាចតុកោណកែង យើងអាចសរសសេរដូចខាងក្រោមនេះ៖
គណនារកបណ្តោយរបស់ចតុកោណកែង
គណនារកទទឹងរបស់ចតុកោណកែង
ក្រឡាផ្ទៃចតុកោណកែង = បណ្តោយ * ទទឹង
ក៏ប៉ុន្តែ ការប្រើប្រាស់ភាសាខ្មែរក្នុងការសរសេរកម្មវីធីដូចខាងលើនេះ នឹងមិនអាចអោយឧបករណ៍អេឡិចត្រូនិកទាំងឡាយយល់និងយកទៅអនុវត្តបានឡើយ យើងចាំបាច់ត្រូវសរសេរកម្មវិធីនេះជាភាសាណាមួយ ដែលកំព្យូទ័រនិងទូរស័ព្ទអាចយល់បាន។ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ មានភាសាសំរាប់កំព្យូទ័រនិងទូរស័ព្ទដៃច្រើនណាស់ត្រូវបានបង្កើតឡើង មានដូចជា Python, Ruby, C++, Java, PHP ជាដើម។
នៅក្នុងចំណោមភាសាសំរាប់ទូរស័ព្ទដៃនិងកំព្យូទ័រទាំងនោះ Python ជាភាសាមួយដ៏មានប្រជាប្រិយភាពជាងគេ នៅក្នុងកំឡុងឆ្នាំ ២០២១ យើងនេះ។ ដោយហេតុថា ភាសានេះមានលក្ខណៈសាមញ្ញនិងងាយស្រួលយល់ ដែលអាចធ្វើអោយបណ្តាអ្នកសរសេរកម្មវិធីទាំងឡាយ ផ្ចង់ស្មារតីទៅលើការសរសេររៀបចំកម្មវិធី ជាជាងការប្រើប្រាស់ភាសាអោយបានត្រឹមត្រូវ បើប្រៀបធៀបទៅនឹងភាសាដទៃទៀត។
មួយវិញទៀត ដើម្បីអាចប្រើប្រាស់ភាសា Python នៅក្នុងការសរសេររៀបចំកម្មវិធី យើងចាំបាច់ត្រូវទាញយកនិងតំលើងផ្នែកទន់ Python លេខចុងក្រោយគេពីគេហទំព័រ python.org ។ លើសពីនេះទៀត យើងត្រូវមានផ្នែកទន់សំរាប់វាយអត្ថបទសរសេរកម្មវិធីណាមួយ ដែលអនុញ្ញាតអោយយើងអាចប្រើប្រាស់ភាសា Python បាននៅក្នុងនោះ ។ ជាភាសាអង់គ្លេស ផ្នែកទន់វាយអត្ថបទនោះ ត្រូវគេហៅថា Integrated Development Environment ឬហៅកាត់យ៉ាងខ្លីថា IDE ។
នៅក្នុងចំណោម IDE ជាច្រើនរាប់មិនអស់ Visual Studio Code ជា IDE មួយដែលគេនិយមប្រើជាងគេនៅពេលបច្ចុប្បន្ននេះ។ យើងអាចទាញយកនិងតំលើង IDE នេះនៅក្នុងកំព្យូទ័ររបស់យើង ដោយចូលទៅកាន់គេហទំព័រមួយនេះ https://code.visualstudio.com/ ។
លុះមាន Visual Studio Code នៅក្នុងកំព្យូទ័ររបស់យើងហើយ យើងអាចសាកល្បងសរសេរកម្មវិធីជាភាសា Python ដោះស្រាយបញ្ហាគណនារកផ្ទៃក្រឡាចតុកោណកែងដូចខាងក្រោមនេះ៖
ដើម្បីតំរូវអោយកំព្យូទ័រយកកម្មវិធីខាងលើនេះទៅអនុវត្ត ឬដំណើរការកម្មវិធីខាងលើនេះ យើងគ្រាន់តែចុចបើកបង្អួច terminal និងសរសេរនៅលើនោះថា៖
python test.py