នៅ​ក្នុង​ការបង្កើត​ឯកសារ HTML ដែល​ជា​គំរូ​ទំព័រ យើង​ចាំបាច់​​ត្រូវ​ប្រើប្រាស់​រូបភាព ពុម្ពអក្សរ ​ឯកសារ CSS និង ឯកសារ JavaScript ក្នុង​គោល​បំណង​ធ្វើអោយ​គំរូ​ទំព័រ​មាន​លក្ខណៈ​ពេញលេញ និង​​មាន​សោភ័ណភាព​កាន់​តែ​រស់​រវើក​។ បណ្តា​ឯកសារ​ទាំងនោះ ត្រូវ​បាន​គេ​ហៅ​ជា​ភាសា​អង់គ្លេស​​ថា​ជា​ static file ដែល​យើង​អាច​បកប្រែ​ជា​ភាសា​ខ្មែរ​ថា ឯកសារ​ស្តាទិក

 

យ៉ាងណាម៉ិញ នៅ​ក្នុង​កញ្ចប់ Django ដើម្បី​អាច​ប្រើប្រាស់​ឯកសារស្តាទិក​នៅ​ក្នុង​​គំរូ​ទំព័រ​ណា​មួយ​បាន យើង​ចាំបាច់​ត្រូវ​សរសេរ​បង្ហាញ​ផ្លូវ​​ចូល​ទៅ​កាន់​ឯកសារ​ស្តាទិក​ទាំងនោះ នៅ​កន្លែង​ណា​មួយ​នៅ​ក្នុង​គំរូ​ទំព័រ​។ ហើយ​ជាទូទៅ គេនិយម​សរសេរ​បង្ហាញ​ផ្លូវ​ចូល​ទៅ​កាន់​ឯកសារ​ស្តាទិក នៅ​ផ្នែក​ក្បាល​នៃ​​គំរូ​ទំព័រ​។ ពិនិត្យ​កូដ​ខាង​ក្រោម​នេះ៖

 

 <!-- mysite/blog/templates/base.html -->
<!DOCTYPE html>
<html>
  <head>
    <meta charset="UTF-8"/>
    <meta name="viewport" content="width=device-width, initial-scale=1.0"/>
    <title>{{ siteTitle }}</title>

    {% load static %}
    <link rel="stylesheet" href="{% static 'styles/base.css' %}">
    <link rel="stylesheet" href="{% static 'fonts/setup.css' %}">
    <link rel="icon" href="{% static 'images/site_logo.png' %}" >
    
  </head>
  <body>
    {{ message }}
  </body>
</html>

 

ចាប់​ពី​បន្តាត់​លេខ 9 ដល់​លេខ 12 គឺ​ជា​ការសរសេរបង្ហាញ​ផ្លូវ​ចូល​ទៅ​កាន់​ឯកសារ​ស្តាទិក​ដែល​មាន​ប្រភេទជាឯកសារ ​ CSS ឯកសារ​ពុម្ព​អក្សរ និង ឯកសារ​រូបភាព​។ មួយវិញទៀត យើង​សង្កេត​ឃើញ​ថា នៅ​ក្នុង​ការសរសេរ​បង្ហាញ​ផ្លូវ​ចូល​ទៅ​កាន់​ឯកសារស្តាទិក​ទាំងនោះ មាន​ការប្រើប្រាស់​នូវ​ភាសា​ពិសេស​ម៉្យាង​ដែល​ភាសា​​អង់គ្លេស​ហៅ​ថា template language ឬ template engine ដែល​យើង​អាច​បក​ប្រែ​មក​ជា​ភាសា​ខ្មែរ​ថា ភាសា​គំរូ​ទំព័រ ហើយ​ដែល​យើង​នឹង​សិក្សា​លំអិតពី​ភាសាមួយ​នេះ​នៅ​ពេល​ខាង​មុខ​នេះ​។

 

ភាសា​គំរូ​ទំព័​ដើរ​តួ​នាទី​ដ៏​សំខាន់​នៅ​ក្នុង​ការបញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​គំរូទំព័រ​​ទាំងឡាយ ដើម្បី​បង្កើត​ជា​ឯកសារ HTML យ៉ាង​ពេញលេញ មុន​នឹង​បញ្ជូន​ទៅ​អោយ​អ្នក​ចូល​អាន​គេហទំព័រ​។ មួយវិញ​ទៀត ភាសា​គំរូ​ទំព័រក៏​​មាន​មុខងារ​យ៉ាង​សំខាន់ណាស់​ដែរ ​ក្នុង​ការបំពេញ​កង្វះខាត​របស់​ភាសា HTML នៅ​ក្នុង​ការបង្កើត​គំរូ​ទំព័រ​ ពីព្រោះ​នៅ​ក្នុង​ភាសា​ HTML មានការ​ខ្វះ​ខាត​នូវ​​បញ្ជា (statement) មួយ​ចំនួនមាន​​ដូច​ជា​បញ្ជា for, while, if, if/else និងការបង្កើត​ function ជាដើម​។ 

 

ក៏ប៉ុន្តែ ទន្ទឹម​នឹង​តួនាទី​ដ៏​សំខាន់​របស់​ភាសា​គំរូ​ទំព័រ ក៏​មាន​ការរិះគន់​ជា​ច្រើន​ពី​អ្នក​ជំនាញ​​។ ពួក​គេ​រិះគន់​ថា ហេតុ​អ្វី​មិន​ប្រើប្រាស់​ភាសា​ Python នៅ​ក្នុង​ការបញ្ចូល​ទិន្នន័យ​និង​ជា​ជំនួយ​បំពេញ​កង្វះខាត​របស់​ភាសា​ HTML ចាំបាច់​បង្កើត​ភាសាគំរូ​ទំព័រ​ថ្មី​ធ្វើ​អ្វី? (Why we need to reinvent the wheel while we have already Python to use as the template language?) 

 

ពួក​គេ​ហ៊ាន​អះអាង​ដូច្នេះ ពីព្រោះ​មាន​កញ្ចប់​សំរាប់​បង្កើត​កម្មវិធី​គេហទំព័រ​ជា​ភាសា Python មួយ​ទៀត ​មាន​ឈ្មោះ​ថា Bottle.py ដែល​ប្រើប្រាស់​ភាសា Python ជា​ភាសា​គំរូ​ទំព័រ​​។ កត្តា​នេះ​ធ្វើ​អោយ​អ្នក​អភិវឌ្ឍ​កម្មវិធី​គេហទំព័រ​ផ្ចង់​ស្មារតី​ទៅ​លើ​ការ​បង្កើត​កម្មវិធី​គេហទំព័រ ជាជាង​ការ​ប្រើប្រាស់​ភាសា​ក្នុង​ការបង្កើត​កម្មវិធី​គេហទំព័រ​។

 

បែរ​មក​រឿង​យើង​វិញម្តង នៅ​ក្នុង​ឯកសារ​ខាង​លើ មាន​ការសរសេរ​បង្ហាញ​ពី​ថត​មួយ​មាន​ឈ្មោះ​ថា​ static ស្ថិត​នៅ​ក្នុង​ថត​ដើម​នៃ​គំរោង Django របស់​យើង ដែល​ជា​ថត mysite ។ ហើយ​ថត​នោះ​ត្រូវ​ប្រើប្រាស់​សំរាប់​រក្សាទុក​នូវរាល់​ឯកសារស្តាទិក​ចាំបាច់​ទាំងឡាយ​ដែល​ត្រូវ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការបង្កើត​គំរូ​ទំព័រ​។ អាស្រ័យហេតុនេះ​យើង​ចាំបាច់​ត្រូវ​បង្កើត​ថត​ឈ្មោះ static នេះឡើង​នៅ​ក្នុង​​ទីតាំង​ដែល​ត្រូវ​បាន​​កំណត់​ខាង​លើ​​ ព្រម​ទាំង​ប្រមូល​នូវ​ឯកសារ​ស្តាទិក​ចាំបាច់​ទាំងឡាយ​មក​​រក្សាទុក​នៅ​ក្នុងនោះ​ផង​ដែរ​៕