ជាទូទៅ ការចូលទៅកាន់គេហទំព័រទាំងឡាយនៅលើបណ្តាញ Internet ត្រូវធ្វើឡើងតាមរយៈអាស័យដ្ឋាននានា ដែលភាសាអង់គ្លេសហៅថា web address និងដែលត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍនកម្មវិធីគេហទំព័រ។ យ៉ាងណាម៉ិញ សំរាប់អ្នកអភិវឌ្ឍកម្មវិធីគេហទំព័រ ការបង្កើតអាស័យដ្ឋានទាំងនោះត្រូវហៅថា ការបង្កើតផ្លូវ (routing) សំរាប់ចូលទៅកាន់ទំព័រផ្សេងៗនៅក្នុងកម្មវិធីគេហទំព័រទាំងមូល។ ហើយការកំណត់យកផ្លូវណាមួយសំរាប់ឯកសារណាមួយនោះ មិនស្ថិតនៅក្រោមហេតុផលណាមួយឡើយ គឺត្រូវធ្វើឡើងជាអត្តនោម័តដោយអ្នកអភិវឌ្ឍកម្មវិធីគេហទំព័រ។
យ៉ាងណាម៉ិញ ការបង្កើតផ្លូវនៅក្នុងកម្មវិធីគេហទំព័រ ក៏មិនខុសពីការសង់ផ្លូវចូលទៅកាន់តំបន់នានានៅទូទាំងប្រទេសនោះដែរ ពោលគឺរដ្ឋអំណាចអាចសង់ផ្លូវចូលទៅត្រឹមខេត្ត និងផ្តល់លទ្ធភាពអោយអាជ្ញាធរខេត្តសង់ផ្លូវបន្តទៅទៀតចូលទៅកាន់តំបន់នានាស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ពួកគេ។ ដូចគ្នាដែរ នៅក្នុងគំរោង Django យើងអាចបង្កើតផ្លូវពីគំរោងទាំងមូលភ្ជាប់ទៅនឹងកម្មវិធី Django ណាមួយដែលមាននៅក្នុងគំរោង រួចសឹមបង្កើតផ្លូវផ្សេងៗទៀតនៅក្នុងកម្មវិធីនោះ ភ្ជាប់ទៅកាន់ទំព័រទាំងឡាយដែលអ្នកចូលមើលគេហទំព័រចង់បាន។
នៅក្នុងបរិបទនៃគំរោង Django មានឈ្មោះថា mysite របស់យើង ការភ្ជាប់ផ្លូវពីគំរោងនេះចូលទៅកាន់កម្មវិធីឈ្មោះ blog ត្រូវធ្វើឡើងនៅក្នុងឯកសារឈ្មោះ urls.py នៅក្នុងថតឈ្មោះ mysite ។
#mysite/mysite/urls.py
from django.contrib import admin
from django.urls import path, include
urlpatterns = [
path('blog/', include('blog.urls')),
path('admin/', admin.site.urls),
]
នៅក្នុងឯកសារឈ្មោះ urls.py នៅផ្នែកខាងលើមានការសរសេរកំណត់ពន្យល់តាមបែបភាសា Python ជាច្រើនបន្ទាត់ ក្នុងគោលបំណងពន្យល់ពីមុខនាទីរបស់ឯកសារនេះ ក្នុងការភ្ជាប់ផ្លូវពីគំរោង Django ទាំងមូលចូលទៅកាន់បណ្តាកម្មវីធី Django ទាំងឡាយដែលមាននៅក្នុងគំរោង។ មួយវិញទៀត កំណត់ពន្យល់នេះត្រូវបានសរសេរឡើងដោយស្វ័យប្រវត្តិ ដោយកញ្ចប់ Django នៅពេលដែលយើងបង្កើតគំរោងឈ្មោះ mysite នេះឡើង។ ក៏ប៉ុន្តែ បើសិនជាយើងមិនត្រូវការកំណត់ពន្យល់នេះទេ យើងអាចលុបវាចោលបាន។
យ៉ាងណាម៉ិញ នៅក្នុងឯកសារខាងលើ នៅលើបន្ទាត់លេខ ៦ គឺជាការភ្ជាប់ផ្លូវពីគំរោង mysite ទៅនឹងផ្លូវមួយចំនួនទៀតដែលនឹងត្រូវបង្កើតឡើងនៅក្នុងឯកសារឈ្មោះ urls.py ដូចគ្នា នៅក្នុងថតដែលជាកម្មវិធីឈ្មោះ blog ។
ដោយហេតុថា នៅក្នុងថតដែលជាកម្មវិធីឈ្មោះ blog មិនទាន់មានឯកសារណាមួយមានឈ្មោះថា urls.py នោះទេ អាស្រ័យហេតុនេះ យើងចាំបាច់ត្រូវបង្កើតឯកសារមួយមានឈ្មោះថា urls.py និងបង្កើតផ្លូវមួយចំនួនដើម្បីភ្ជាប់ទៅនឹងគំរោង Django ទាំងមូល។
#mysite/blog/urls.py
from django.urls import path
from . import views
urlpatterns = [
path('', views.index, name='index'),
]
នៅក្នុងឯកសារខាងលើ ការបង្កើតផ្លូវភ្ជាប់ទៅនឹងផ្លូវធំនៃគំរោង mysite ទាំងមូល ត្រូវធ្វើឡើងនៅលើបន្ទាត់លេខ ៧ ។
យើងត្រូវធ្វើការកត់ចំណាំថា គោលបំណងសំខាន់បំផុតនៃការបង្កើតនិងការភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយ គឺដើម្បីចូលទៅកាន់ឯកសារផ្សេងៗ ដែលអ្នកចូលមើលគេហទំព៍រចង់បានតែប៉ុណ្ណោះ។ ហើយជាទូទៅ នៅក្នុងកម្មវិធីគេហទំព័រ ឯកសារដែលអ្នកចូលមើលគេហទំព័រចង់បាននោះ មិនទាន់មាននៅឡើយទេ គឺវាត្រូវបង្កើតឡើងតែនៅពេលណាដែលអ្នកចូលមើលគេហទំព័រចង់បានតែប៉ុណ្ណោះ។ មួយវិញទៀត ឯកសារដែលអ្នកចូលមើលចង់បាននោះ ត្រូវបង្កើតឡើងយោងទៅតាមរូបមន្តផ្សេងៗដែលត្រូវបានតាក់តែងឡើងដោយអ្នកអភិវឌ្ឍគេហទំព័រ នៅក្នុងក្បួន (function) មួយចំនួនជាភាសា Python ។
នៅក្នុងបរិបទនៃកម្មវិធី blog របស់យើង ផ្លូវចូលទៅកាន់ឯកសារឈ្មោះ index ដែលជាទំព័រដើមរបស់កម្មវិធីនេះ ត្រូវបានភ្ជាប់ទៅនឹងក្បួនជាភាសា Python មួយមានឈ្មោះថា index នៅក្នុងឯកសារឈ្មោះ views.py ដែលយើងនឹងធ្វើការកែតំរូវទៅតាមអ្វីដែលយើងចង់បាន។ ឯកសារឈ្មោះ views.py នេះស្ថិតនៅក្នុងថតជាមួយនឹងឯកសារឈ្មោះ urls.py ខាងលើ។ មួយវិញទៀត ក្បួនឈ្មោះ index នេះនឹងដំណើរការបង្កើតឯកសារ HTML មួយប្រភេទ ដើម្បីបង្ហាញព័តមានទាំងឡាយ ស្តីពីទំព័រដើមរបស់កម្មវិធី blog នៅពេលដែលអ្នកចូលអានគេហទំព័រចុចចូលអានតាមអាស័យដ្ឋានឬផ្លូវដូចមាននៅក្នុងឯកសារ urls.py ខាងលើនេះ។
ជាលទ្ធផល យើងសង្កេតឃើញថា យើងមានជំរើសរាប់មិនអស់ក្នុងការតាក់តែងក្បួនខ្នាត ដើម្បីបង្កើតឯកសារជាអត្ថបទឬវីដេអូឆ្លើយតប (response) ទៅនឹងការទាមទារ (request) របស់អ្នកចូលអានគេហទំព័រ។ ឧទាហរណ៍ នៅក្នុងកម្មវិធី blog របស់យើង យើងអាចកែប្រែក្បួនឈ្មោះ index ជាភាសា Python នៅក្នុងកសារ views.py ដើម្បីបង្ហាញព័ត៌មានដ៏សាមញ្ញមួយនៅលើទំព័រដើម។
from django.shortcuts import render
from django.http import HttpResponse
def index(request):
return HttpResponse("សូមស្វាគមន៍មកកាន់កម្មវិធី Blog!")
ជាចុងក្រោយ ដើម្បីដំណើរការកម្មវិធី blog របស់យើង យើងចាំបាច់ត្រូវធ្វើអោយបរិដ្ឋានសិប្បនិមិត្តមានសកម្មភាពជាមុនសិន រួចសឹមចូលទៅក្នុងថតឈ្មោះ mysite ដែលមានឯកសារឈ្មោះ manage.py នៅក្នុងនោះ និងសរសេរនៅលើបង្អួច terminal ថា៖
python manage.py runserver
បើអ្វីៗបានដំណើរការទៅដោយរលូន ហើយបើយើងចុចបើក browser និងចូលទៅកាន់គេហទំព័រដែលមានអាស័យដ្ឋានជា http://localhost:8000/blog/ យើងនឹងឃើញឃ្លាថា «សូមស្វាគមន៍មកកាន់កម្មវិធី Blog!» លេចឡើងនៅលើ browser៕