នៅក្នុងមេរៀននេះ យើងនឹងរៀនបង្កើតគេហទំព័រមួយប្រភេទហៅថា «Blog» ដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេ នៅជុំវិញពិភពលោក នៅក្នុងការផ្សព្វផ្សាយពត៌មានទាំងឡាយ មានដូចជាគេហទំព័ររបស់ប្រព័ន្ធសារព័ត៌មានផ្សេងៗជាដើម។
យ៉ាងណាម៉ិញ សំរាប់ការសរសេរកូដបង្កើតគេហទំព័រប្រភេទ «Blog» នេះ យើងអាចប្រើប្រាស់ភាសា Python រួមផ្សំជាមួយនឹងកញ្ចប់ Django ដែលជាកញ្ចប់កំពុងពេញនិយមជាទីបំផុត នៅក្នុកំឡុងឆ្នាំ ២០២១ យើងនេះ ដោយសារកញ្ចប់នេះត្រូវបានបង្កើតឡើងនិងកែលំអរជាប់ជាប្រចាំចាប់តាំងពីឆ្នាំ ២០០៥ មកម្លេះ។ ជាលទ្ធផល ការប្រើប្រាស់កញ្ចប់នេះ ផ្តល់អោយយើងនូវការធានាសន្តិសុខទិន្នន័យប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទប់ទល់នឹងការលួចចំលងនិងឬការបំផ្លាញទិន្នន័យគ្រប់រូបភាព។
ជាកិច្ចចាប់ផ្តើម ដើម្បីអាចប្រើប្រាស់កញ្ចប់ Django នេះបាន យើងចាំបាច់ត្រូវទាញយកផ្នែកទន់ Python មកដំឡើងនៅក្នុងកំព្យូទ័ររបស់យើងជាមុនសិន រួចចាំទាញយកនិងតំលើងកញ្ចប់ Django ជាក្រោយ។ យើងអាចទាញយកកញ្ចប់នៃភាសា Python ចុងក្រោយគេ ពីគេហទំព័រមួយនេះ https://www.python.org/downloads/ ។
ដើម្បីអាចដំឡើងកញ្ចប់ Django សំរាប់កម្មវិធីជាភាសា Python ដាច់ដោយឡែកណាមួយ យើងចាំបាច់ត្រូវបង្កើតបរិដ្ឋានសិប្បនិមិត្ត (virtual environment) ដាច់ដោយឡែកមួយជាមុនសិន។ បើពុំនោះសោតទេ រាល់កញ្ជប់ដែលយើងដំឡើងសំរាប់កម្មវិធីណាមួយ នឹងនៅលាយឡំគ្នាជាមួយនឹងកញ្ចប់របស់កម្មវិធីដទៃទៀត។ ហើយនៅពេលដែលយើងចំលងយកកម្មវិធីណាមួយទៅដាក់នៅលើបណ្តាញ បណ្តាកញ្ចប់របស់កម្មវិធីដទៃទៀតនឹងត្រូវដោយទៅជាមួយផងដែរ។
ការបង្កើតបរិដ្ឋានសិប្បនិមិត្ត ត្រូវធ្វើឡើងនៅលើបង្អួច terminal នៅក្នុងថតសំរាប់កម្មវិធីរបស់យើង ដោយសរសេរនៅបង្អួច terminal នោះថា៖
python -m venv myvenv
ជាលទ្ធផល បើអ្វីៗបានដំណើរការទៅដោយរលូន យើងនឹងឃើញមានថតមួយមានឈ្មោះថា myvenv ដែលនៅក្នុងនោះមានឯកសារមួយចំនួន ត្រូវបានបង្កើតឡើងជាស្វ័យប្រវត្តិទុកនៅក្នុងថតសំរាប់កម្មវិធីថ្មីរបស់យើង។ យ៉ាងណាម៉ិញ ឈ្មោះរបស់បរិដ្ឋានសិប្បនិមិត្តអាចជាពាក្យណាមួយក៏បានដែរ ព្រោះផ្នែកទន់ Python មិនទាមទារអោយយើងចាំបាច់ត្រូវប្រើពាក្យថា myvenv ជាឈ្មោះរបស់បរិដ្ឋានសិប្បនិមិត្តនោះទេ។
បន្ទាប់មកទៀត ដើម្បីអាចដំឡើងកញ្ចប់ Django ទុកនៅក្នុងបរិដ្ឋានសិប្បនិមិត្តថ្មីរបស់យើងបាន យើងចាំបាច់ត្រូវធ្វើអោយបរិដ្ឋាននោះមានសកម្មភាពជាមុនសិន ដោយសរសេរនៅលើបង្អួច terminal នៅក្នុងថតសំរាប់កម្មវិធីថ្មីរបស់យើងថា៖
myvenv\Scripts\activate
ជាចុងក្រោយ ដើម្បីទាញយកនិងតំលើងកញ្ចប់ Django នៅក្នុងបរិដ្ឋានសិប្បនិមិត្តថ្មីរបស់យើង ដែលកំពុងតែមានសកម្មភាព យើងគ្រាន់តែសរសេរនៅលើបង្អួច terminal ថា៖
python -m pip install Django
បើអ្វីៗបានដំណើរការទៅដោយរលូន កញ្ចប់ Django នឹងត្រូវបានទាញយកនិងដំំលើងទុកនៅក្នុងបរិដ្ឋានសិប្បនិមិត្តថ្មីរបស់យើងជាស្វ័យប្រវិត្តិ៕