កម្មវិធីជាភាសា PHP ក៏ដូចជាកម្មវិធីជាភាសា JS នៅលើ browser ដែរ គឺសុទ្ធតែអាចដំណើរការនៅលើទំព័រ HTML ។ ក៏ប៉ុន្តែ ភាពខុសគ្នារវាងភាសាទាំងពីរនេះគឺថា កម្មវិធីជាភាសា PHP ដំណើរការនៅលើ server ។ ពោលគឺនៅពេលដែលមានសំណើរសុំបើកទំព័រណាមួយ server នឹងស្រង់យកឯកសារដែលជាទំព័រនោះពីមូលដ្ឋានទិន្នន័យនៅលើ server ហើយបញ្ជូនឯកសារនោះទៅអោយផ្នែកទន់បកប្រែភាសា PHP (Interpreter) អនុវត្តបញ្ជាជាភាសា PHP ទាំងឡាយដែលមាននៅក្នុងឯកសារនោះ រួចបកប្រែអោយទៅជាភាសា HTML ដើម្បីបញ្ជូនអោយទៅ browser របស់ client ដែលនឹងបកប្រែជាបន្តទៀតពីភាសា HTML អោយទៅជាអត្ថបទព័ត៌មានធម្មតាបង្ហាញនៅលើផ្ទៃ browser ។
យ៉ាងណាម៉ិញ ដើម្បីអោយផ្នែកទន់បកប្រែភាសា PHP អាចអនុវត្តបញ្ជាជាភាសា PHP ទាំងឡាយមាននៅក្នុងទំព័រ HTML ណាមួយបាន យើងចាំបាច់ត្រូវរក្សាទំព័រ នោះទុកជាឯកសារប្រភេទជា PHP ឧទាហរណ៍ដូចជា Main.php ជាដើម និងសរសេរកូដដូចខាងក្រោមនេះ៖
<html>
<hea>
<link href='https://fonts.googleapis.com/css?family=Odor+Mean+Chey' rel='stylesheet'>
</hea>
<body style="font:14px/1.5 'Odor Mean Chey'">
<?php
echo "កម្មវិធីជាភាសា PHP ជាអប្បបរិមា។";
?>
</body>
</html>
ដោយហេតុថា រហូតមកពេលនេះ យើងបានសិក្សាពីភាសាសរសេរកម្មវិធីកំព្យូទ័រជាច្រើនរួចមកហើយ ដូចនេះចំពោះភាសា PHP គឺគ្មានអ្វីប្លែកសំរាប់យើងឡើយ ពីព្រោះភាសាសរសេរកម្មវិធីទាំងអស់មានភាពស្រដៀងគ្នាច្រើនណាស់។
នៅក្នុងភាសា PHP ឈ្មោះរបស់អថេរទាំងឡាយត្រូវមានសញ្ញា $ នៅខាងមុខដូចជា $name, $sale, $width ជាដើម។ ហើយការបង្កើតអថេរផ្សេងៗ ត្រូវធ្វើដូចខាងក្រោមនេះ៖
<!DOCTYPE html>
<html>
<hea>
<link href='https://fonts.googleapis.com/css?family=Odor+Mean+Chey' rel='stylesheet'>
</hea>
<body style="font:14px/1.5 'Odor Mean Chey'">
<?php
$width = 9000;
$height = 800;
//គណនារកក្រឡាផ្ទៃចតុកោណ
echo "ក្រឡាផ្ទៃចតុកោណគឺ៖ ".($width * $height);
?>
</body>
</html>
ឈ្មោះរបស់អថេរនៅក្នុងភាសា PHP ក៏មិនខុសពីឈ្មោះរបស់អថេរនៅក្នុងភាសាផ្សេងៗទៀតដែរ ពោលគឺឈ្មោះទាំងនោះត្រូវតែចាប់ផ្តើមដោយតួអក្សរមិនមែនជាលេខ និងគ្មានអក្សរដកឃ្លានៅក្នុងនោះ។ ឈ្មោះជាអក្សរធំ ខុសពីឈ្មោះជាអក្សរតូច (case sensitive) ដូចជា $name ខុសពី $NAME ។ ម៉្យាងទៀត ឈ្មោះទាំងនោះត្រូវតែខុសពីពាក្យពិសេសមួយចំនូននៅក្នុងភាសា PHP ។
មួយវិញទៀត ការធ្វើកំណតពន្យល់នៅក្នុងភាសា PHP គឺដូចគ្នាបេះបិទទៅការធ្វើកំណត់ពន្យល់នៅក្នុងភាសា JS ។ ជាក់ស្តែង សញ្ញា // ប្រើសំរាប់ធ្វើកំណត់ពន្យល់មួយបន្ទាត់ ចំណែកឯសញ្ញា /* */ នេះវិញ ត្រូវប្រើសំរាប់ធ្វើកំណត់ពន្យល់មានច្រើនបន្ទាត់។
ក៏ប៉ុន្តែ អ្វីដែលប្លែកសំរាប់អ្នកមកពីភាសា JS គឺថា ការភ្ជាប់ប្រយោគនានា ត្រូវធ្វើឡើងដោយប្រមាណសញ្ញាចុច មិនមែនជាប្រមាណសញ្ញាបូកឡើយ។ ហើយការសរសេរបង្ហាញព័ត៌មានទាំងឡាយ ត្រូវបានធ្វើឡើងដោយក្បួនឈ្មោះ echo ៕