ជាទូទៅ ដែលហៅថា server គឺជាកំព្យូទ័រយក្សរបស់ក្រុមហ៊ុនធំៗមួយចំនួននៅលើបណ្តាញ Internet ដែលមានសម្ថភាពអាចផ្តល់សេវាផ្សេងៗ អោយដល់បណ្តាអ្នកប្រើប្រាស់កំព្យូទ័រនិងឬទូរស័ព្ទដៃចំនួនរាប់លានអ្នកនៅជុំវិញពិភពលោក។ ឧទាហរណ៍ ដូចជា server របស់ក្រុមហ៊ុន Facebook ជាដើមដែលជាកំព្យូទ័រយក្សអាចបំរើសេវាបណ្តាញសង្គមអោយមនុស្សរាប់លាននាក់នៅលើផែនដីយើងនេះ។
ចំណែកឯកំព្យូទ័រឬទូរស័ព្ទដៃរបស់អ្នកទាំងឡាយ ដែលទទួលបានសេវាផ្សេងៗពីក្រុមហ៊ុនធំៗទាំងនោះវិញ ត្រូវគេហៅថាជា client ដែលអាចភ្ជាប់ទំនាក់ទំនងទៅនឹង server បាន តាមរយៈ browser របស់ពួកគេ។ អាស្រ័យហេតុនេះហើយ បាននៅពេលខ្លះពាក្យថា client នេះ ក៏មានន័យថាជា browser របស់អ្នកប្រើប្រាស់ផងដែរ។
មួយវិញទៀត បណ្តាកម្មវិធីកំព្យូទ័រទាំងឡាយណាដែលដំណើរការនៅលើ server ត្រូវគេហៅថាជា web application ដែលជាភាសាខ្មែរ យើងអាចបកប្រែថាជា កម្មវិធីគេហទំព័រ ។ ជាទូទៅ web application ឬកម្មវិធីគេហទំព័រតែងតែផ្តល់លទ្ធផលជាព័ត៌មានផ្សេងៗ ដែលត្រូវបញ្ជូនទៅកាន់ browser របស់ client ក្នុងគោលបំណងសរសេរបង្ហាញព៏ត៌មានទាំងនោះនៅលើ browser របស់ client ។

ម៉្យាងទៀត មានភាសាជាច្រើនដែលត្រូវគេយកមកប្រើប្រាស់ក្នុងការសរសេររៀបចំបង្កើតកម្មវិធីគេហទំព័រទាំងពួង មានដូចជា PHP, Node.js, Ruby, និង Python ជាដើម។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ភាសាដែលគេនិយមជាងគេគឺ PHP ហើយនៅលើស្ទើរគ្រប់ server ទាំងអស់នៅជុំវិញពិភពលោក សុទ្ធតែមានផ្នែកទន់នៃភាសា PHP នេះនៅលើប្រព័ន្ធរបស់គេរួចជាស្រច។
ក៏ប៉ុន្តែ នៅក្នុងការសិក្សារៀនសូត្រប្រើប្រាស់ភាសា PHP នេះ ក្នុងការសរសេរកម្មវិធីគេហទំព័រ យើងមិនចាំបាច់ប្រើប្រាស់ server នៅលើបណ្តាញ Internet ទាំងនោះឡើយ។ លើសពីនេះទៀត យើងត្រូវបង់ប្រាក់ ទើបអាចប្រើប្រាស់ server នៅលើបណ្តាញទាំងនោះបាន។ ផ្ទុយទៅវិញ យើងអាចកែច្នៃកំព្យូទ័រផ្ទាល់ខ្លួនរបស់យើង អោយទៅជា server ដ៏តូចមួយបាន និងប្រើប្រាស់ browser របស់យើងជា client នៅក្នុងទំនាក់ទំនងជាមួយនឹង server នេះ។
យ៉ាងណាម៉ិញ ដើម្បីបង្កើត server ដែលជាកំព្យូទ័រផ្ទាល់ខ្លួនរបស់យើង យើងអាចទាញយកនិងតំលើងកម្មវិធី XAMPP ដោយចូលទៅកាន់គេហទំព័រនេះ https://www.apachefriends.org/index.html ។
ក្រោយពីតំលើងកម្មវិធី XAMPP ប្រកបដោយជោគជ័យរួចហើយ យើងអាចដំណើរការកម្មវិធី Apache បង្កើត server ដែលជាកំព្យូទ័ររបស់យើងបាន ដោយគ្រាន់តែចុចបើកកម្មវិធី XAMPP និងចុចប៊ូតុង start ដូចនៅក្នុងរូបខាងក្រោមនេះ៖

បន្ទាប់មកទៀត យើងអាចទាញយកនិងតំលើងកម្មវិធី Visual Studio Code របស់ក្រុមហ៊ុន Microsoft ដើម្បីយកមកប្រើប្រាស់សំរាប់សរសេរកូដជាភាសា PHP ទាំងឡាយ ដោយចូលទៅកាន់គេហទំព័រនេះ https://code.visualstudio.com/download ។
លុះមានអ្វីៗគ្រប់សព្វអស់ហើយ យើងអាចចុចដំណើរការកម្មវិធី Visual Studio Code ព្រមទាំងបង្កើតឯកសារថ្មីមួយ ដោយសរសេរកូដជាភាសា PHP ដ៏តូចមួយនៅក្នុងនោះថា៖
<!--php
echo "ស្វាគមន៍មកកាន់កម្មវិធី PHP!";
?-->
បន្ទាប់មកទៀតដើម្បីដំណើរការកម្មវិធីខាងលើនេះ យើងចាំបាច់ត្រូវរក្សាវាទុកនៅក្នុងថត C:\xampp\htdocs\ ដោយដាក់ឈ្មោះថាអ្វីមួយ មានដូចជា myapp.php ជាដើម រួចបើក browser ចូលទៅកាន់គេហទំព័រដែលមានអាស័យដ្ឋានជា http://localhost/myapp.php យើងនឹងឃើញលទ្ធផលដូចក្នុងរូបខាងក្រោមនេះ៖
