បណ្តុំទិន្នន័យ (collection) នៅក្នុងមូលដ្ឋានទិន្នន័យ MongoDB មានលក្ខណៈស្រដៀងនឹងតារាងទិន្នន័យនៅក្នុងមូលដ្ឋានទិន្នន័យ MySQL ដែរ ក៏ប៉ុន្តែភាពខុសគ្នាស្ថិតនៅត្រង់ថា បណ្តុំទិន្នន័យ MongoDB ត្រូវបានប្រើប្រាស់សំរាប់តែរក្សានូវទិន្នន័យទាំងឡាយណាដែលមានលក្ខណៈជាវត្ថុ JSON តែប៉ុណ្ណោះ។ ចំណែកឯតារាង MySQL វិញត្រូវបានប្រើប្រាស់សំរាប់រក្សាទុកទិន្នន័យផ្សេងៗស្ថិតក្នុងប្រភេទដ៏ច្បាស់លាស់ ដែលត្រូវបានកំណត់ទុកជាមុន។ អាស្រ័យហេតុនេះ ទិន្នន័យដែលមានប្រភេទខុសពីប្រភេទដែលត្រូវបានកំណត់នៅក្នុងតារាង MySQL នឹងមិនអាចត្រូវបញ្ចូលទៅក្នុងតារាងនោះបានឡើយ។ ចំពោះបណ្តុំទិន្នន័យ MongoDB វិញ ក្រោយពីត្រូវបានបង្កើតរួចហើយ អាចត្រូវយកទៅប្រើប្រាស់សំរាប់រក្សាទុកនូវទិន្នន័យប្រភេទណាក៏បានដែរ អោយតែទិន្នន័យទាំងនោះមានទំរង់ជាវត្ថុ JSON ។
យ៉ាងណាម៉ីញ ដើម្បីបង្កើតបណ្តុំទិន្នន័យ MongoDB យើងចាំបាច់ត្រូវធ្វើដូចខាងក្រោមនេះ៖
var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
MongoClient.connect(url, {useUnifiedTopology:true }, function(err, db) {
if (err) throw err;
var dbo = db.db("mydb");
dbo.createCollection("customers", function(err, res) {
if (err) throw err;
console.log("បណ្តុំទិន្នន័យត្រូវបានបង្កើត!");
db.close();
});
});
នៅលើបន្ទាត់លេខ 2 ការសរសេរថា var url = "mongodb://localhost:27017/"; គឺជាការរៀបចំតំណរភ្ជាប់ទៅកាន់មូលដ្ឋានទិន្នន័យ MongoDB ។
នៅលើបន្ទាត់លេខ 6 ការសរសេរថា var dbo = db.db("mydb"); គឺជាការតភ្ជាប់ទៅនឹងមូលដ្ឋានទិន្នន័យដាច់ដោយឡែកមួយមានឈ្មោះថា mydb នៅក្នុងមូលដ្ឋានទិន្នន័យ MongoDB ។
នៅលើបន្ទាត់លេខ 7 ការសរសេរថា dbo.createCollection("customers", function(err, res) { គឺជាការបង្កើតបណ្តុំទិន្នន័យមួយមានឈ្មោះថា customers នៅក្នុងមូលដ្ឋានទិន្នន័យ mydb ៕