នៅក្នុងការសរសេរកម្មវិធីជាភាសា JavaScript ដែលអាចដំណើរការនៅក្នុងកំព្យូទ័រនៅលើបណ្តាញដែលគេហៅថាជា server បាននោះ យើងអាចប្រើប្រាស់កម្មវិធីឬផ្នែកទន់មួយ មានឈ្មោះថា Node.js ដែលជាផ្នែកទន់បើកទូលាយ អនុញ្ញាតអោយយើងអាចយកមកប្រើប្រាស់បានតាមសេចក្តីត្រូវការ។
ជាទូទៅ បណ្តាកម្មវិធី JavaScript ទាំងឡាយណាដែលត្រូវបានបង្កើតឡើង ដោយឈរនៅលើមូលដ្ឋាននៃផ្នែកទន់ Node.js មាននាទីបញ្ជូនឯកសារផ្សេងៗពី server ទៅកាន់កំព្យូទ័រ ទូរស័ព្ទដៃ ឬឧបករណ៍ tablet របស់អ្នកប្រើប្រាស់ ដែលបានចុចនេះចុចនោះ ដើម្បីពិនិត្យមើលឬអានឯកសារទាំងឡាយដែលមាននៅលើ server ។
ក៏ប៉ុន្តែ លក្ខណពិសេសរបស់បណ្តាកម្មវិធីដែលឈរលើមូលដ្ឋាននៃផ្នែកទន់ Node.js គឺក្រោយពីបញ្ជូនព័ត៌មានដែលជាការចុចនេះចុចនោះរបស់អ្នកប្រើប្រាស់ទៅកាន់ server រួចហើយ កម្មវិធីទាំងនោះនឹងមិនរង់ចាំទទួលយកឯកសារពី server មកវិញដើម្បីបញ្ជូនអោយទៅអ្នកប្រើប្រាស់វិញឡើយ ពោលគឺវានឹងទទួលយកព័ត៌មានថ្មីៗទៀតពីអ្នកប្រើប្រាស់ សំរាប់បញ្ជូនទៅ server ជាបន្តបន្ទាប់។ លក្ខណៈនេះបានធ្វើអោយកម្មវិធី Node.js ទាំងឡាយខុសប្លែកពីកម្មវិធីជាភាសា PHP និងជាភាសា ASP ។
យ៉ាងណាម៉ិញ ជាទូទៅមុននឹងបង្កើតកម្មវិធីផ្សេងៗដែលអាចដំណើរការនៅ server បាននោះ គេតែងតែបង្កើតនឹងសាកល្បងកម្មវិធីទាំងនោះនៅក្រៅបណ្តាញជាមុនសិន ដោយទាញយកនិងតំឡើងកម្មវិធី Node.js នៅក្នុងបណ្តាកំព្យូទ័រផ្ទាល់ខ្លួនឬកំព្រូទ័រទាំងឡាយនៅក្រៅបណ្តាញ។
ដើម្បីទាញយកនិងតំលើងកម្មវិធី Node.js នៅក្នុងកំព្យូទ័ររបស់យើង យើងអាចចូលទៅតាមអាស័យដ្ឋាននេះ https://nodejs.org ។
បន្ទាប់ពីតំឡើងកម្មវិធី Node.js រួចហើយ យើងចាំបាច់ត្រូវប្រើប្រាស់ផ្នែកទន់សំរាប់សរសេរកម្មវិធីកំព្យូទ័រណាមួយ ដែលជាភាសាអង់គ្លេសគេហៅថា Integrated Development Environment (IDE) សំរាប់សរសេរកម្មវិធីជាភាសា JavaScript របស់យើង ដែលនឹងអាចដំណើរការនៅលើបណ្តាញ Internet ។
នៅក្នុងចំណោម IDE ដ៏ល្បីៗទាំងឡាយ Notepad++ ត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក សំរាប់សរសេរកម្មវិធីកំព្យូទ័រជាច្រើនប្រភេទ រាប់ទាំងកម្មវិធីជាភាសា JavaScript ផងដែរ។ យើងអាចទាញយកកម្មវិធី Notepad++ ពីអាស័យដ្ឋាននេះ https://notepad-plus-plus.org/downloads/ ។
បន្ទាប់មកទៀត យើងអាចសាកល្បងប្រើប្រាស់ផ្នែកទន់ Notepad++ សំរាប់សរសេរកម្មវិធីនៅលើបណ្តាញដោយឈរលើមូលដ្ឋាន Node.js ដំបូងបំផុតរបស់យើង ដោយធ្វើដូចខាងក្រោមនេះ៖
var http = require('http');
http.createServer(function (req, res) {
res.writeHead(200, {'Content-Type': 'text/html'});
res.end('កម្មវិធី Node.js');
}).listen(8080);