ក្រៅ​ពី​មូលដ្ឋាន​ទិន្នន័យ MySQL នៅ​មាន​មូលដ្ឋាន​ទិន្នន័យ MongoDB មួយទៀត​ដែល​កំពុង​ពេញ​និយម និង​ត្រូវ​បាន​គេទៅ​ប្រើ​នៅ​ទូទាំងពិភពលោក​។ បើ​ប្រៀបធៀប​ទៅ​នឹង​ MySQL មូលដ្ឋាន​ទិន្នន័យ MongoDB មាន​លក្ខណៈ​ងាយ​ស្រួល​ប្រើ​​ជាទីបំផុត ជាពិសេស​សំរាប់​បណ្តា​អ្នក​សរសេរ​កម្មវិធី​ Node.js ព្រោះ​មូលដ្ឋាន​ទិន្នន័យ​ចុង​ក្រោយ​នេះ មិន​ទាមទារ​អោយ​យើង​ប្រើប្រាស់​ភាសា SQL ក្នុង​ការបញ្ចេញបញ្ចូល​​និងឬ​កែប្រែ​ទិន្នន័យ​ឡើយ​។ ពោលគឺ​រាល់​ទិន្នន័យ​ដែល​ត្រូវ​រក្សាទុកនៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ MongoDB មាន​សណ្ឋាន​ជា​វត្ថុ JSON សុទ្ធសាទ​។

 

ដើម្បី​អាច​ប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ MongoDB បាន យើង​ចាំបាច់​ត្រូវ​ទាញ​យក​ផ្នែកទន់ MongoDB មកតំលើង​នៅ​ក្នុង​កំព្យូទ័រ​របស់​យើង ដោយ​ចូល​ទៅកាន់អាស័យដ្ឋាននេះ https://www.mongodb.com/download-center/community ។

 

ក្រោយ​ពី​តំលើង​ផ្នែកទន់ MongoDB យើង​ចាំបាច់​ត្រូវ​តំឡើង​សាស្ត្រា mongodb មួយ​ទៀត សំរាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​កម្មវិធី Node.js ទៅ​នឹង​មូលដ្ឋាន​ទិន្នន័យ MongoDB ។ ហើយ​ដើម្បី​តំលើង​សាស្ត្រា mongodb នេះ យើង​គ្រាន់​តែ​សរសេរថា npm install mongodb នៅ​លើ​បង្អួច​ខ្មៅ​គឺ​ជាការស្រេច​។

 

បន្ទាប់មកទៀត ដើម្បី​បង្កើតមូលដ្ឋានទិន្នន័យ​​​ដាច់​ដោយ​ឡែក​មួយ នៅក្នុង​មូលដ្ឋាន​ទិន្នន័យ MongoDB យើង​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/mydb";
 
MongoClient.connect(url, {useUnifiedTopology:true}, function(err, db){
  if (err) throw err;
  console.log("មូលដ្ឋាន​ទិន្នន័យ​ត្រូវ​បាន​បង្កើត!");
  db.close();
});

 

នៅ​លើ​បន្ទាត់​លេខ 1 ការសរសេរ​ថា var MongoClient = require('mongodb').MongoClient; គឺ​ជាការ​យក​ក្បួន​ខ្នាត​នៅ​ក្នុង​សាស្ត្រា mongodb មកប្រើប្រាស់​ ក្នុង​គោលបំណងភ្ជាប់​ទំនាក់ទំនង​រវាងកម្មវិធី Node.js និងមូលដ្ឋាន​ទិន្នន័យ MongoDB ។

 

នៅ​លើ​បន្ទាត់​លេខ 2 ការសរសេរថា var url = "mongodb://localhost:27017/mydb"; គឺ​ជារៀបចំ​បង្កើត​មូលដ្ឋាន​ទិន្នន័យ​ដាច់​ដោយ​ឡែកមួយ​មាន​ឈ្មោះថា mydb នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ MongoDB ។

 

នៅ​លើ​បន្ទាត់លេខ 4 ការសរសេរ​ថា MongoClient.connect(url, {useUnifiedTopology:true}, function(err, db){ គឺជាការបង្កើត​និង​តភ្ជាប់​ទៅ​នឹងមូលដ្ឋាន​ទិន្នន័យ​ដាច់​ដោយ​ឡែក​មាន​ឈ្មោះ​ថា mydb នៅ​ក្នុងមូលដ្ឋាន​ទិន្នន័យ MongoDB ។

 

នៅ​លើ​បន្ទាត់​លេខ 7 ការសរសេរ​ថា db.close(); គឺ​ជាការបិទ​មូលដ្ឋាន​ទិន្នន័យ​ឈ្មោះ mydb ដែល​ទើប​នឹងត្រូវ​បាន​បង្កើត​ថ្មី​នោះ​៕