នៅ​ក្នុង​​មូលដ្ឋាន​ទិន្នន័យ MongoDB ទិន្នន័យ​ទាំងឡាយ​មាន​ប្រភេទ​ជា ​សំណុំ​ (associative array) នៅ​ក្នុង​ភាសា JavaScript ដែល​​ជាទូទៅ​គេ​តែង​អោយ​ឈ្មោះ​ថា​ជា​វត្ថុ JSON ។ ដូចនេះ​ ដើម្បី​បញ្ចូល​ទិន្នន័យ​ផ្សេង​ៗ​ទៅក្នុង​មូលដ្ឋាន​ទិន្នន័យ MongoDB យើង​ចាំបាច់​ត្រូវ​​កែច្នៃ​ទិន្នន័យ​ទាំងនោះ អោយ​ទៅ​ជា​វត្ថុ​មានប្រភេទ​ជា​សំណុំជាមុន​សិន​។

 

មួយវិញទៀត សំណុំ​​ទិន្នន័យ​ទាំងឡាយ​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​បណ្តុំទិន្នន័យ​នៅ​ក្នុងមូលដ្ឋាន​ទិន្នន័យ MongoDB ត្រូវ​គេ​អោយ​ឈ្មោះ​ថា​ជា ឯកសារ (document) ដែល​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ MySQL គេ​តែង​ហៅ​ថា​ជាក្រឡាដេក (row ឬ record) ។ ពិនិត្យកម្មវិធី​ខាង​ក្រោមនេះ៖

 

var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
 
MongoClient.connect(url, {useUnifiedTopology:true }, function(err, db) {
  if (err) throw err;
  var dbo = db.db("mydb");
  var myobj = {ឈ្មោះ:"ក្រុមហ៊ុន​ទំនិញ​ខ្មែរ", អាស័យដ្ឋាន:"ផ្លូវ​លេខ ៧៧"};
  dbo.collection("customers").insertOne(myobj, function(err, res) {
    if (err) throw err;
    console.log("ឯកសារ​ចំនួន ១ ត្រូវ​បាន​បញ្ជូល!");
    db.close();
  });
});

 

 

នៅ​លើ​បន្ទាត់លេខ 7 ការសរសេរ​ថា var myobj = {ឈ្មោះ:"ក្រុមហ៊ុន​ទំនិញ​ខ្មែរ", អាស័យដ្ឋាន:"ផ្លូវ​លេខ ៧៧"}; គឺ​ជាការបង្កើត​សំណុំ​ទិន្នន័យ​មួយ​ ដែល​ជា​ឯកសារ​ត្រូវ​បញ្ចូល​ទៅ​ក្នុងមូលដ្ឋាន​ទិន្នន័យ MongoDB ។

 

នៅ​លើ​បន្ទាត់លេខ 8 ការសរសេរ​ថា dbo.collection("customers").insertOne(myobj, function(err, res) { គឺ​ជាការបញ្ជូល​ទិន្នន័យ​ដែល​ជា​ឯកសារ​ឈ្មោះ myobj ទៅ​ក្នុង​បណ្តុំ​ទិន្នន័យ customers នៃ​មូលដ្ឋាន​ទិន្នន័យ mydb ។

 

លើសពី​នេះ​ទៀត បើសិនជា​យើងចង់បញ្ចូល​ទិន្នន័យ​​ជា​ច្រើន​ឯកសារ​ចូល​ទៅ​ក្នុង​បណ្តុំទិន្នន័យ​នៅ​ក្នុងមូលដ្ឋាន​ទិន្នន័យ MongoDB យើង​ត្រូវ​ចាំបាច់​ត្រូវ​ប្រើប្រាស់​វិធី​ឈ្មោះ insertMany() ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

var MongoClient = require('mongodb').MongoClient;
var url = "mongodb://localhost:27017/";
 
MongoClient.connect(url, {useUnifiedTopology:true}, function(err, db){
  if (err) throw err;
  var dbo = db.db("mydb");
  
  var myobj = [
    {ឈ្មោះ:'សុខាវុធ',អាស័យដ្ឋាន:'ផ្លូវ​លេខ​ ១៧'},
    {ឈ្មោះ:'នីរ័ត្ន',អាស័យដ្ឋាន:'ផ្លូវ​លេខ ១៦'},
    {ឈ្មោះ:'សុវណ្ណ',អាស័យដ្ឋាន:'ផ្លូវ​លេខ ១៩'},
    {ឈ្មោះ:'ផល្លា',អាស័យដ្ឋាន:'ផ្លូវលេខ ២០'},
    {ឈ្មោះ:'សុគន្ធ',អាស័យដ្ឋាន:'ផ្លូវ​លេខ ២១'}
  ];
  
  dbo.collection("customers").insertMany(myobj, function(err, res){
    if (err) throw err;
    console.log("ចំនួនឯកសារដែល​ត្រូវ​បានបញ្ចូល: " + res.insertedCount);
    db.close();
  });
});

 

ចាប់ពីបន្ទាត់​លេខ 8 ដល់​ បន្ទាត់លេខ 14 គឺ​ជាការបង្កើត​កំរង​​នៃ​សំណុំទិន្នន័យ​មួយ​មានឈ្មោះថា myobj ដែល​នឹង​ត្រូវ​យក​ទៅ​បញ្ជូលទៅ​ក្នុង​មូលដ្ឋានទិន្នន័យ MongoDB ។

 

នៅ​លើ​បន្ទាត់លេខ 16 ការសរសេរ​ថា dbo.collection("customers").insertMany(myobj, function(err, res){ គឺ​ជា​បញ្ចូល​កំរង​ទិន្នន័យ​ឈ្មោះ​ថា myobj ចូល​ទៅ​ក្នុង​បណ្តុំ​ទិន្នន័យ customers នៃ​មូលដ្ឋាន​ទិន្នន័យ mydb ៕