Object គឺ​ជា​ថ្នាក់​មាន​ស្រាប់ ដែល​ត្រូវបានបង្កើតឡើង​រួច​ជា​ស្រេច​ ទុក​នៅ​ក្នុង​ដែនកំណត់​មាន​ស្រាប់​ជាមួយ​នឹង​វត្ថុ​មួយ​ចំនួន​ទៀត​។ ដូចនេះ​ យើង​អាច​យក​ថ្នាក់​ Object នេះ​ទៅ​ប្រើ​នៅ​ទីណា​ក៏​បាន​ដែរ​។

 

នៅ​ក្នុង​ភាសា JS ដែល​ហៅ​ថា វត្ថុ (object) គឺ​ជា​អ្វី​ៗ​ទាំងឡាយ​ណា​ដែល​សិស្ស​របស់​ថ្នាក់​ណា​មួយ​។ ដូចនេះ​អ្វី​ទាំងអស់​នៅ​ក្នុង​ភាសា JS សុទ្ធសឹង​តែ​ជា​វត្ថុ​លើក​លែង​តែ​ទិន្នន័យ​ដើម​ដែល​ជា​លេខ​និង​តក្កអថេរ​តែ​ប៉ុណ្ណោះ​ដែល​មិន​មែន​ជា​វត្ថុ​។

 

ដោយឡែក គ្រប់​វត្ថុ​ដែល​មាន​ប្រភេទ​​ជា​សំណុំ​ទាំងអស់ គឺ​ជា​សិស្ស​នៃ​ថ្នាក់​ Object ទោះបី​​ជា​វត្ថុ​ទាំងនោះ​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​គ្មាន​បាន​យក​ថ្នាក់​ Object ​​មក​ប្រើ​ជាមួយ​នឹង​ប្រមាណ​សញ្ញា new ក៏​ដោយ​។ ក៏​ប៉ុន្តែ​យើង​ក៏​អាច​យក​ថ្នាក់​មាន​ស្រាប់​​ Object នេះ មក​ប្រើ​ជាមួយ​នឹង​ប្រមាណ​សញ្ញា new ​ដើម្បី​បង្កើត​វត្ថុ​ដែល​ជា​សំណុំ​បាន​ដែរ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

//ការបង្កើត​សំណុំ​មួយ​ដោយ​យក​ថ្នាក់ Object មកប្រើ
var dimension = new Object();
dimension.width = 35;
dimension.height = 40;
dimension.depth = 25;
 
console.log("width: "+dimension.width);
console.log("height: "+dimension.height);
console.log("depth: "+dimension.depth);

 

នៅលើ​បន្ទាត់​លេខ 2 ការសរសេរ​ថា var dimension = new Object(); គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​បង្កើត​វត្ថុ​មាន​ប្រភេទ​ជា​សំណុំ​​ឈ្មោះ dimension មួយ ដោយ​យក​ថ្នាក់​មាន​ស្រាប់​ Object មក​ប្រើ​ជាមួយ​នឹង​ប្រមាណ​សញ្ញា new ។

 

នៅ​ក្នុង​ថ្នាក់ Object មាន​វិធី​សំខាន់​ៗ​ចំនួន ៣ ដែល​យើង​អាច​យក​មក​ប្រើ​ក្នុង​ការកែប្រែ​ធាតុគូ​នៅ​ក្នុង​សំណុំ​អោយ​ទៅ​ជា​កំរង​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

//ការបង្កើត​សំណុំ​មួយ​ដោយ​យក​ថ្នាក់ Object មកប្រើ
var dimension = new Object();
dimension.width = 35;
dimension.height = 40;
dimension.depth = 25;
 
console.log(Object.keys(dimension));
console.log(Object.values(dimension));
console.log(Object.entries(dimension));

 

នៅ​លើ​បន្ទាត់​លេខ 7 ការសរសេរ​ថា Object.keys(dimension) គឺ​ជា​ការ​យក​វិធី​ឈ្មោះ keys ក្នុង​ថ្នាក់ Object មក​ប្រើ​ដើម្បី​ចំលង​យក​ផ្លាក​នៅ​ក្នុង​សំណុំ​ឈ្មោះ dimension មក​បង្កើត​ជា​កំរង​ថ្មី​មួយ​។

 

នៅ​លើ​បន្ទាត់​លេខ 8 ការសរសេរ​ថា Object.values(dimension) គឺ​ជា​ការ​យក​វិធី​ឈ្មោះ values ក្នុង​ថ្នាក់ Object មក​ប្រើ​ដើម្បី​ចំលង​យក​តំលៃ​នៅ​ជាប់​នឹង​ផ្លាក​នានា​នៅ​ក្នុង​សំណុំ​ឈ្មោះ dimension មក​បង្កើត​ជា​កំរង​ថ្មី​មួយ​។

 

នៅ​លើ​បន្ទាត់​លេខ 9 ការសរសេរ​ថា Object.entries(dimension) គឺ​ជា​ការ​យក​វិធី​ឈ្មោះ entries ក្នុង​ថ្នាក់ Object មក​ប្រើ​ដើម្បី​ចំលង​យក​ធាតុគូ​នៅ​ក្នុង​សំណុំ​ឈ្មោះ dimension មក​បង្កើត​ជា​កំរង​ថ្មី​មួយ​ដែល​មាន​ធាតុ​ជា​កំរង​នៃ​ធាតុគូ​និមួយ​ៗ៕