ក្បួន (function) គឺជាវត្ថុដែលជាកន្លែងមួយនៅក្នុងសតិរបស់កំព្យូទ័រ ប្រើសម្រាប់កត់ត្រាទុកនូវបញ្ជាមួយចំនួន ដែលទាក់ទងគ្នាក្នុងការដោះស្រាយកូនបញ្ហាណាមួយ។ ដើម្បីបង្កើតក្បួន យើងត្រូវធ្វើដូចខាងក្រោមនេះ៖
//ការបង្កើតវត្ថុជាក្បួនមួយមានឈ្មោះថា «displayProfit»
function displayProfit(){
var sale = 1000;
var purchase = 900;
var profit = sale - purchase;
console.log('ប្រាក់ចំណេញទាំងអស់គឺ '+profit);
}
នៅលើបន្ទាត់លេខ 2 ការសរសេរថា function displayProfit() គឺជាបញ្ជាតម្រូវឲ្យបង្កើតវត្ថុ ដែលជាក្បួនមួយមានឈ្មោះថា displayProfit ដើម្បីកត់ត្រាទុកក្រុមបញ្ជានៅក្នុងបញ្ជា function នោះ នៅកន្លែងណាមួយ នៅក្នុងសតិរបស់កំព្យូទ័រ។
ម៉្យាងទៀតនៅក្នុងកម្មវិធីខាងលើ នៅលើបន្ទាត់ដែលមានបញ្ជា function នៅទីនោះ ត្រូវគេចាត់ទុកថាជា ក្បាលក្បួន (function header) ចំណែកឯក្រុមបញ្ជានៅក្នុងបញ្ជា function នោះវិញ ត្រូវគេចាត់ទុកថាជា តួក្បួន (function body) ។ បើនិយាយពីឈ្មោះរបស់ក្បួនវិញ វាក៏ជាឈ្មោះរបស់វត្ថុមួយ ដូចជាឈ្មោះរបស់វត្ថុផ្សេងៗទៀតនៅក្នុងភាសា JavaScript ដែរ។ ដូចនេះការបង្កើតឈ្មោះសម្រាប់ក្បួន ត្រូវតែគោរពទៅតាមក្បួនច្បាប់នៃការបង្កើតឈ្មោះ នៅក្នុងភាសា JavaScript ។
នៅក្នុងកម្មវិធីខាងលើ នៅពេលដែលបញ្ជា function ត្រូវបានយកទៅអនុវត្ត វត្ថុមួយមានឈ្មោះថា displayProfit ត្រូវបានបង្កើតឡើងសម្រាប់កត់ត្រាទុកក្រុមបញ្ជានៅក្នុងបញ្ជា function នោះ។ ទន្ទឹមនឹងនេះ យើងត្រូវធ្វើការកត់សម្គាល់ថា ក្រុមបញ្ជាដែលជាតួក្បួន មិនបានត្រូវយកទៅអនុវត្តទេ គឺវាគ្រាន់តែត្រូវបានកត់ត្រាទុកមួយអន្លើតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះហើយបានជាយើងមិនឃើញមានអ្វីកើតឡើងទេ នៅពេលដែលក្បួនឈ្មោះ រកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងនោះ។ ដោយក្រុមបញ្ជានៅក្នុងក្បួនមិនទាន់ត្រូវបានយកទៅអនុវត្ត នៅពេលក្បួនត្រូវបានបង្កើត ដូចនេះនៅពេលបង្កើតក្បួន បញ្ជាទាំងនោះមានលក្ខណៈជាគម្រោងការ។
ដោយក្បួនក៏ជាវត្ថុមួយដូចជាវត្ថុដទៃទៀតដែរ ដូចនេះយើងអាចយកឈ្មោះរបស់ក្បួនទៅភ្ជាប់នឹងវត្ថុផ្សេងៗទៀតបានតាមចិត្ត។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការបង្កើតវត្ថុជាក្បួនមួយមានឈ្មោះថា «displayProfit»
function displayProfit(){
var sale = 1000;
var purchase = 900;
var profit = sale - purchase;
console.log('ប្រាក់ចំណេញទាំងអស់គឺ '+profit);
}
//ការយកឈ្មោះរបស់ក្បួន displayProfit ទៅភ្ជាប់នឹងវត្ថុផ្សេង
displayProfit = 1.33;
console.log('ឈ្មោះ displayProfit គឺជាៈ ' + displayProfit);
នៅលើបន្ទាត់លេខ 10 ការសរសេរថា displayProfit = 1.33; គឺជាបញ្ជាតម្រូវឲ្យយកឈ្មោះ displayProfit របស់ក្បួនមួយ ទៅភ្ជាប់នឹងអថេរដែលជាលេខ 1.33 វិញម្តង។ ជាលទ្ធផល ក្បួននោះក្លាយទៅជាវត្ថុគ្មានឈ្មោះ និងត្រូវបានលុបចេញពីក្នុងសតិរបស់កំព្យូទ័រ ដោយយន្តការបោសសំអាត។
ដោយក្បួនក៏ជាវត្ថុមួយដូចជាវត្ថុដទៃទៀតដែរ ដូចនេះយើងអាចភ្ជាប់ឈ្មោះជាច្រើន ទៅនឹងវត្ថុដែលជាក្បួន ដោយធ្វើដូចខាងក្រោមនេះ៖
//ការបង្កើតវត្ថុជាក្បួនមួយមានឈ្មោះថា «displayProfit»
function displayProfit(){
var sale = 1000;
var purchase = 900;
var profit = sale - purchase;
console.log('ប្រាក់ចំណេញទាំងអស់គឺ '+profit);
}
//ការយកឈ្មោះផ្សេងៗទៀតទៅភ្ជាប់នឹងក្បួនឈ្មោះ displayProfit
var getProfit = getFee = displayProfit;
នៅលើបន្ទាត់លេខ 10 ការសរសេរថា var getProfit = getFee = displayProfit គឺជាបញ្ជាតម្រូវឲ្យភ្ជាប់ឈ្មោះ getProfit និងឈ្មោះ getFee ទៅនឹងវត្ថុដែលជាក្បួនមានឈ្មោះថា displayProfit ។ ប្រការនេះបានធ្វើឲ្យក្បួនឈ្មោះ displayProfit មានឈ្មោះរហូតដល់ទៅ 3 ៕