នៅក្នុងភាសា JS ប្រយោគ (string) គឺជាអថេរទាំងឡាយណាដែលជាឃ្លាមានន័យសេចក្តីអ្វីម៉្យាង។ ដើម្បីបង្កើតប្រយោគ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
var sentence = "កម្មវិធីជាភាសា JavaScript";
console.log(sentence);
នៅលើបន្ទាត់លេខ 1 ការសរសេរថា var sentence = "កម្មវិធីជាភាសា JavaScript"; គឺជាបញ្ជាតម្រូវឲ្យបង្កើតប្រយោគមួយមានឈ្មោះថា sentence និងមានតំលៃជាឃ្លាមានន័យថា «កម្មវិធីជាភាសា JavaScript» ។
ដូចនេះយើងសង្កេតឃើញថា ដើម្បីបង្កើតប្រយោគណាមួយ យើងត្រូវប្រើប្រាស់សញ្ញា " " នេះនៅអមសងខាងឃ្លាណាមួយ។ ក៏ប៉ុន្តែ លើសពីនេះទៀត យើងក៏អាចប្រើប្រាស់សញ្ញា ' ' នេះសម្រាប់បង្កើតប្រយោគបានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var sentence1 = "អ្នកប្រាជ្ញរក្សាខ្លៅ";
var sentence2 = 'អ្នកមានរក្សារក្សត់';
console.log(sentence1);
console.log(sentence2);
នៅលើបន្ទាត់លេខ 1 ការសរសរថា var sentence1 = "អ្នកប្រាជ្ញរក្សាខ្លៅ"; គឺជាបញ្ជាតម្រូវឲ្យបង្កើតប្រយោគមួយ ដោយប្រើប្រាស់សញ្ញា " " នេះនៅអមសងខាងឃ្លាមួយដែលមានន័យថា «អ្នកប្រាជ្ញរក្សាខ្លៅ» ។
នៅលើបន្ទាត់លេខ 2 ការសរសរថា var sentence2 = 'អ្នកមានរក្សារក្សត់'; គឺជាបញ្ជាតម្រូវឲ្យបង្កើតប្រយោគមួយទៀត ដោយប្រើប្រាស់សញ្ញា ' ' នេះនៅអមសងខាងឃ្លាមួយដែលមានន័យថា «អ្នកមានរក្សាខ្សត់» ។
ដោយហេតុថាយើងអាចប្រើសញ្ញារហូតដល់ទៅពីរបែប នៅក្នុងការបង្កើតប្រយោគ ដូចនេះយើងអាចប្រើសញ្ញាណាមួយជាតួអក្សរនៅក្នុងឃ្លា ក្នុងខណៈដែលយើងប្រើសញ្ញាមួយទៀតនៅអមសងខាងឃ្លា។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var sentence = 'សរសេរកម្មវិធីគឺជា "ការដោះស្រាយ" បញ្ហាទាំងពួង';
console.log(sentence);
នៅលើបន្ទាត់លេខ 1 ការសរសេរថា var sentence = 'សរសេរកម្មវិធីគឺជា "ការដោះស្រាយ" បញ្ហាទាំងពួង'; គឺជាបញ្ជាតម្រូវឲ្យបង្កើតប្រយោគមួយ ដែលនៅក្នុងមានសញ្ញា " " ជាតួអក្សរ និងសញ្ញា ' ' នៅអមសងខាងឃ្លាមួយដែលមានន័យថា «សរសេរកម្មវិធីគឺជា “ការដោះស្រាយ” បញ្ហាទាំងពួង» ។
នៅក្នុងភាសា JavaScript ដែលហៅថា ប្រមាណវិធីបូកបន្ត (concatenation) គឺជាប្រមាណវិធីទាំងឡាយណា ដែលនៅក្នុងនោះមានការប្រើប្រាស់ប្រមាណសញ្ញា + ដើម្បីចម្លងយកប្រយោគផ្សេងៗ មកដាក់បន្តគ្នា បង្កើតបានជាប្រយោគមួយថ្មីទៀត។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var sentence1 = 'អ្នកប្រាជ្ញរក្សាខ្លៅ ';
var sentence2 = 'ដូចសំពៅនៅសំប៉ាន។';
console.log(sentence1 + sentence2);
នៅលើបន្ទាត់លេខ 4 ការសរសេរថា sentence1 + sentence2 គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីបូកបន្ត ដោយចម្លងយកប្រយោគឈ្មោះ sentence1 និងប្រយោគឈ្មោះ sentence2 មកដាក់បន្តគ្នា បង្កើតបានជាប្រយោគមួយថ្មីទៀត។
មួយវិញទៀត យើងអាចយកប្រយោគផ្សេងៗ មកធ្វើប្រមាណវិធីប្រៀបធៀបដូចខាងក្រោមនេះ៖
var name1 = 'លឹម កុសល';
var name2 = 'កែវ សំណាង';
console.log(name1 == name2);
console.log(name1 != name2);
console.log(name1 > name2);
console.log(name1 < name2);
console.log(name1 >= name2);
console.log(name1 <= name2);
នៅលើបន្ទាត់លេខ 4 ការសរសេរថា name1 == name2 គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីប្រៀបធៀប ដើម្បីពិនិត្យមើលថា តើប្រយោគឈ្មោះ name1 ពិតជាដូចគ្នាទៅនឹងប្រយោគឈ្មោះ name2 មែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា false បញ្ជាក់ប្រាប់ថាប្រយោគទាំងពីរនេះមិនដូចគ្នាទេ ពីព្រោះប្រយោគពីរដូចគ្នា គឺជាប្រយោគដែលនៅក្នុងនោះ មានតួអក្សរដូចគ្នាទាំងអស់។
នៅលើបន្ទាត់លេខ 5 ការសរសេរថា name1 != name2 គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីប្រៀបធៀប ដើម្បីពិនិត្យមើលថា តើប្រយោគឈ្មោះ name1 ពិតជាមិនដូចគ្នាទៅនឹងប្រយោគឈ្មោះ name2 មែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា true បញ្ជាក់ប្រាប់ថាប្រយោគទាំងពីរនេះពិតជាមិនដូចគ្នាមែន។
នៅលើបន្ទាត់លេខ 6 ការសរសេរថា name1 > name2 គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីប្រៀបធៀប ដើម្បីពិនិត្យមើលថា តើប្រយោគឈ្មោះ name1 ពិតជាធំជាងប្រយោគឈ្មោះ name2 មែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា true បញ្ជាក់ប្រាប់ថាប្រយោគឈ្មោះ name1 ពិតជាធំជាងប្រយោគឈ្មោះ name2 មែន។
ប្រយោគឈ្មោះ name1 ធំជាងប្រយោគឈ្មោះ name2 បានន័យថា ប្រយោគឈ្មោះ name1 មានលំដាប់ថ្នាក់នៅក្រោយប្រយោគឈ្មោះ name2 បើសិនជាគេយកប្រយោគទាំងពីរនេះ ទៅតម្រៀបជាពាក្យនៅក្នុងវចនានុក្រមណាមួយ។ ហើយការធ្វើប្រមាណវិធីប្រៀបធៀបដើម្បីកំណត់ទីតាំងនៃប្រយោគផ្សេងៗ ធៀបទៅនឹងពាក្យនៅក្នុងវចនានុក្រម គឺជាប្រមាណវិធីប្រៀបធៀប តាមរបៀបវចនានុក្រម (lexicographically) ។
នៅលើបន្ទាត់លេខ 7 ការសរសេរថា name1 < name2 គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីប្រៀបធៀប ដើម្បីពិនិត្យមើលថា តើប្រយោគឈ្មោះ name1 ពិតជាតូចជាងប្រយោគឈ្មោះ name2 មែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា false បញ្ជាក់ប្រាប់ថាប្រយោគឈ្មោះ name1 មិនធំជាងប្រយោគឈ្មោះ name2 ទេ។
នៅលើបន្ទាត់លេខ 8 ការសរសេរថា name1 >= name2 គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីប្រៀបធៀប ដើម្បីពិនិត្យមើលថា តើប្រយោគឈ្មោះ name1 ពិតជាធំជាងឬស្មើនឹងប្រយោគឈ្មោះ name2 មែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា true បញ្ជាក់ប្រាប់ថាប្រយោគឈ្មោះ name1 ពិតជាធំជាងឬស្មើនឹងប្រយោគឈ្មោះ name2 មែន។
នៅលើបន្ទាត់លេខ 9 ការសរសេរថា name1 <= name2 គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីប្រៀបធៀប ដើម្បីពិនិត្យមើលថា តើប្រយោគឈ្មោះ name1 ពិតជាតូចជាងឬស្មើនឹងប្រយោគឈ្មោះ name2 មែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា false បញ្ជាក់ប្រាប់ថាប្រយោគឈ្មោះ name1 មិនតូចជាងឬស្មើនឹងប្រយោគឈ្មោះ name2 ទេ។
លើសពីនេះទៀត យើងអាចយកប្រយោគផ្សេងៗ មកធ្វើប្រមាណវិធីអត្តសញ្ញាណ ដូចខាងក្រោមនេះ៖
var sentence1 = 'តក់ៗពេញបំពង់';
var sentence2 = 'សេចក្តីព្យាយាម គង់បានសម្រច';
console.log(sentence1 === sentence2);
console.log(sentence1 !== sentence2);
នៅលើបន្ទាត់លេខ 4 ការសរសេរថា sentence1 === sentence2 គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីអត្តសញ្ញាណ ដើម្បីពិនិត្យមើលថា តើប្រយោគឈ្មោះ name1 និងប្រយោគឈ្មោះ name2 ពិតជាមានតំលៃស្មើគ្នានិងមានប្រភេទដូចគ្នាមែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា false បញ្ជាក់ប្រាប់ថា ប្រយោគទាំងពីរនោះ មិនមានតំលៃស្មើគ្នានិងមានប្រភេទដូចគ្នានោះទេ។
នៅលើបន្ទាត់លេខ 5 ការសរសេរថា sentence1 !== sentence2 គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីអត្តសញ្ញាណ ដើម្បីពិនិត្យមើលថា តើប្រយោគឈ្មោះ name1 និងប្រយោគឈ្មោះ name2 គ្មានតំលៃស្មើគ្នានិងមិនមានប្រភេទដូចគ្នាមែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា true បញ្ជាក់ប្រាប់ថា ប្រយោគទាំងពីរនោះ ពិតជាមិនស្មើគ្នានិងមានប្រភេទដូចគ្នានោះទេ។
នៅក្នុងភាសា JavaScript ដែលហៅថា កំណត់ពន្យល់ (comment) គឺជាឃ្លាប្រយោគទាំងឡាយណា ដែលត្រូវបានគេសរសេរនៅក្នុងកម្មវិធី ដើម្បីធ្វើការពន្យល់ពីការប្រើប្រាស់បញ្ជាផ្សេងៗ។ ឃ្លាប្រយោគទាំងនោះត្រូវតែមានសញ្ញា // នៅពីមុខ ឬស្ថិតនៅចន្លោះសញ្ញា /* */ នេះ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការបង្កើតប្រយោគ
var sentence = "តក់ៗពេញបំពង់";
/*ការបង្ហាញប្រយោគ
មានឈ្មោះថា sentence
នៅក្នុង console របស់ browser */
console.log(sentence);
នៅលើបន្ទាត់លេខ 1 ការសរសេរថា //ការបង្កើតប្រយោគ គឺជាការធ្វើកំណត់ពន្យល់ ស្តីពីការប្រើបញ្ជានៅលើបន្ទាត់បន្ទាប់ពីនោះ។
ចាប់ពីបន្ទាត់លេខ 3 រហូតដល់បន្ទាត់លេខ 5 ការសរសេរថា /* ការបង្ហាញប្រយោគមានឈ្មោះថា sentence នៅក្នុង console របស់ browser */ គឺជាការធ្វើកំណត់ពន្យល់ស្តីពីការប្រើបញ្ជានៅខាងក្រោមនោះ។
សរុបមក ការធ្វើកំណត់ពន្យល់ដោយប្រើប្រាស់សញ្ញា // នេះគឺសម្រាប់កំណត់ពន្យល់ណាដែលមានតែមួយបន្ទាត់។ ចំណែកឯសញ្ញា /* */ នេះវិញ គឺសម្រាប់កំណត់ពន្យល់ណា ដែលមានច្រើនបន្ទាត់។
ម៉្យាងទៀត គ្រប់កំណត់ពន្យល់ទាំងអស់ ដែលមាននៅក្នុងកម្មវិធី នឹងមិនត្រូវចាត់ទុកថាជាបញ្ជាឡើយ។ ហើយកំណត់ពន្យល់ទាំងអស់នោះ នឹងត្រូវរំលងចោលដោយស្វ័យប្រវត្តិ នៅពេលកម្មវិធីមានដំណើរការ៕