Array គឺជាថ្នាក់មានស្រាប់ ដែលត្រូវបានបង្កើតឡើងរួចជាស្រេច ទុកនៅក្នុងដែនកំណត់មានស្រាប់ជាមួយនឹងវត្ថុមួយចំនួនទៀត។ ដូចនេះ យើងអាចយកថ្នាក់ឈ្មោះ Array នេះទៅប្រើនៅទីណាក៏បានដែរ។
ជាទូទៅ គ្រប់វត្ថុដែលមានប្រភេទជាកម្រងទាំងអស់ គឺជាសិស្សនៃថ្នាក់ឈ្មោះ Array ទោះបីជាវត្ថុទាំងនោះត្រូវបានបង្កើតឡើង ដោយគ្មានបានយកថ្នាក់ឈ្មោះ Array នេះមកប្រើជាមួយនឹងប្រមាណសញ្ញា new ក៏ដោយ។ ក៏ប៉ុន្តែយើងក៏អាចយកថ្នាក់មានស្រាប់ឈ្មោះ Array នេះ មកប្រើជាមួយនឹងប្រមាណសញ្ញា new ដើម្បីបង្កើតវត្ថុដែលជាកម្រងបានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការបង្កើតកំរងមួយដោយយកថ្នាក់ Array មកប្រើ
var dimension = new Array(25, 10, 5);
console.log('វត្ថុឈ្មោះ dimension គឺជាកម្រង៖ ['+dimension+']');
នៅលើបន្ទាត់លេខ 2 ការសរសេរថា var dimension = new Array(25, 10, 5) គឺជាបញ្ជាតម្រូវឲ្យបង្កើតវត្ថុមានប្រភេទជាកម្រងឈ្មោះ dimension មួយ ដោយយកថ្នាក់មានស្រាប់ឈ្មោះ Array មកប្រើជាមួយនឹងប្រមាណសញ្ញា new ។
នៅក្នុងថ្នាក់មានស្រាប់ឈ្មោះ Array មានសម្បត្តិមួយចំនួន ដែលអាចត្រូវយកទៅប្រើជាមួយនឹងវត្ថុដែលមានប្រភេទជាកម្រងផ្សេងៗ។ សម្បត្តិសំខាន់ៗនៅក្នុងថ្នាក់ឈ្មោះ Array មានដូចខាងក្រោមនេះ៖
length : គឺជាទិន្នន័យសិស្សតាងឲ្យចំនួនធាតុទាំងអស់ ដែលមាននៅក្នុងកម្រងណាមួយ។
concat(list1, list2, …, listn) : គឺជាវិធីប្រើសម្រាប់ចម្លងយកកម្រងមួយចំនួន មកដាក់បន្តគ្នាបង្កើតបានជាកម្រងមួយថ្មីទៀត។
pop() : គឺជាវិធីប្រើសម្រាប់កាត់យកធាតុនៅខាងចុងគេ នៅក្នុងកម្រងណាមួយ។
shift() : គឺជាវិធីប្រើសម្រាប់កាត់យកធាតុនៅខាងដើមគេបង្អស់ នៅក្នុងកម្រងណាមួយ។
push(element1, element2, …, elementn) : គឺជាវិធីប្រើសម្រាប់បន្ថែមធាតុមួយចំនួន នៅខាងចុងកម្រងណាមួយ។
reverse() : គឺជាវិធីប្រើសម្រាប់តម្រៀបធាតុនៅក្នុងកម្រងណាមួយ តាមលំដាប់ថ្នាក់បញ្ច្រាសមកវិញ។
slice(beginIndex, endIndex) : គឺជាវិធីប្រើសម្រាប់ចម្លងយកធាតុមួយចំនួន នៅក្នុងកម្រងណាមួយ។
sort() : គឺជាវិធីប្រើសម្រាប់តម្រៀបតាមលំដាប់តួអក្សរ នូវបណ្តាធាតុទាំងឡាយដែលមាននៅក្នុងកម្រងណាមួយ។
unshift(element1, element2,…, elementn) : គឺជាវិធីប្រើសម្រាប់បន្ថែមធាតុមួយចំនួននៅខាងដើមកម្រងណាមួយ។
splice(index,number,element1,…..,elementn) : គឺជាវិធីប្រើសម្រាប់បន្ថែមនិងឬកាត់យកធាតុមួយចំនួន ទៅក្នុងនិងឬពីក្នុង កម្រងណាមួយ។