យើងត្រូវរំលឹកឡើងវិញថា while និង for/in គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងនោះ សារចុះសារឡើង វិលចុះវិលឡើង ជាច្រើនលើកច្រើនសារ គឺប្រៀបបានទៅនឹងកងចក្រមួយ ដែលវិលគ្មានឈប់។ នៅក្នុងភាសា JavaScript សកម្មភាពវិលជាប់នេះត្រូវហៅថា វដ្តកម្ម (loop) ។
ទន្ទឹមគ្នានេះដែរ ក្រៅពីការបង្កើតវដ្តកម្មតែមួយដាច់តែឯង យើងក៏អាចបង្កើតវដ្តកម្មមួយនៅក្នុងវដ្តកម្មមួយទៀតបានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var intList = [10, 20,];
var realList = [1.5, 2.33, 3.17, 4.32];
for(var index in intList){
console.log('ធាតុនៃកម្រងចំនួនគត់មានលេខរៀង ' + index + ' គឺ ' + intList[index]);
for(var index in realList){
console.log('-----ធាតុនៃកម្រងចំនួនពិតមានលេខរៀង ' + index + ' គឺ ' + realList[index]);
}
}
នៅលើបន្ទាត់លេខ 4 ការសរសេរថា for(var index in intList) គឺជាការប្រើបញ្ជា for/in ដើម្បីបង្កើតវដ្តកម្មមួយ។
នៅលើបន្ទាត់លេខ 7 ការសរសេរថា for(var index in realList) គឺជាការប្រើបញ្ជា for/in មួយទៀត ដើម្បីបង្កើតវដ្តកម្មមួយទៀត នៅខាងក្នុងវដ្តកម្មខាងដើម។
ក្នុងករណីវដ្តកម្មមួយនៅក្នុងវដ្តកម្មមួយទៀត ក្រុមបញ្ជានៅក្នុងវដ្តកម្មនៅខាងក្នុង ត្រូវយកទៅអនុវត្តរហូតដល់លក្ខខ័ណ្ឌត្រូវបំពេញ រាល់លើកដែលក្រុមបញ្ជានៅក្នុងវដ្តកម្មខាងក្រៅ ត្រូវយកទៅអនុវត្តចំនួនមួយដង។
ជាក់ស្តែង នៅក្នុងកម្មវិធីខាងលើនេះ រាល់លើកដែលក្រុមបញ្ជានៅក្នុងវដ្តកម្មនៅខាងក្រៅ ត្រូវយកទៅអនុវត្តចំនួន 1 ដង ក្រុមបញ្ជានៅក្នុងវដ្តកម្មនៅខាងក្នុង ត្រូវយកទៅអនុវត្តចំនួន 4 ដង ។ យើងអាចនិយាយបានម៉្យាងទៀតថា វដ្តកម្មនៅខាងក្រៅវិល 1 ជុំ វដ្តកម្មនៅខាងក្នុងវិលចំនួន 4 ជុំ៕