if/else if/else គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​អនុវត្ត​​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា if ឬ​បញ្ជា else if ក្នុង​ករណី​កន្សោម​ប្រមាណ​វិធី​នៅ​​ជាប់​នឹង​បញ្ជា if ឬ else if នោះ​ផ្តល់​លទ្ធផល​ជា​តក្កអថេរ true ឬ​សមមូល​នឹង true ។ តែ​បើ​គ្មាន​កន្សោម​ប្រមាណ​វិធី​ណាមួយ​ផ្តល់​លទ្ធផល​ជា​តក្កអថេរ true ​ឬ​សមមូល​នឹង​ true ទេ ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា if ឬ​ else if នឹង​ត្រូវ​រំលង​ចោល​ទាំងអស់​ ហើយ​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា else នឹង​ត្រូវ​យក​ទៅ​អនុវត្ត​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

var sale = 900;
var purchase = 900;
 
//ការប្រើ​បញ្ជា if/else if/else
if(sale < purchase){
  var loss = purchase - sale;
  console.log('ប្រាក់​ខាត​ទាំងអស់​គឺ​៖ '+loss);
}else if(sale == purchase){
  console.log('រកស៊ី​ស្មើដើម​ស្មើចុង');
}else if(sale > purchase){
  var profit = salee - purchase;
  console.log(profit);
}else{
  console.log('គ្មានកន្សោម​ប្រមាណវិធី​ណាមួយ​ផ្តល់តំលៃ​ជា​តក្តវត្ថុ​ true ទេ');
}

 

នៅ​លើ​បន្ទាត់​លេខ 5 ការសរសេរ​ថា if(sale < purchase) គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​អនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា if នោះ និង​រំលង​ចោល​បញ្ជា​ផ្សេង​ៗ​ទៀត ក្នុង​ករណីកន្សោម​ប្រមាណ​វិធី sale < purchase ផ្តល់​លទ្ធផល​ជា​តក្កអថេរ true ឬ​សមមូល​នឹង​ true ។

 

នៅ​លើ​បន្ទាត់​លេខ 8 ការសរសេរ​ថា else if(sale == purchase) គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​អនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា else if នោះ និង​រំលង​ចោល​បញ្ជា​ផ្សេង​ៗ​ទៀត ក្នុង​ករណីកន្សោម​ប្រមាណ​វិធី sale == purchase ផ្តល់​លទ្ធផល​ជា​តក្កអថេរ true ឬ​សមមូល​នឹង​ true ។

 

នៅ​លើ​បន្ទាត់​លេខ 10 ការសរសេរ​ថា else if(sale > purchase) គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​អនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា else if នោះ និង​រំលង​ចោល​បញ្ជា​ផ្សេង​ៗ​ទៀត ក្នុង​ករណីកន្សោម​ប្រមាណ​វិធី sale > purchase ផ្តល់​លទ្ធផល​ជា​តក្កអថេរ true ឬ​សមមូល​នឹង​ true ។

 

នៅ​លើ​បន្ទាត់​លេខ 13 ការសរសេរ​ថា else គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​អនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា else នោះ និង​រំលង​ចោល​បញ្ជា​ផ្សេង​ៗ​ទៀត ក្នុង​ករណី​គ្មាន​កន្សោម​ប្រមាណ​វិធី​ណា​មួយ​ផ្តល់​លទ្ធផល​ជា​តក្កអថេរ true ឬ​សមមូល​នឹង​ true ។

 

ដោយ​​អថេរ​ឈ្មោះ sale ជា​លេខ 900 និង​អថេរឈ្មោះ purchase ក៏​ជា​លេខ 900 ដែរ ដូចនេះ​កន្សោម​ប្រមាណ​វិធី sale == purchase ផ្តល់​លទ្ធផល​ជា​តក្កអថេរ true ដែល​ជា​ប្រការ​ធ្វើ​ឲ្យ​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា else if នៅ​លើ​បន្ទាត់​លេខ 8 ត្រូវ​បាន​យក​ទៅ​អនុវត្ត ហើយ​បញ្ជា​ដទៃ​ទៀត​ ត្រូវ​​បាន​រំលង​ចោល​ទាំងអស់​​។

 

យើង​ក៏​ត្រូវ​ធ្វើ​ការកត់សម្គាល់​ផង​ដែរ​ថា ការប្រើ​បញ្ជា else if អាច​មាន​ចំនួន​ប៉ុន្មាន​ក៏​បាន​ដែរ គឺ​វា​អាស្រ័យ​ទៅ​លើ​តម្រូវការ​នៃ ការដោះស្រាយ​បញ្ហា​៕