នៅក្នុងភាសា JavaScript យើងអាចបង្កើតអថេរជាច្រើនប្រភេទ សំរាប់រក្សាទុកនូវទិន្នន័យដែលមាន ប្រភេទ (type) ខុសៗគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ នៅក្នុងការដោះស្រាយបញ្ហា។
នៅក្នុងភាសា JS ចំនួនគត់ (integer) គឺជាអថេរដែលមានតំលៃជាលេខគ្មានក្បៀស។ ដូចនេះ ការបង្កើតអថេរនៅក្នុងកម្មវិធីកន្លងមក គឺជាការបង្កើតចំនួនគត់។ ជាទូទៅ ការបង្កើតចំនួនគត់ ត្រូវធ្វើដូចខាងក្រោមនេះ៖
var sale = 1000;
var purchase = 900;
console.log(sale);
console.log(purchase);
នៅលើបន្ទាត់លេខ 1 ការសរសេរថា var sale = 1000; គឺជាបញ្ជាតម្រូវឲ្យបង្កើតចំនួនគត់មួយ ដែលជាលេខ 1000 ។
នៅលើបន្ទាត់លេខ 2 ការសរសេរថា var purchase = 900; គឺជាបញ្ជាតម្រូវឲ្យបង្កើតចំនួនគត់មួយទៀត ដែលជាលេខ 900 ។
ក្រោយពីចំនួនគត់ផ្សេងៗត្រូវបានបង្កើតឡើងនៅក្នុងសតិរបស់កំព្យូទ័ររួចមក យើងអាចយកចំនួនគត់ទាំងនោះ មកធ្វើប្រមាណវិធីផ្សេងៗ ក្នុងគោលបំណងបង្កើតចំនួនគត់ថ្មីៗទៀត ដែលឆ្លើយតបទៅនឹងតម្រូវការរបស់យើង នៅក្នុងការដោះស្រាយបញ្ហា។
នៅក្នុងភាសា JavaScript ដែលហៅថា ប្រមាណវិធីនព្វន្ត (arithmetic operation) គឺជាប្រមាណវិធីទាំងឡាយណា ដែលនៅក្នុងនោះ មានការប្រើប្រាស់សញ្ញាៈ +, -, *, /, %, ++, -- ។
យើងអាចចំនួនគត់ផ្សេងៗមកធ្វើប្រមាណវិធីនព្វន្តដូចខាងក្រោមនេះ៖
var sale = 1000;
var purchase = 900;
console.log(sale + purchase);
console.log(sale - purchase);
console.log(sale * purchase);
console.log(sale / purchase);
console.log(sale % purchase);
console.log(++sale);
console.log(--sale);
ក្រៅពីការយកចំនួនគត់ពីរមកធ្វើប្រមាណវិធី យើងក៏អាចយកចំនួនគត់ជាច្រើន មកធ្វើប្រមាណវិធីចម្រុះគ្នា ដើម្បីឲ្យបានលទ្ធផលជាអថេរដែលយើងត្រូវការ។ ក្នុងករណីនេះ យើងបាន កន្សោមប្រមាណវិធី (expression) មួយ ដែលនៅក្នុងនោះ មាន ប្រមាណសញ្ញា (operator) ជាច្រើន។ ហើយបើសិនជាប្រមាណសញ្ញាទាំងនោះ ជាប្រមាណសញ្ញាខុសៗគ្នា ប្រមាណវិធីគឺត្រូវធ្វើឡើង ដោយអនុលោមទៅតាម អាទិភាពនៃប្រមាណសញ្ញា (operator precedence) ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var sale = 1000;
var purchase = 900;
var fee = 300;
console.log(sale + purchase * fee);
នៅលើបន្ទាត់លេខ 4 ការសរសេរថា sale + purchase * fee គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីរវាងចំនួនគត់បី។ ក្នុងករណីនេះ យើងបានកន្សោមប្រមាណវិធីមួយ ដែលនៅក្នុងនោះ មាន ប្រមាណអង្គ (operand) ចំនួនបី និងប្រមាណសញ្ញាចំនួនពីរខុសៗគ្នា គឺប្រមាណសញ្ញាបូក (+) និងប្រមាណសញ្ញាគុន (*) ។ អាស្រ័យទៅតាមក្បួនខ្នាតនៅក្នុងភាសា JavaScript ប្រមាណវិធីត្រូវធ្វើឡើង ដោយគោរពទៅតាមអាទិភាពនៃប្រមាណសញ្ញា។ ពោលគឺប្រមាណវិធីគុន ត្រូវធ្វើឡើងមុនប្រមាណវិធីបូក។ ដូចនេះ ប្រមាណវិធីគុនរវាងចំនួនគត់ឈ្មោះ purchase និងចំនួនគត់ឈ្មោះ fee ត្រូវធ្វើឡើងមុនគេ រួចបានយកលទ្ធផលមកធ្វើប្រមាណវិធីបូកជាមួយនឹងចំនួនគត់ឈ្មោះ sale ។
អាទិភាពនៃប្រមាណសញ្ញានៅក្នុងកន្សោមប្រមាណវិធី មិនមែនជារឿងដែលយើងមិនដែលជួបប្រទះនោះទេ យើងបានដឹងតាំងតែនៅវិទ្យាល័យមកម្លេះថា នៅក្នុងកន្សោមពីជគណិត ប្រមាណសញ្ញាគុនមានអាទិភាពជាងប្រមាណសញ្ញាបូក។ ម៉្យាងទៀត នៅក្នុងកន្សោមពីជគណិត បើសិនណាជាយើងចង់ផ្តល់អាទិភាពឲ្យទៅប្រមាណសញ្ញាណាមួយ យើងត្រូវប្រើសញ្ញារង្វង់ក្រចក នៅអមសងខាងកន្សោមប្រមាណវិធី ដែលមានប្រមាណសញ្ញានោះ។ ដូចគ្នាដែរ នៅក្នុងភាសា JavaScript បើសិនជាយើងចង់ផ្តល់អាទិភាពឲ្យទៅប្រមាណសញ្ញាណាមួយនោះ យើងក៏ត្រូវប្រើសញ្ញារង្វង់ក្រចកនៅអមសងខាង កន្សោមប្រមាណវិធីដែលមានប្រមាណសញ្ញានោះដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var sale = 1000;
var purchase = 900;
var fee = 300;
console.log((sale + purchase) * fee);
នៅលើបន្ទាត់លេខ 4 ការសរសេរថា (sale + purchase) * fee គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីរវាងចំនួនគត់ចំនួនបី។ ដោយហេតុថា មានសញ្ញារង្វង់ក្រចកនៅអមសងខាងកន្សោមប្រមាណវិធី sale + purchase ដូចនេះប្រមាណវិធីបូកត្រូវធ្វើឡើងមុនប្រមាណវិធីគុន។
ទន្ទឹមគ្នានេះដែរ យើងសង្កេតឃើញថា គ្រប់ការយកចំនួនគត់ផ្សេងៗមកធ្វើប្រមាណវិធី គឺជាការបង្កើតអថេរថ្មីផ្សេងៗទៀត អថេរដើមដែលត្រូវបានយកមកធ្វើប្រមាណវិធីទាំងប៉ុន្មាន មិនត្រូវបានកែប្រែ ឬបាត់បង់ឡើយ៕