សំណុំ (object) នៅក្នងភាសា JS គឺជាអថេរមួយប្រភេទ ដែលនៅក្នុងនោះមានអថេរជាច្រើនទៀត នៅជាប់គ្នាមួយគូ ៗ។ ដើម្បីបង្កើតសំណុំ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
//ការបង្កើតអថេរមានប្រភេទជាសំណុំ
var set = {'ភេសជ្ជ':5, 'សៀវភៅ':'ធម៌ទេសនា', 'ប្រាក់':1000};
console.log(set);
នៅលើបន្ទាត់លេខ 2 ការសរសេរថា var set = {'ភេសជ្ជ':5, 'សៀវភៅ':'ធម៌ទេសនា', 'ប្រាក់':1000}; គឺជាបញ្ជាតម្រូវឲ្យបង្កើតអថេរមានប្រភេទជាសំណុំមួយមានឈ្មោះថា set ។
អថេរដែលនៅជាប់គ្នាមួយគូ នៅក្នុងសំណុំ ត្រូវហៅថា ធាតុគូ (item) ។ ធាតុគូទាំងនោះនៅជាប់គ្នាដោយសារសញ្ញាចុចពីរ « : » ។ នៅក្នុងធាតុគូ អថេរនៅខាងឆ្វេងត្រូវហៅថា ផ្លាក (key) ដែលត្រូវតែជាប្រយោគ ដែលជាពាក្យណាមួយ។ ចំណែកឯអថេរនៅខាងស្តាំវិញ ត្រូវហៅថា តំលៃ (value) ដែលអាចជាអថេរប្រភេទណាក៏បានដែរ។ ជាទូទៅនៅក្នុងសំណុំ អថេរដែលជាផ្លាកមានតួនាទីសំខាន់ណាស់ សម្រាប់សម្គាល់ទីតាំងរបស់អថេរ ដែលជាតម្លៃ នៅក្នុងធាតុគូ។ ហើយគឺដោយសារផ្លាកនេះហើយ ទើបគេអាចយកតម្លៃទៅប្រើការធ្វើអ្វីផ្សេងៗទៀតបាន។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var set = {'ភេសជ្ជ':5, 'សៀវភៅ':'ធម៌ទេសនា', 'ប្រាក់':1000};
//ការយកតំលៃជាប់នឹងផ្លាក «ភេសជ្ជ» មកប្រើការ
console.log(set['ភេសជ្ជ']);
//ការយកតំលៃជាប់នឹងផ្លាក «សៀវភៅ» មកប្រើការ
console.log(set['សៀវភៅ']);
នៅលើបន្ទាត់លេខ 4 ការសរសេរថា set['ភេសជ្ជ'] គឺជាបញ្ជាតម្រូវឲ្យចម្លងយកតម្លៃនៅជាប់នឹងផ្លាក «ភេសជ្ជ» នៅក្នុងសំណុំឈ្មោះ set យកមកប្រើការ។
នៅលើបន្ទាត់លេខ 6 ការសរសេរថា set['សៀវភៅ'] គឺជាបញ្ជាតម្រូវឲ្យចម្លងយកតម្លៃនៅជាប់នឹងផ្លាក «សៀវភៅ» នៅក្នុងសំណុំឈ្មោះ set យកមកប្រើការ។
ក្រៅពីការចម្លងយកតម្លៃនៅក្នុងសំណុំ យកមកប្រើការ យើងក៏អាចធ្វើការដោះដូរតម្លៃទាំងនោះបានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var set = {'ភេសជ្ជ':5, 'សៀវភៅ':'ធម៌ទេសនា', 'ប្រាក់':1000};
console.log(set['សៀវភៅ']);
/*ការធ្វើប្រមាណវិធីលេខរៀង ដើម្បីដោះដូរ
តំលៃជាប់នឹងផ្លាក «សៀវភៅ» */
set['សៀវភៅ'] = 'ភាសា JavaScript';
console.log(set['សៀវភៅ']);
នៅលើបន្ទាត់លេខ 7 ការសរសេរថា set['សៀវភៅ'] = 'ភាសា JavaScript'; គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណលេខរៀង ដើម្បីធ្វើការដោះដូរតម្លៃនៅជាប់នឹងផ្លាក ‘សៀវភៅ’ ឲ្យទៅជាប្រយោគដែលជាពាក្យថា «ភាសា JavaScript» វិញ។ ដូចនេះ បន្ទាប់ពីនេះមក រាល់ការយកតម្លៃនៅជាប់នឹងផ្លាក ‘សៀវភៅ’ ទៅប្រើ គឺជាការយកប្រយោគដែលជាពាក្យថា ‘ភាសា JavaScript’ ទៅប្រើ។
លក្ខណៈពិសេសមួយទៀតរបស់សំណុំ គឺថាយើងអាចបន្ថែមធាតុគូថ្មីៗផ្សេងៗទៀត ចូលទៅក្នុងសំណុំ ដោយធ្វើប្រមាណវិធីលេខរៀង។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var set = {'ភេសជ្ជ':5, 'សៀវភៅ':'ធម៌ទេសនា', 'ប្រាក់':1000};
/*ការធ្វើប្រមាណវិធីលេខរៀង ដើម្បីបន្ថែម
ធាតុគូថ្មីចូលទៅក្នុងសំណុំឈ្មោះ set */
set['អាហារ'] = 'ផ្លែក្រូច';
console.log(set['អាហារ']);
នៅលើបន្ទាត់លេខ 5 ការសរសេរថា set['អាហារ'] = 'ផ្លែក្រូច'; គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីលេខរៀង ដើម្បីន្ថែមធាតុគូថ្មីមួយទៀតចូលទៅក្នុងសំណុំឈ្មោះ set ។ ធាតុគូថ្មីនោះ គឺជា 'អាហារ':'ផ្លែក្រូច' ។
នៅក្នុងភាសា JavaScript ដែលហៅថា ប្រមាណវិធីរកធាតុ (membership operation) គឺជាប្រមាណវិធីទាំងឡាយណា ដែលនៅក្នុងនោះមានការប្រើប្រាស់ប្រមាណសញ្ញា in ដើម្បីពិនិត្យមើលថា តើនៅក្នុងសំណុំណាមួយ មានផ្លាកដូចទៅនឹងពាក្យណាមួយនោះដែឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះ គឺជាតក្កអថេរ។
យើងសំណុំផ្សេងៗ មកធ្វើប្រមាណវិធីរកធាតុដូចខាងក្រោមនេះ៖
var set = {'ភេសជ្ជ':5, 'សៀវភៅ':'ធម៌ទេសនា', 'ប្រាក់':1000};
/*ការធ្វើប្រមាណវិធីរកធាតុ ដើម្បីពិនិត្យមើលថាតើនៅក្នុង
សំណុំឈ្មោះ set មានផ្លាកណាមួយជាពាក្យថា «សៀវភៅ» ដែរឬទេ*/
console.log('សៀវភៅ' in set);
/*ការធ្វើប្រមាណវិធីរកធាតុ ដើម្បីពិនិត្យមើលថាតើនៅក្នុង
សំណុំឈ្មោះ set មានផ្លាកណាមួយជាពាក្យថា «គម្ពីរ» ដែរឬទេ*/
console.log('គម្ពីរ' in set);
នៅលើបន្ទាត់លេខ 5 ការសរសេរថា 'សៀវភៅ' in set គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីរកធាតុ ដើម្បីពិនិត្យមើលថា តើនៅក្នុងសំណុំឈ្មោះ set ពិតជាមានផ្លាកណាមួយដែលជាពាក្យថា ‘សៀវភៅ’ ដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា true បញ្ជាក់ប្រាប់ថា នៅក្នុងសំណុំឈ្មោះ set ពិតជាមានផ្លាកដែលជាពាក្យថា ‘សៀវភៅ’ មែន។
នៅលើបន្ទាត់លេខ 9 ការសរសេរថា 'គម្ពីរ' in set គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីរកធាតុ ដើម្បីពិនិត្យមើលថា តើនៅក្នុងសំណុំឈ្មោះ set ពិតជាមានផ្លាកណាមួយដែលជាពាក្យថា ‘គម្ពីរ’ ដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា false បញ្ជាក់ប្រាប់ថា នៅក្នុងសំណុំឈ្មោះ set គ្មានផ្លាកណាមួយដែលជាពាក្យថា ‘គម្ពីរ’ ទេ៕