if/else គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា if និងតម្រូវឲ្យរំលងចោលក្រុមបញ្ជានៅក្នុងបញ្ជា else ក្នុងករណីកន្សោមប្រមាណវិធីមួយផ្តល់លទ្ធផលជាតក្កអថេរ true ឬសមមូលនឹង true ។ តែបើកន្សោមប្រមាណវិធីនោះ ផ្តល់លទ្ធផលជាតក្កអថេរ false ឬសមមូលនឹង false ក្រុមបញ្ជានៅក្នុងបញ្ជា if នឹងត្រូវរំលងចោល ហើយក្រុមបញ្ជានៅក្នុងបញ្ជា else នឹងត្រូវយកទៅអនុវត្ត។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var sale = 900;
var purchase = 1000;
//ការប្រើបញ្ជា if/else
if(sale > purchase){
var profit = sale - purchase;
console.log('ប្រាក់ចំណេញទាំងអស់គឺ៖ '+profit);
}else{
console.log('ប្រាក់ចំណេញមិនច្រើនជាងថ្លៃទិញទេ');
console.log('រកស៊ីមិនចំណេញ');
}
នៅលើបន្ទាត់លេខ 5 ការសរសេរថា if(sale > purchase) គឺជាបញ្ជាតម្រូឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា if នោះ និងរំលងចោលក្រុមបញ្ជានៅក្នុងបញ្ជា else នៅខាងក្រោម ក្នុងករណីកន្សោមប្រមាណវិធី sale > purchase ផ្តល់លទ្ធផលជាតក្កអថេរ true ឬសមមូលនឹង true ។
នៅលើបន្ទាត់លេខ 8 ការសរសេរថា else គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា else នោះ និងរំលងចោលក្រុមបញ្ជានៅក្នុងបញ្ជា if នៅខាងលើ ក្នុងករណីកន្សោមប្រមាណវិធី sale > purchase ផ្តល់តម្លៃជាតក្កអថេរ false ឬសមមូលនឹង false ។
ដោយអថេរឈ្មោះ sale ជាលេខ 900 និងអថេរឈ្មោះ purchase ជាលេខ 1000 ដូចនេះកន្សោមប្រមាណវិធី sale > purchase ផ្តល់លទ្ធផលជាតក្កអថេរ false ដែលជាប្រការនាំឲ្យក្រុមបញ្ជានៅក្នុងបញ្ជា if ត្រូវបានរំលងចោល និងក្រុមបញ្ជានៅក្នងបញ្ជា else ត្រូវបានយកទៅអនុវត្ត។
ទន្ទឹមនឹងនេះ ក៏មានកន្សោមប្រមាណវិធីម៉្យាងមានលក្ខណៈស្រដៀងនឹងបញ្ជា if/else នេះដែរ។ ជាភាសាអង់គ្លេស កន្សោមប្រមាណវិធីនោះត្រូវហៅថា conditional operator ដែលនៅក្នុងនោះ អថេរណាមូយអាចស្មើនឹងតំលៃណាមួយ អាស្រ័យទៅតាមលក្ខខ័ណ្ឌណាមួយ។
var age = 17;
var voteable = (age < 18) ? "ក្មេងណាស់":"គ្រប់អាយុ";
console.log(voteable);
នៅលើបន្ទាត់លេខ 2 ការសរសេរថា var voteable = (age < 18) ? "ក្មេងណាស់":"គ្រប់អាយុ"; គឺជាបញ្ជាមួយតំរូវអោយអថេរឈ្មោះ voteable ទទួលយកតំលៃដែលជាប្រយោគ "ក្មេងណាស់" ក្នុងករណីកន្សោមប្រមាណវិធី age < 18 ផ្តល់លទ្ធផលជាតក្តអថេរ true បើពុំនោះសោតទេ អថេរឈ្មោះ votealbe នឹងទទួលយកតំលៃដែលជាប្រយោគ "គ្រប់អាយុ" ។ ហើយដោយហេតុថា age ជាអថេរមានតំលៃលេខ 17 ដូចនេះកន្សោមប្រមាណវិធី age < 18 ផ្តល់លទ្ធផលជាតក្កអថេរ true ដែលជាកត្តាធ្វើអោយអថេរ voteable ទទួលយកតំលៃដែលជាប្រយោគ "ក្មេងណាស់" ៕