if គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​អនុវត្ត​បញ្ជា​មួយ​ចំនួន​ទៀត​ ក្នុង​ករណី​កន្សោម​ប្រមាណ​វិធី​មួយ​ផ្តល់​លទ្ធផល​ជា​តក្កអថេរ true ឬ​ សមមូល​នឹង​ true ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

var sale = 1000;
var purchase = 900;
 
//ការប្រើបញ្ជា​ «if»
if(sale > purchase){
  var profit = sale - purchase;
  console.log(profit);
}

 

នៅ​លើ​បន្ទាត់​លេខ 5 ការសរសេរ​ថា if(sale > purchase) គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​អនុវត្ត​បញ្ជា​ពីរ​ទៀត នៅ​ខាង​ក្រោម​នោះ ក្នុង​ករណី​កន្សោម​ប្រមាណ​វិធី sale > purchase ផ្តល់​លទ្ធផល​ជា​តក្កអថេរ​​ true ។ បើ​ពុំ​នោះ​សោត​ទេ បញ្ជា​ទាំងពីរ​នោះ នឹង​ត្រូវ​រំលង​ចោល​។

 

ដោយ​អថេរ​ឈ្មោះ sale ជា​លេខ 1000 និង​អថេរ​​ឈ្មោះ purchase ជា​លេខ​ 900 ដូចនេះ​កន្សោម​ប្រមាណ​វិធី sale > purchase ផ្តល់​​លទ្ធផល​ជា​តក្កអថេរ true ។ ប្រការនេះ​ធ្វើ​ឲ្យ​បញ្ជា​ទាំងពីរ​នៅ​ខាង​ក្រោម​នោះ ត្រូវ​បាន​យក​ទៅ​អនុវត្ត​។

 

បញ្ជា​ដែល​ត្រូវ​យក​ទៅ​អនុវត្ត​ ត្រូវ​​​ស្ថិត​នៅ​​ក្នុង​​សញ្ញា { } ។ បញ្ជា​ទាំងនោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​ ក្រុម​បញ្ជា​ (block) ស្ថិត​នៅ​ក្នុង​បញ្ជា if ។ ដូចនេះ យើង​អាច​និយាយ​បាន​ថា ក្រុម​បញ្ជា​​ស្ថិត​នៅ​ក្នុង​បញ្ជា if ​ត្រូវ​យក​ទៅ​អនុវត្ត​ តែ​ក្នុង​ករណី​កន្សោមប្រមាណ​វិធី​នៅ​ជាប់​នឹង​បញ្ជា if ផ្តល់​លទ្ធផល​ជា​តក្កវតក្តអថេរ true ឬ​សមមូល​នឹង​ true តែ​ប៉ុណ្ណោះ​។ បើពុំ​នោះ​សោត​ទេ ក្រុម​បញ្ជា​​ទាំងនោះ​​នឹង​ត្រូវ​រំលង​ចោល​៕