for/in គឺជាបញ្ជាតម្រូវឲ្យពិនិត្យមើលលេខរៀងឬផ្លាកនៃធាតុទាំងអស់ ដែលមាននៅក្នុងសមាសវត្ថុណាមួយបណ្តើរ និងតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា for/in នោះបណ្តើរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var list = [100, 1.5, 'កែវ កុសល', true];
//ការប្រើបញ្ជា for/in
for(var index in list){
console.log('ធាតុនៅក្នុងកម្រងចម្រុះ មានលេខរៀង ' + index + ' គឺ ' + list[index]);
}
នៅលើបន្ទាត់លេខ 4 ការសរសេរថា for(var index in list) គឺជាបញ្ជាតម្រូវឲ្យពិនិត្យមើលគ្រប់លេខរៀងនៃធាតុទាំងអស់ ដែលមាននៅក្នុងកម្រងឈ្មោះ list បណ្តើរ និងតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា for/in នោះបណ្តើរ។
ការពិនិត្យមើលលេខរៀងនៃគ្រប់ធាតុដែលមាននៅក្នុងកម្រងឈ្មោះ list គឺត្រូវធ្វើឡើងដោយភ្ជាប់ឈ្មោះ index ទៅនឹងលេខរៀងនៃធាតុទាំងឡាយ មួយម្តង ៗ ពីឆ្វេងទៅស្តាំ រហូតដល់អស់ធាតុ។ ហើយគ្រប់ការភ្ជាប់ឈ្មោះ index ទៅភ្ជាប់នឹងលេខរៀងនៃធាតុណាមួយ ក្រុមបញ្ជានៅក្នុងបញ្ជា for/in ត្រូវយកទៅអនុវត្តចំនួនមួយដងដែរ។ ដោយនៅក្នុងកម្រងឈ្មោះ list មានធាតុចំនួន 4 ដូចនេះការអនុវត្តក្រុមបញ្ជានៅក្នុង for/in ក៏ត្រូវធ្វើឡើងចំនួន 4 ដងដែរ។
ក្នុងករណីសមាសវត្ថុជាសំណុំ ការប្រើបញ្ជា for/in ដើម្បីពិនិត្យមើលធាតុនៃសមាសវត្ថុនោះ គឺជាការប្រើបញ្ជា for/in ដើម្បីពិនិត្យមើលផ្លាកនៃធាតុគូ ដែលមាននៅក្នុងសំណុំនោះ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var resume = {'ឈ្មោះ':'កុសល', 'ត្រកូល':'កែវ', 'អាយុ':30, 'ទីលំនៅ':'ភ្នំពេញ'};
//ការប្រើបញ្ជា for/in
for(var label in resume){
console.log('តម្លៃនៅជាប់នឹងផ្លាក ' + label + ' គឺ ' + resume[label]);
}
នៅលើបន្ទាត់លេខ 4 ការសរសេរថា for(var label in resume) គឺជាបញ្ជាតម្រូវឲ្យពិនិត្យមើលផ្លាកទាំងអស់ដែលមាននៅក្នុងសំណុំឈ្មោះ resume បណ្តើរ និងតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា for/in នោះបណ្តើរ៕