តើពាក្យថា «កំរង» មានន័យដូចម្តេចដែរ? នៅក្នុងភាសាខ្មែរ ជាទូទៅពាក្យនេះមានន័យថាជាវត្ថុមួយដែលនៅក្នុងនោះមានវត្ថុជាច្រើនទៀតត្រូវបានចងឬដោតតំរៀបគ្នាជាជួរមួយខ្សែចាប់ពីមួយឡើងទៅ។ ហើយវត្ថុនៅក្នុងកំរងណាមួយ អាចជាវត្ថុមានប្រភេទដូចគ្នាឬខុសគ្នា។ មួយវិញទៀត ការយកវត្ថុណាមួយចេញពីកំរង ឬបញ្ចូលវត្ថុណាមួយទៅក្នុងកំរង ត្រូវធ្វើឡើងតាមលេខរៀងដំបូងគេ និងឬ ចុងក្រោយគេ។
ដូចគ្នាដែរ បើយើងយល់ច្បាស់ពីអ្វីដែលហៅកំរង យើងនឹងយល់យ៉ាងងាយស្រួលជាទីបំផុតនូវអ្វីដែលហៅថា «array» នៅក្នុងភាសា JavaScript ។
នៅក្នុងភាសា JS កំរង (Array) គឺជាអថេរមួយប្រភេទ ដែលនៅក្នុងនោះមានអថេរផ្សេងៗទៀតជាច្រើន តម្រៀបជួរគ្នាតាមលេខរៀងចាប់ពីសូន្យឡើងទៅ។ ហើយដើម្បីបង្កើតអថេរមានប្រភេទជាកម្រងនេះ យើងត្រូវធ្វើដូចខាងក្រោម៖
//បញ្ជាតម្រូវឲ្យបង្កើតអថេរមានប្រភេទជាកម្រងមួយ មានឈ្មោះថា list ។
var list = [100, 1.5, 'ថ្លៃលក់', true];
console.log(list);
នៅលើបន្ទាត់លេខ 2 ការសរសេរថា var list = [100, 1.5, 'ថ្លៃលក់', true]; គឺជាបញ្ជាតម្រូវឲ្យបង្កើតអថេរមានប្រភេទជាកម្រងមួយ មានឈ្មោះថា list ។
អថេរផ្សេងៗដែលមាននៅក្នុងកម្រង ត្រូវគេអោយឈ្មោះថាជា ធាតុ (element) របស់កម្រង។ ហើយធាតុទាំងនោះអាចជាអថេរមានប្រភេទដូចគ្នា និងឬជាអថេរមានប្រភេទខុសៗគ្នា។
មួយវិញទៀត នៅក្នុងភាសា JavaScript ដែលហៅថា ប្រមាណវិធីលេខរៀង (indexing) គឺជាប្រមាណវិធីទាំងឡាយណា ដែលនៅក្នុងនោះមានការប្រើប្រាស់ប្រមាណសញ្ញា [ ] ដើម្បីចម្លង ឬផ្លាស់ប្តូរតម្លៃនៃធាតុមានលេខរៀងណាមួយ នៅក្នុងកម្រងណាមួយ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var list = [200, 0.35, 20, 73];
/*បញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីលេខរៀង ដើម្បីចម្លងយកធាតុមានលេខរៀង 2
នៅក្នុងកម្រងឈ្មោះ list ។*/
console.log(list[2]);
នៅលើបន្ទាត់លេខ 5 ការសរសេរថា list[2] គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីលេខរៀង ដើម្បីចម្លងយកធាតុមានលេខរៀង 2 នៅក្នុងកម្រងឈ្មោះ list យកមកប្រើការ។
ក្រៅពីការចម្លងយកធាតុនៅក្នុងកម្រងយកមកប្រើការ យើងក៏អាចធ្វើប្រមាណវិធីលេខរៀង ដើម្បីផ្លាស់ប្តូរតម្លៃរបស់ធាតុណាមួយនៅក្នុងកម្រងបានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var list = [200, 0.35, 20, 73];
/*បញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីលេខរៀង ដើម្បីផ្លាស់ប្តូរតម្លៃនៃធាតុមានលេខរៀង 2
នៅក្នុងកម្រងឈ្មោះ list ឲ្យមកជាប្រយោគមានន័យថា «ធាតុថ្មី» វិញ។*/
list[2] = 'ធាតុថ្មី';
console.log(list[2]);
នៅលើបន្ទាត់លេខ 5 ការសរសេរថា list[2] = 'ធាតុថ្មី'; គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីលេខរៀង ដើម្បីផ្លាស់ប្តូរតម្លៃនៃធាតុមានលេខរៀង 2 នៅក្នុងកម្រងឈ្មោះ list ឲ្យមកជាប្រយោគមានន័យថា «ធាតុថ្មី» វិញ៕