នៅក្នុងជីវភាពរស់នៅរបស់យើងសព្វថ្ងៃ យើងតែងតែឮគេនិយាយអំពីកម្មវិធីផ្សេងៗ មានដូចជា កម្មវិធីបុណ្យ កម្មវិធីទូរទស្សន៍ កម្មវិធីអភិវឌ្ឍន៍ ជាដើម ។ល។ និង ។ល។ តើពាក្យថា «កម្មវិធី» នេះមានន័យដូចម្តេចដែរ?
បើយើងលើកយកកម្មវិធីបុណ្យមកពិនិត្យមើល យើងឃើញថា កម្មវិធីបុណ្យគឺជាអត្ថបទនិយាយរៀបរាប់ពីការធ្វើពិធីផ្សេងៗ ចាប់តាំងពីពេលចាប់ផ្តើមបុណ្យ រហូតដល់ពេលចប់បុណ្យ។ ដូចនេះយើងអាចនិយាយបានថា កម្មវិធីបុណ្យគឺជាការរៀបចំការធ្វើពិធីផ្សេងៗតាមលំដាប់លំដោយ ដើម្បីប្រារព្វពិធីបុណ្យទាំងមូល។
មួយវិញទៀត បើយើងពិនិត្យទៅលើកម្មវិធីទូរទស្សន៍វិញម្តង យើងឃើញថា កម្មវិធីទូទស្សន៍គឺជាការបញ្ជាំងនាទីផ្សេងៗតាមលំដោយ សម្រាប់រយៈពេលពេញមួយថ្ងៃ។
សរុបមក ទាំងកម្មវិធីបុណ្យ ទាំងកម្មវិធីទូរទស្សន៍ គឺសុទ្ធតែស្តែងចេញពីការងារដែលត្រូវធ្វើតាមលំដាប់លំដោយ ក្នុងរយៈពេលមានកំណត់ណាមួយ ដើម្បីដោះស្រាយបញ្ហាមួយចំនួន។
ចំពោះកម្មវិធីកំព្យូទ័រវិញ វាក៏មានលក្ខណៈស្រដៀងនឹងកម្មវិធីទាំងអស់ខាងលើនេះដែរ ព្រោះវាក៏ជាអត្ថបទនិយាយរៀបរាប់ពីការងារមួយចំនួនតម្រូវឲ្យកំព្យូទ័រយកទៅធ្វើ ក្នុងគោលបំណងដោះស្រាយបញ្ហាណាមួយដែរ។ តែដោយហេតុថា កំព្យូទ័រអាចធ្វើការងារចំនួនរាប់លានតែក្នុងរយៈពេលមួប៉ប្រិចភ្នែក ដូចនេះការងារទាំងឡាយដែលមាននៅក្នុងកម្មវិធីកំព្យូទ័រ មិនទាមទារឲ្យមានរយៈពេលកំណត់ឡើយ។
និយាយឲ្យចំ នៅពេលណាដែលយើងសរសេររៀបរាប់ពីការងារមួយចំនួន តម្រូវឲ្យកំព្យូទ័រយកទៅធ្វើតាមលំដាប់លំដោយ ក្នុងគោលបំណងដោះស្រាយបញ្ហាណាមួយ គឺនៅពេលនោះហើយដែលយើងសរសេរកម្មវិធីកំព្យូទ័រ។ ជាក់ស្តែង ដើម្បីរៀបចំកម្មវិធីតម្រូវឲ្យកំព្យូទ័រដោះស្រាយបញ្ហារកប្រាក់ចំណេញ យើងអាចសរសេរដូចខាងក្រោមនេះ៖
គណនារកថ្លៃលក់
គណនារកថ្លៃទិញ
ប្រាក់ចំណេញ = ថ្លៃលក់ - ថ្លៃទិញ
ការសរសេរដូចខាងលើនេះ ហៅថាការសរសេរ ដំណោះស្រាយ (algorithm) ដែលជាកម្មវិធីជាភាសាខ្មែរយើងធម្មតា។ ក៏ប៉ុន្តែ កំព្យូទ័រមិនអាចយល់កម្មវិធីជាភាសាខ្មែរដូចខាងលើនេះបានឡើយ យើងចាំបាច់ត្រូវតែសរសេរកម្មវិធីខាងលើនេះ ជាភាសាណាមួយ ដែលកំព្យូទ័រអាចយល់បាន ដើម្បីយកទៅ អនុវត្ត (execute) ដោះស្រាយបញ្ហារកប្រាក់ចំណេញនេះ។
នៅក្នុងចំណោមភាសាប្រើប្រាស់សម្រាប់សរសេរកម្មវិធីកំព្យូទ័រ JavaScript គឺជាភាសាមួយដែលស្រួលរៀនជាងគេ ព្រោះវាមានលក្ខណៈយ៉ាងសាមញ្ញជាទីបំផុត។ ហើយដើម្បីសរសេរកម្មវិធីកំព្យូទ័រជាភាសា JavaScript យើងមិនចាំបាច់ត្រូវការអ្វីច្រើនទេ គឺមានតែ Chrome browser មួយ និងកម្មវិធីណាមួយសំរាប់សរសេរកូដ គឺគ្រប់គ្រាន់ណាស់ទៅហើយ។ សំរាប់ការសរសេរកូដ យើងអាចប្រើប្រាស់កម្មវិធី Visual Studio Code របស់ក្រុមហ៊ុន Microsoft ដោយចូលទៅកាន់គេហទំព័រនេះ https://code.visualstudio.com/download ។
ជាកិច្ចចាប់ផ្តើម នៅក្នុងកម្មវិធី Visual Studio Code យើងចាំបាច់ត្រូវបង្កើតឯកសារថ្មីមួយ និងសរសេរកូដនៅលើនោះដូចខាងក្រោមនេះ៖
<!DOCTYPE html>
<html>
<body>
<script>
var purchase = 900;
var sale = 1000;
var profit = sale - purchase;
document.write("<p>ប្រាក់ចំណេញគឹ៖ "+profit+"</p>");
document.write("កម្មវិធីចប់ត្រឹមនេះ");
</script>
</body>
</html>
បន្ទាប់មកទៀត យើងត្រូវរក្សារឯកសារនេះទុកនៅក្នុងថតណាមួយ ដោយដាក់ឈ្មោះអោយវាជាអ្វីមួយ មានដូចជា index.html ជាដើម។ ហើយដើម្បី ដំណើរការ (run) កម្មវិធីជាភាសា JavaScript នេះ យើងគ្រាន់តែចុចបើកឯកនេះ ដោយប្រើប្រាស់ Chrome browser គឺជាការស្រេច។ យើងនឹងឃើញលទ្ធផលដូចរូបខាងក្រោមនេះ៖
មួយវិញទៀត ក្រៅពីការបង្ហាញលទ្ធផលនៅលើផ្ទៃរបស់ browser យើងក៏អាចបង្ហាញលទ្ធផលទាំងនោះលើ console របស់ browser បានដែរ ដោយដូចខាងក្រោមនេះ៖
<!DOCTYPE html>
<html>
<body>
<script>
var purchase = 900;
var sale = 1000;
var profit = sale - purchase;
console.log("The profit is "+profit);
console.log("End of program.");
</script>
</body>
</html>
នៅពេលដែលកម្មវិធីខាងលើនេះដំណើរការ ផ្នែកទន់បកប្រែ (interpreter) ដែលមានរួចជាស្រេចនៅក្នុង Chrome browser នឹងបកប្រែអ្វីៗទាំងអស់ ដែលមាននៅក្នុងកម្មវិធីនេះ ពីភាសា JavaScript ទៅជាភាសាម៉ាស៊ីន ដើម្បីពន្យល់ប្រាប់កំព្យូទ័រ ឲ្យធ្វើការងារទាំងឡាយ ដូចមានចែងនៅក្នុងកម្មវិធីនេះ។ ការបកប្រែគឺត្រូវធ្វើឡើងមួយបន្ទាត់ម្តង ៗ ពីលើចុះក្រោម និងពីឆ្វេងទៅស្តាំ។
ដោយហេតុថា ការងារទាំងអស់ដែលមាននៅក្នុងកម្មវិធីកំព្យូទ័រ គឺជាការងារដែលតម្រូវឲ្យកំព្យូទ័រយកទៅធ្វើ ដូចនេះការងារទាំងនោះមានលក្ខណៈជា បញ្ជា (statement) តម្រូវឲ្យកំព្យូទ័រយកទៅអនុវត្ត ក្នុងគោលបំណងដោះស្រាយបញ្ហាផ្សេងៗ។
សរុបមក ការសរសេរកម្មវិធីកំព្យូទ័រ គឺជាការសរសេររៀបចំបញ្ជាមួយចំនួន តាមលំដាប់លំដោយ តម្រូវឲ្យកំព្យូទ័រយកទៅអនុវត្ត ក្នុងគោលបំណងដោះស្រាយបញ្ហាមួយចំនួន ។
JavaScript ជាភាសាប្រើប្រាស់សំរាប់សរសេរកម្មវិធីមួយ ដែលកំពុងតែមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ ដោយហេតុថា ភាសានេះអាចត្រូវយកទៅប្រើប្រាស់បានយ៉ាងទូលំទូលាយ ទាំងនៅក្នុង browser ទាំងនៅលើ server និងទាំងនៅក្នុងវិស័យកំព្យូទ័រក្រាភីក (WebGL) ។
ភាសា JavaScript ត្រូវបានបង្កើតឡើងដោយលោក Brendan Eich នៅក្នុងឆ្នាំ ១៩៩៥ សំរាប់ប្រើប្រាស់នៅក្នុង browser ដំបូងគេមួយ មានឈ្មោះថា Netscape ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Netscape Corporation ។
ក្រោយមក នៅឆ្នាំ ១៩៩៦ ក្រុមហ៊ុន Netscape បានសំរេចផ្តល់សិទ្ធិអោយទៅគណកម្មាធិការ ECMA International ក្នុងការអភិវឌ្ឍភាសា JavaScript អោយកាន់តែមានសុក្រឹតភាពឡើងថែមទៀត។ ជាលទ្ធផល ភាសា JavaScript ជំនាន់ទី ៩ មានឈ្មោះថា ECMAScript 9 ត្រូវបានប្រកាសដាក់ប្រើប្រាស់ដោយគណកម្មាធិការនេះ នៅក្នុងឆ្នាំ ២០១៨ ៕