កម្រង​​និង​​សំណុំ គឺជា​​អថេរ​ម៉្យាង​ដែល​នៅ​ក្នុង​នោះ​មាន​អថេរ​​ជា​ច្រើន​ទៀត​។ អថេរ​​នៅ​ក្នុង​កម្រង​ឬ​សំណុំ ត្រូវ​គេ​ចាត់ទុក​ថា​ធាតុ​​របស់​កម្រង​ឬ​សំណុំ​។ នៅ​ក្នុង​ភាសា JavaScript គ្រប់​អថេរ​ទាំងឡាយណា​​ ដែល​​មាន​ធាតុ​ជា​​អថេរ​​មួយ​ចំនួន​ទៀត ត្រូវ​ចាត់ទុក​ថា​ជា សមាស​អថេរ (container) ។ ដូចនេះ កម្រង​និង​សំណុំ​ត្រូវ​ចាត់​ទុក​ថា​ជា​សមាស​អថេរ​ ពីព្រោះ​វា​ជា​អថេរ​ដែល​​មាន​ធាតុ​ជា​ច្រើន​ទៀត​នៅ​ក្នុង​នោះ​។

 

ធាតុ​របស់​សមាស​អថេរ អាច​ជា​​អថេរ​​ប្រភេទ​ណា​ក៏​បាន​ដែរ​។ ដូចនេះ ក្រៅ​ពី​លេខ​និង​ប្រយោគ យើង​ក៏​​អាច​យក​សមាស​អថេរ​​ផ្សេង​ៗ​ទៀត មក​ធ្វើ​ជា​ធាតុរបស់​សមាសអថេរ​​ណា​មួយ​​​ទៀត​បាន​​ដែរ​​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

var dimension1 = [100, 1.75, 16];
var dimension2 = {'បណ្តោយ':100, 'កំពស់':1.75, 'ទទឹង':16};
 
//ការបង្កើតអថេរ​នៃ​កំរង​ដែល​មានធាតុ​ជា​សមាសអថេរ
var list = [dimension1, dimension2];
 
//ការបង្កើត​អថេរ​នៃ​សំណុំដែល​មានធាតុ​ជា​សមាសអថេរ
var set = {'label1':dimension1, 'label2':dimension2};
 
console.log(list);
console.log(set);

 

នៅ​លើ​បន្ទាត់​លេខ 5 ការសរសេរ​ថា var list = [dimension1, dimension2]; គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​បង្កើត​សមាស​អថេរ​​​​​មាន​ប្រភេទ​ជា​​កម្រង​មួយ មាន​ឈ្មោះ​ថា list ដែល​មាន​ធាតុ​ជា​សមាស​អថេរ​​ពីរ​ផ្សេង​ទៀត​។

 

នៅ​លើ​បន្ទាត់​លេខ 8 ការសរសេរ​ថា var set = {'label1':dimension1, 'label2':dimension2}; គឺ ​ជា​បញ្ជា​តម្រូវ​ឲ្យ​បង្កើត​សមាស​អថេរ​មាន​ប្រភេទ​ជា​​សំណុំ​មួយ មាន​ឈ្មោះ​ថា set ដែល​នៅ​ក្នុង​នោះ ​តម្លៃ​ជាប់​នឹង​ផ្លាក​និមួយ​ៗ គឺ​​ជា​សមាស​អថេរ​ផ្សេង​ៗ​ទៀត​​។

 

ក្នុង​ករណី​សមាស​អថេរ​​មួយ​មាន​ធាតុ​ជាសមាសអថេរ​ផ្សេង​ៗ​ទៀត​ ដើម្បី​ចម្លង​និង​ឬដោះដូរ​ធាតុ​និង​ឬ​​តម្លៃ​នៃ​សមាស​អថេរ​​​ដែល​ជា​ធាតុ​ យើង​ត្រូវ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

 

var dimension1 = [100, 1.75, 16];
var dimension2 = {'បណ្តោយ':100, 'កំពស់':1.75, 'ទទឹង':16};
var list = [dimension1, dimension2];
var set = {'label1':dimension1, 'label2':dimension2};
 
/*ការធ្វើប្រមាណ​វិធីលេខរៀង ដើម្បី​ចំលង​យក​ធាតុ
​នៃ​​កំរង​ដែល​ជា​ធាតុ​​នៃ​​កំរង​មួយ​ទៀត​*/
console.log(list[0][2]);
 
/*ការធ្វើប្រមាណ​វិធីលេខរៀង ដើម្បី​ចំលង​យក​ធាតុ
​នៃ​​សំណុំ​ដែល​ជា​ធាតុ​នៃ​​​សំណុំ​​មួយ​ទៀត​*/
console.log(set['label2']['កំពស់']);

 

នៅ​លើបន្ទាត់​លេខ 8 ការសរសេរ​ថា list[0][2] គឺ​ជា​បញ្ជា​តម្រូវ​ឲ្យធ្វើ​ប្រមាណ​វិធី​លេខរៀង ដើម្បី​ចម្លង​យក​ធាតុ​មាន​លេខ​រៀង 2 នៅ​ក្នុង​​កម្រង​ដែល​ជា​ធាតុ​មាន​លេខ 0​ នៅ​ក្នុង​​កម្រង​ឈ្មោះ list​ យក​មក​ប្រើការ​។

 

នៅ​លើបន្ទាត់​លេខ 12 ការសរសេរ​ថា set['label2']['កំពស់'] គឺ​ជា​បញ្ជា​តម្រូវ​ឲ្យធ្វើ​ប្រមាណ​វិធី​លេខរៀង ដើម្បី​ចម្លង​យក​តម្លៃ​ជាប់​នឹង​ផ្លាក ‘កំពស់’ នៅ​ក្នុង​សំណុំ​ដែល​ជា​តម្លៃ​ជាប់​នឹង​ផ្លាក ‘វិមាត្រ២’​ នៅ​ក្នុង​​សំណុំ​ឈ្មោះ set​ យក​មក​ប្រើការ​៕