បញ្ជាភ្ជាប់ឈ្មោះ (assignment statement) គឺជាសញ្ញាស្មើ (=) ដែលជាបញ្ជាតម្រូវឲ្យភ្ជាប់ឈ្មោះណាមួយទៅនឹងអថេរណាមួយ។ យើងគួររំលឹកឡើងវិញថា ដើម្បីភ្ជាប់ឈ្មោះណាមួយទៅនឹងអថេរណាមួយ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
/* ការប្រើបញ្ជាភ្ជាប់ឈ្មោះដើម្បី
ភ្ជាប់ឈ្មោះ profit ទៅនឹងចំនួនគត់ 1000 */
var profit = 1000;
console.log(profit);
នៅលើបន្ទាត់លេខ 3 ការសរសេរថា var profit = 1000; គឺជាបញ្ជាតម្រូវឲ្យភ្ជាប់ឈ្មោះ profit ទៅនឹងអថេរដែលជាលេខ 1000 ។
ក្រៅពីការភ្ជាប់ឈ្មោះណាមួយ ទៅនឹងអថេរណាមួយ យើងក៏អាចភ្ជាប់ឈ្មោះជាច្រើនទៅនឹងអថេរតែមួយ ដោយធ្វើដូចខាងក្រោមនេះ៖
//ការភ្ជាប់ឈ្មោះមួយចំនួនទៅនឹងលេខ 1000
var fee = sale = profit = 1000;
console.log(fee);
console.log(sale);
console.log(profit);
នៅលើបន្ទាត់លេខ 2 ការសរសេរថា var fee = sale = profit = 1000; គឺជាបញ្ជាតម្រូវឲ្យយកឈ្មោះ fee, sale, និង profit មកភ្ជាប់នឹងអថេរដែលជាលេខ 1000 តែមួយ។ ជាលទ្ធផលអថេរនេះមានឈ្មោះរហូតដល់ទោ ៣ ដែលអាចអនុញ្ញាតអោយយើងយកឈ្មោះណាមួយមកប្រើក៏បានដែរ។
នៅក្នុងភាសា JavaScript យើងអាចធ្វើប្រមាណបូកម៉្យាងដូចខាងក្រោមនេះ៖
var sale = 1000;
//ប្រមាណវិធីបូកបង្កើនតំលៃ sale ធំជាងមុនមួយ
sale = sale + 1;
console.log(sale);
នៅលើបន្ទាត់លេខ 4 ការសរសេរថា sale = sale + 1; គឺជាបញ្ជាតម្រូវឲ្យយកអថេរឈ្មោះ sale មកបូកនឹង 1 ដើម្បីបង្កើនតម្លៃលេខរបស់វា ឲ្យធំជាងមុន 1 ។
ទង្វើដូចខាងលើនេះ ត្រូវហៅថា ស្វ័យប្រមាណវិធី (augmented assignment) ដែលអាចត្រូវសរសេរតាមរបៀបម៉្យាងទៀត ដូចខាងក្រោមនេះ៖
var sale = 1000;
sale += 1;
console.log(sale);
នៅលើបន្ទាត់លេខ 3 ការសរសេរថា sale += 1; គឺជាបញ្ជាតម្រូវឲ្យធ្វើស្វ័យប្រមាណវិធី ដើម្បីបង្កើនតម្លៃលេខរបស់អថេរឈ្មោះ sale ឲ្យធំជាងមុន 1 ។
ក្រៅពីការធ្វើស្វ័យប្រមាណវិធី ដោយប្រើប្រាស់ប្រមាណសញ្ញាបូក (+) យើងក៏អាចធ្វើស្វ័យប្រមាណវិធី ដោយប្រើប្រាស់ប្រមាណសញ្ញាផ្សេងៗទៀតបានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var sale = 1000;
console.log(sale += 2);
console.log(sale -= 2);
console.log(sale *= 2);
console.log(sale /= 2);
console.log(sale %= 2);
នៅលើបន្ទាត់លេខ 3 ការសរសេរថា sale += 2 គឺជាបញ្ជាតម្រូវឲ្យធ្វើស្វ័យប្រមាណវិធី ដើម្បីបង្កើនតម្លៃលេខរបស់អថេរឈ្មោះ sale ឲ្យធំជាងមុន 2 ។
នៅលើបន្ទាត់លេខ 4 ការសរសេរថា sale -= 2 គឺជាបញ្ជាតម្រូវឲ្យធ្វើស្វ័យប្រមាណវិធី ដើម្បីបន្ថយតម្លៃលេខរបស់អថេរឈ្មោះ sale ឲ្យតូចជាងមុន 2 ។
នៅលើបន្ទាត់លេខ 5 ការសរសេរថា sale *= 2 គឺជាបញ្ជាតម្រូវឲ្យធ្វើស្វ័យប្រមាណវិធី ដើម្បីបង្កើនតម្លៃលេខរបស់អថេរឈ្មោះ sale ឲ្យធំជាងមុន 2 ដង។
នៅលើបន្ទាត់លេខ 6 ការសរសេរថា sale /= 2 គឺជាបញ្ជាតម្រូវឲ្យធ្វើស្វ័យប្រមាណវិធី ដើម្បីបន្ថយតម្លៃលេខរបស់អថេរឈ្មោះ sale ឲ្យតូចជាងមុនពាក់កណ្តាល។
នៅលើបន្ទាត់លេខ 7 ការសរសេរថា sale %= 2 គឺជាបញ្ជាតម្រូវឲ្យធ្វើស្វ័យប្រមាណវិធី ដើម្បីបន្ថយតម្លៃលេខរបស់អថេរឈ្មោះ sale ឲ្យស្មើនឹងសំណល់បានមកពីការធ្វើប្រមាណវិធីសំណល់រវាងអថេរឈ្មោះ sale និងលេខ 2 ។
ដូចគ្នាដែរ យើងអាចយកប្រយោគផ្សេងៗ មកធ្វើស្វ័យប្រមាណវិធីបូកដូចខាងក្រោមនេះ៖
var sentence = 'តក់ៗ';
sentence += 'ពេញបំពង់';
console.log(sentence);
នៅលើបន្ទាត់លេខ 3 ការសរសេរថា sentence += 'ពេញបំពង់'; គឺជាបញ្ជាតម្រូវឲ្យធ្វើស្វ័យប្រមាណវិធីបូក ដើម្បីបន្ថែមពាក្យថា «ពេញបំពង់» នៅខាងចុងប្រយោគមានឈ្មោះថា sentence ៕