បញ្ជា switch មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​បញ្ជា if/else if/else ដែរ ពោល​គឺ​បញ្ជា​មួយ​ចំនួន​ខុស​ៗ​គ្នា​ត្រូវ​យក​ទៅ​អនុវត្ត​តែ​នៅ​ក្នុង​ករណី​ដោយឡែក​រៀង​ៗ​ខ្លួន​តែ​ប៉ុណ្ណោះ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

switch (new Date().getDay()) {
  case 6:
    var text = "ថ្ងៃ​នេះ​ជា​សៅរ៍";
    break;
  case 0:
    var text = "ថ្ងៃ​នេះ​ជាថ្ងៃ​អាទិត្យ";
    break;
  default:
    var text = "ថ្ងៃ​ចុង​សប្តាហ៍​នឹង​មក​ដល់​។";
}
 
console.log(text);

 

នៅ​លើ​បន្ទាត់​លេខ 2 ការសរសេរ​ថា new Date().getDay() គឺ​ជា​ការប្រើប្រាស់​ក្បួន​ខ្នាត​មាន​ស្រាប់​នៅ​ក្នុង​ភាសា JS ដើម្បី​ស្រង់​យក​លេខគត់​តំណាង​អោយ​ថ្ងៃ​ប្រចាំ​សប្តាហ៍​នៅ​ពេល​ដែល​កម្មវិធី​ខាង​លើ​ត្រូវ​បាន​ដំណើរការ​។ ហើយ​បើ​លទ្ធផល​ជា​លេខ 6 ដែល​ជា​ថ្ងៃ​សៅរ៍ ទិន្នន័យ​ដែល​ជា​ឃ្លា​មាន​ន័យ​ថា "ថ្ងៃ​នេះ​ជា​ថ្ងៃ​សៅរ៍" នឹង​ត្រូវ​បង្កើត​ឡើង​សំរាប់​អថេរ text ។

 

ដូចគ្នា​ដែរ បើ​លទ្ធផល​ជា​លេខ 0 ដែល​តំណាង​អោយ​ថ្ងៃ​អាទិត្យ ទិន្នន័យ​ដែល​ជា​ឃ្លា​មាន​ន័យ​ថា "ថ្ងៃ​នេះ​ជាថ្ងៃ​អាទិត្យ" នឹង​ត្រូវ​បង្កើត​ឡើង​សំរាប់​អថេរ text ។

 

តែ​បើ​លទ្ធផល​ជា​លេខ​ខុស​ពី 0 និង 6 ទិន្នន័យ​ដែល​ជា​ឃ្លា​មាន​ន័យ​ថា "ថ្ងៃ​ចុង​សប្តាហ៍​នឹង​មក​ដល់​។" នឹង​ត្រូវ​បង្កើត​ឡើង សំរាប់​អថេរ text ៕