យើងបានដឹងរួចមកហើយថា ការបង្កើតក្បួនគឺជាការកត់ត្រាទុកនូវបញ្ជាមួយចំនួន នៅកន្លែងណាមួយ នៅក្នុងសតិរបស់កំព្យូទ័រ។ ម៉្យាងទៀត បញ្ជាទាំងនោះមិនទាន់ត្រូវបានយកទៅអនុវត្តនៅឡើយទេ នៅពេលដែលក្បួនត្រូវបានបង្កើតឡើងនោះ។ ក៏ប៉ុន្តែ យើងអាចតម្រូវឲ្យបញ្ជាទាំងនោះត្រូវយកទៅអនុវត្តនៅពេលណាក៏បានដែរ បើសិនជាយើងធ្វើដូចខាងក្រោមនេះ៖
//ការបង្កើតវត្ថុជាក្បួនមួយមានឈ្មោះថា «displayProfit»
function displayProfit(){
var sale = 1000;
var purchase = 900;
var profit = sale - purchase;
console.log('ប្រាក់ចំណេញទាំងអស់គឺ '+profit);
}
//ការយកក្បួនឈ្មោះ displayProfit មកប្រើ
displayProfit();
នៅលើបន្ទាត់លេខ 10 ការសរសេរថា displayProfit() គឺជាបញ្ជាតម្រូវអនុវត្តក្រុមបញ្ជានៅក្នុងក្បួនឈ្មោះ displayProfit តាំងពីដើមរហូតដល់ចប់។
ដូចនេះយើងឃើញថា ដើម្បីឲ្យក្រុមបញ្ជានៅក្នុងក្បួន ត្រូវយកទៅអនុវត្ត យើងចាំបាច់ត្រូវតែយកក្បួននោះមកប្រើ ដោយសរសេរសញ្ញរង្វង់ក្រចក នៅខាងចុងឈ្មោះរបស់ក្បួននោះ។
សរុបមក ការយកក្បួនមកប្រើ (calling a function) ក៏ជាបញ្ជាមួយដូចជាបញ្ជាដទៃទៀតដែរ ព្រោះការយកក្បួនមកប្រើ គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងក្បួននោះ។
ដូចនេះយើងឃើញថា ការបង្កើតក្បួន គឺជាការកត់ត្រាទុកនូវបញ្ជាមួយចំនួន នៅកន្លែងណាមួយ នៅក្នុងសតិរបស់កំព្យូទ័រ។ ហើយដើម្បីឲ្យបញ្ជាទាំងនោះត្រូវយកទៅអនុវត្ត យើងត្រូវយកក្បួននោះមកប្រើ ដោយសរសេរសញ្ញារង្វង់ក្រចកនៅខាងចុងឈ្មោះរបស់ក្បួននោះ។
មួយវិញទៀត ការយកក្បួនណាមួយមកប្រើ អាចត្រូវធ្វើឡើងចំនួនប៉ុន្មានដងក៏បានដែរ ហើយគ្រប់ការយកក្បួននោះមកប្រើ ក្រុមបញ្ជានៅក្នុងក្បួននោះ នឹងត្រូវយកទៅអនុវត្តសារជាថ្មីឡើងវិញ ជាដដែលៗរហូត។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការបង្កើតវត្ថុជាក្បួនមួយមានឈ្មោះថា «displayProfit»
function displayProfit(){
var sale = 1000;
var purchase = 900;
var profit = sale - purchase;
console.log('ប្រាក់ចំណេញទាំងអស់គឺ '+profit);
}
//ការយកក្បួនឈ្មោះ displayProfit មកប្រើចំនួន 3 ដង
displayProfit();
displayProfit();
displayProfit();
នៅក្នុងកម្មវិធីខាងលើនេះយើងឃើញថា ក្បួនឈ្មោះ displayProfit ត្រូវបានយកទៅប្រើចំនួន 3 ដងជាប់ៗគ្នា ហើយលទ្ធផលដែលបានមក គឺជាប្រយោគចំនួន 3 ដូចៗគ្នា។ ប្រការនេះបណ្តាលមកពីគ្រប់ការយកក្បួនឈ្មោះ displayProfit ទៅប្រើ ធ្វើឲ្យក្រុមបញ្ជានៅក្នុងក្បួននោះ ក៏ត្រូវយកទៅអនុវត្តជាដដែលៗរហូត។
ក្នុងករណីក្បួនមួយមានឈ្មោះជាច្រើន ក្បួននោះអាចត្រូវយកទៅប្រើតាមរយៈឈ្មោះណាមួយក៏បានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការបង្កើតវត្ថុជាក្បួនមួយមានឈ្មោះថា «displayProfit»
function displayProfit(){
var sale = 1000;
var purchase = 900;
var profit = sale - purchase;
console.log('ប្រាក់ចំណេញទាំងអស់គឺ '+profit);
}
//ការយកឈ្មោះផ្សេងៗទៀតទៅភ្ជាប់នឹងក្បួនឈ្មោះ displayProfit
var getProfit = getFee = displayProfit;
//ការយកក្បួនឈ្មោះ displayProfit តាមរយៈឈ្មោះផ្សេងៗ
displayProfit();
getProfit();
getFee();
នៅលើបន្ទាត់លេខ 13 ការសរសេរថា displayProfit() គឺជាបញ្ជាតម្រូវឲ្យយកក្បួនឈ្មោះ displayProfit មកប្រើតាមរយៈឈ្មោះដើមរបស់វា។
នៅលើបន្ទាត់លេខ 14 ការសរសេរថា getProfit() គឺជាបញ្ជាតម្រូវឲ្យយកក្បួនឈ្មោះ រកប្រាក់ចំណេញ មកប្រើតាមរយៈឈ្មោះ getProfit ។
នៅលើបន្ទាត់លេខ 15 ការសរសេរថា getFee() គឺជាបញ្ជាតម្រូវឲ្យយកក្បួនឈ្មោះ getFee មកប្រើតាមរយៈឈ្មោះ getFee ។
ដោយការយកក្បួនមកប្រើ ក៏ជាបញ្ជាមួយដូចជាបញ្ជាដទៃទៀតដែរ ដូចនេះយើងអាចយកក្បួនមួយឬច្រើន មកប្រើជាបញ្ជានៅក្នុងក្បួនមួយទៀត ដោយគ្មានបញ្ហាអ្វីឡើយ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
function displayProfit(){
var sale = 1000;
var purchase = 900;
var profit = sale - purchase;
console.log('ប្រាក់ចំណេញទាំងអស់គឺ៖ '+profit);
}
function showProfit(){
//ការយកក្បួនឈ្មោះ displayProfit មកប្រើ
displayProfit();
}
showProfit();
នៅលើបន្ទាត់លេខ 9 ការសរសេរថា displayProfit() គឺជាបញ្ជាតម្រូវឲ្យយកក្បួនឈ្មោះ displayProfit មកប្រើជាបញ្ជានៅក្នុងក្បួនឈ្មោះ showProfit ។
នៅលើបន្ទាត់លេខ 11 ការសរសេរថា showProfit() គឺជាបញ្ជាតម្រូវឲ្យយកក្បួនឈ្មោះ showProfit មកប្រើ។ ប្រការនេះធ្វើឲ្យក្រុមបញ្ជានៅក្នុងក្បួននោះ ត្រូវបានយកទៅអនុវត្ត ដែលជាហេតុបណ្តាលឲ្យក្បួនឈ្មោះ displayProfit ក៏ត្រូវបានយកមកប្រើដែរ ព្រោះវាជាបញ្ជាមួយនៅក្នុងក្បួនឈ្មោះ showProfit នោះ។
ប្រការដ៏សំខាន់មួយទៀតគឺថា បញ្ជាទាំងឡាយនៅក្នុងក្បួន ត្រូវយកទៅអនុវត្តតែនៅពេលណាដែលក្បួនត្រូវយកទៅប្រើតែប៉ុណ្ណោះ។ ដូចនេះ យើងអាចយកវត្ថុផ្សេងៗ ដែលមិនទាន់ត្រូវបានបង្កើត យកមកប្រើនៅក្នុងក្បួនបាន មុនពេលក្បួននោះត្រូវយកទៅប្រើ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការយកក្បួនមិនទាន់ត្រូវបានបង្កើតឈ្មោះ showProfit មកប្រើ
showProfit();
}
function showProfit(){
//ការយកអថេរមិនទាន់ត្រូវបានបង្កើតមកប្រើ
var profit = sale - purchase;
console.log('ប្រាក់ចំណេញទាំងអស់គឺ៖ '+profit);
}
//ការបង្កើតអថេរជាក្រោយ
var sale = 1000;
var purchase = 900;
//ការយកក្បួនឈ្មោះ displayProfit មកប្រើ
displayProfit();
នៅលើបន្ទាត់លេខ 3 ការសរសេរថា showProfit() គឺជាបញ្ជាតម្រូវឲ្យយកក្បួនមិនទាន់បង្កើតឈ្មោះ showProfit មកប្រើនៅក្នុងក្បួនឈ្មោះ displayProfit។
ដូចនេះ នៅពេលដែលក្បួនឈ្មោះ displayProfit ត្រូវបានបង្កើតឡើង បញ្ជាដែលជាការយកក្បួនឈ្មោះ showProfit មកប្រើ ត្រូវបានកត់ត្រាទុក នៅក្នុងក្បួនឈ្មោះ displayProfit នោះ។ យើងសង្កេតឃើញថា ក្បួនឈ្មោះ showProfit មិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ តែវាត្រូវបានយកមកប្រើនៅក្នុងក្បួនឈ្មោះ displayProfit រួចជាស្រេចទៅហើយ។ ប្រការនេះអាចធ្វើទៅបាន ក៏ព្រោះតែបញ្ជាដែលជាការយកក្បួនឈ្មោះ showProfit មកប្រើ គ្រាន់តែត្រូវបានកត់ត្រាទុកមួយអន្លើតែប៉ុណ្ណោះ គឺមិនទាន់ត្រូវបានយកទៅអនុវត្តនៅឡើយទេ។
នៅលើបន្ទាត់លេខ 7 ការសរសេរថា var profit = sale - purchase គឺជាបញ្ជាដែលនៅក្នុងនោះ មានការតម្រូវឲ្យយកអថេរឈ្មោះ sale និង purchase មកធ្វើប្រមាណវិធីដករវាងគ្នា ដើម្បីបង្កើតអថេរថ្មីមួយទៀតមានឈ្មោះថា profit ។
យើងសង្កេតឃើញថា អថេរឈ្មោះ sale និងអថេរឈ្មោះ purchase ជាអថេរដែលមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ នៅពេលដែលអថេរទាំងនោះត្រូវបានយកមកប្រើនៅក្នុងក្បួនឈ្មោះ showProfit ។ ប្រការនេះអាចធ្វើទៅបាន ក៏ព្រោះតែការយកអថេរឈ្មោះ sale និងអថេរឈ្មោះ purchase មកប្រើនៅក្នុងកន្សោមប្រមាណវិធី គឺគ្រាន់តែត្រូវបានកត់ត្រាទុក និងមានលក្ខណៈជាគម្រោងការតែប៉ុណ្ណោះ គឺមិនមែនជាបញ្ជាតម្រូវឲ្យយកទៅអនុវត្តភ្លាមៗនោះទេ។ យើងគួររំលឹកឡើងវិញថា គ្រប់បញ្ជាទាំងអស់នៅក្នុងក្បួន មិនទាន់ត្រូវបានយកទៅអនុវត្តនៅឡើយទេ នៅពេលដែលក្បួនត្រូវបានបង្កើត គឺវាគ្រាន់តែត្រូវបានកត់ត្រាទុកមួយអន្លើតែប៉ុណ្ណោះ។
នៅលើបន្ទាត់លេខ 17 ការសរសេរថា displayProfit() គឺជាបញ្ជាតម្រូវឲ្យយកក្បួនឈ្មោះ displayProfit មកប្រើ ដែលជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងក្បួននោះ។ ហើយនៅពេលដែលបញ្ជាទាំងនោះត្រូវយកទៅអនុវត្ត វត្ថុនិងអថេរផ្សេងៗដែលត្រូវបានយកមកប្រើនៅក្នុងក្បួនឈ្មោះ displayProfit ត្រូវបានបង្កើតឡើងរួចជាស្រេច។ ផ្ទុយទៅវិញ បើវត្ថុនិងអថេរទាំងនោះមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ កំហុសនឹងត្រូវកើតមានឡើង។
សរុបមក នៅពេលបង្កើតក្បួន យើងអាចយកវត្ថុនិងឬអថេរផ្សេងៗដែលមិនទាន់ត្រូវបានបង្កើតនៅឡើយ មកប្រើនៅក្នុងក្បួនបានតាមចិត្ត។ ក៏ប៉ុន្តែ នៅពេលដែលក្បួនត្រូវយកទៅប្រើ វត្ថុនិងអថេរទាំងនោះចាំបាច់ត្រូវតែត្រូវបានបង្កើតឡើងរួចជាស្រេច បើពុំនោះសោតទេ កំហុសនឹងកើតមានឡើង៕