for គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងនោះ សារចុះសារឡើង រហូតដល់កន្សោមប្រមាណវិធីមួយលែងផ្តល់លទ្ធផលជាតក្កអថេរ true ឬសមមូលនឹង true ។ ជាទូទៅ បញ្ជា for ត្រូវគេយកទៅប្រើប្រាស់សំរាប់តំរូវអោយអនុវត្តក្រុមបញ្ជាមួយចំនួនសារចុះសារឡើងជាច្រើនដង ក្នុងចំនួនកំណត់ណាមួយ។ ពិនិត្យកម្មវធីខាងក្រោមនេះ៖
var time = 6;
//ការប្រើបញ្ញា for
for(var i=0; i<time; i++ ){
console.log('ក្រុមបញ្ជានៅក្នុងបញ្ជា for ត្រូវបានយកទៅអនុវត្តជាលើកទី '+(i + 1));
}
នៅលើបន្ទាត់លេខ 4 ការសរសេរថា for(var i=0; i<time; i++ ) គឺជាការប្រើបញ្ជា for តំរូវអោយអនុវត្តក្រុមបញ្ជានៅក្នុងនោះសារចុះសារឡើង ក្នុងករណីដែលកន្សោមប្រមាណវិធី i<time នៅតែផ្តល់លទ្ធផលជាតក្កអថេរ true ។
នៅក្នុងការប្រើប្រាស់បញ្ជា for ខាងលើ ការសរសេរថា var i=0 គឺជាការកំណត់តំលៃអថេរឈ្មោះ i អោយស្មើនឹងសូន្យ នៅពេលដែលបញ្ជា for ត្រូវបានយកទៅអនុវត្តជាលើកដំបូង។ កត្តានេះធើ្វអោយកន្សោមប្រមាណវិធី i<time ផ្តល់លទ្ធផលជាតក្កអថេរ true ដែលជាហេតុធ្វើអោយតំលៃរបស់អថេរ i ត្រូវបានបង្កើនអោយច្រើនជាងមុនចំនួន 1 ដោយការសរសេរថា i++ និងក្រុមបញ្ជានៅក្នុងបញ្ជា for នោះត្រូវបានយកទៅអនុវត្ត។
បន្ទាប់មកទៀត នៅពេលដែលក្រុមបញ្ជានៅក្នុងបញ្ជា for នោះត្រូវបានយកទៅអនុវត្តបានចប់សព្វគ្រប់ហើយ កន្សោមប្រមាណវិធី i<time នឹងត្រូវយកទៅគណនាជាថ្មីម្តងទៀត ជាមួយនឹងតំលៃថ្មីរបស់អថេរ i ។ ហើយក្នុងករណីដែលកន្សោមប្រមាណវិធី i<time នៅតែផ្តល់លទ្ធផលជាតក្កអថេរ true តំលៃរបស់អថេរ i ត្រូវបានបង្កើនអោយច្រើនជាងមុនចំនួន 1 ហើយក្រុមបញ្ជានៅក្នុងបញ្ជា for នោះនឹងត្រូវយកទៅអនុវត្តជាថ្មីម្តងទៀត។ ទង្វើរបៀបនេះបានប្រព្រឹត្តដដែលៗរហូតដល់កន្សោមប្រមាណវិធី i<time លែងផ្តល់លទ្វផលជាតក្កអថេរ true គឺនៅពេលដែលតំលៃរបស់អថេរ i ត្រូវបានបង្កើនរហូតដល់ស្មើនឹង 6 ៕