String គឺ​ជា​ថ្នាក់​មាន​ស្រាប់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​ស្វ័យប្រវត្តិ ទុក​នៅ​ក្នុង​ដែនកំណត់​មាន​ស្រាប់​។ អាស្រ័យហេតុ​នេះ យើង​អាច​យក​ថ្នាក់​ String នេះ​ទៅ​​ប្រើ​នៅ​​ក្នុង​ដែនកំណត់​ណា​ក៏​បាន​ដែរ ពីព្រោះ​គ្រប់​វត្ថុ​ទាំងឡាយ​ណា​ដែល​មាន​នៅ​ក្នុង​ដែនកំណត់​មានស្រាប់ អាច​ត្រូវ​យក​ទៅ​ប្រើ​នៅ​ទីណា​ក៏​បាន​ដែរ​។

 

មួយ​វិញទៀត គ្រប់​វត្ថុ​ទាំងអស់​ដែល​មាន​ប្រភេទ​ជា​ប្រយោគ គឺ​ត្រូវ​តែ​​ជា​សិស្ស​នៃ​ថ្នាក់​ String នេះ​ ទោះ​ជា​​​ប្រយោគ​ទាំង​នោះ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​មិន​បាន​យក​ថ្នាក់​ String មក​ប្រើ​ជាមួយ​នឹង​ប្រមាណ​សញ្ញា new ក៏​ដោយ​ ។ ក៏ប៉ុន្តែ ​វត្ថុ​​មាន​ប្រភេទ​ជា​ប្រយោគ​ ក៏​អាច​ត្រូវ​បង្កើត​ឡើង​ ដោយ​យក​ថ្នាក់​ String នេះ​មក​ប្រើ​ជា​មួយ​នឹង​ប្រមាណ​សញ្ញា new បាន​ដែរ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

//ការបង្កើត​ប្រយោគ​មួយ​ចេញ​ពី​ថ្នាក់ String
var oldSaying = new String('តក់​ៗ​ពេញ​បំពង់');
 
console.log(oldSaying);

 

នៅ​លើ​បន្ទាត់​លេខ 2 ការសរសេរ​ថា var oldSaying = new String('តក់​ៗ​ពេញ​បំពង់') គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​បង្កើត​វត្ថុ​មាន​ប្រភេទ​ជា​​​ប្រយោគ​​មួយ​​​ ដោយ​យក​ថ្នាក់​​មានស្រាប់​ឈ្មោះ String ​មក​ប្រើ​ជាមួយ​​ប្រមាណ​សញ្ញា new ។

 

នៅ​ក្នុង​ថ្នាក់​មានស្រាប់​ឈ្មោះ String មាន​សម្បត្តិ​មួយ​ចំនួន​ដែល​អាច​ត្រូវ​យក​ទៅ​ប្រើ​ជាមួយ​នឹង​គ្រប់​វត្ថុ​​​មាន​ប្រភេទ​ជា​ប្រយោគ​ទាំងអស់​។ ​សម្បត្តិ​សំខាន់​ៗ​​នៅ​ក្នុង​ថ្នាក់​ String មាន​​ដូច​ខាង​ក្រោម​នេះ​៖

 

length : គឺ​ជា​ទិន្នន័យ​សិស្ស ដែល​ជា​ចំនួន​តួ​អក្សរ​មាន​នៅ​ក្នុង​ប្រយោគ​។

 

var oldSaying = new String('តក់​ៗ​ពេញ​បំពង់');
 
//ការយក​ទិន្នន័យ​សិស្ស​ length នៃ​ថ្នាក់ String មក​ប្រើ
console.log('នៅ​ក្នុង​ប្រយោគ​ឈ្មោះ oldSaying មាន​តួ​អក្សរ​ចំនួន '+oldSaying.length+' តួ');

 

នៅ​លើ​បន្ទាត់​លេខ 4 ការសរសេរ​ថា oldSaying.length​ គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​យក​​ទិន្នន័យ​សិស្ស length មក​ប្រើ​ដើម្បី​បង្ហាញ​ចំនួន​តួអក្សរ​ទាំងអស់ ដែល​មាន​នៅ​ក្នុង​ប្រយោគ​ឈ្មោះ oldSaying ។

 

charAt(index) : គឺ​ជា​វិធី​ប្រើ​សម្រាប់​ចម្លង​យក​តួ​អក្សរ​មាន​លេខរៀង​ណាមួយ​ នៅ​ក្នុង​ប្រយោគ​ណា​មួយ​​។

 

concat(sentence1, sentence2, …, sentencen)​ : គឺ​ជា​វិធី​ប្រើ​សម្រាប់​ចម្លង​យក​ប្រយោគ​មួយ​ចំនួន មក​ដាក់​បន្ត​គ្នា​បង្កើត​បាន​ជា​ប្រយោគ​មួយ​ថ្មី​ទៀត​។

 

replace(oldWord, newWord) : គឺ​ជា​វិធី​ប្រើ​សម្រាប់​ជំនួស​ពាក្យ​ណា​មួយ​នៅ​ក្នុង​​ប្រយោគ​​ណា​មួយ ដោយ​ពាក្យ​​ថ្មី​ណា​មួយ​ទៀត​ ដើម្បី​បង្កើត​ប្រយោគ​ថ្មី​មួយ​ទៀត​។

 

slice(beginIndex, endIndex) : គឺ​ជា​វិធី​ប្រើ​សម្រាប់​ចម្លង​យក​តួ​អក្សរ​មួយ​ចំនួន​ ​ដែល​មាន​លេខរៀង​ចាប់​ពី​ត្រឹម​ណា​មួយ រហូត​ដល់​ត្រឹម​ណា​មួយ​ទៀត ​នៅ​ក្នុង​ប្រយោគ​ណា​មួយ​៕