នៅក្នុងភាសា JS តក្កអថេរ (Boolean) គឺជាអថេរដែលមានតំលៃពីរបែបគឺ true និង false ។ ហើយដើម្បីបង្កើតតក្កអថេរ យើងត្រូវធ្វើដូចខាងក្រោមនេះ៖
var on = true;
var off = false;
console.log(on);
console.log(off);
នៅលើបន្ទាត់លេខ 1 ការសរសេរថា var on = true; គឺជាបញ្ជាតម្រូវឲ្យបង្កើតតក្កអថេរមួយមានឈ្មោះថា on និងមានតំលៃជា true ។
នៅលើបន្ទាត់លេខ 09 ការសរសេរថា var off = false; គឺជាបញ្ជាតម្រូវឲ្យបង្កើតតក្កអថេរមួយទៀតមានឈ្មោះថា off និងមានតំលៃជា false ។
ជាទូទៅ តក្កអថេរត្រូវបានគេបង្កើតឡើង សម្រាប់យកទៅប្រើប្រាស់នៅក្នុងការធ្វើប្រមាណវិធីមួយចំនួន មានដូចជាប្រមាណវិធីតក្កវិទ្យាជាដើម។ ជួនកាល តក្កអថេរក៏អាចជាលទ្ធផលបានមកពីការធ្វើប្រមាណវិធីមួយចំនួនទៀតផងដែរ។
នៅក្នុងភាសា JavaScript ដែលហៅថា ប្រមាណវិធីតក្កវិទ្យា (logical operation) គឺជាប្រមាណវិធីទាំងឡាយណា ដែលនៅក្នុងនោះមានការប្រើប្រាស់ប្រមាណសញ្ញា &&, ||, ! ។ ហើយដើម្បីយកតក្កអថេរផ្សេងៗមកធ្វើប្រមាណវិធីតក្កវិទ្យា យើងត្រូវធ្វើដូចខាងក្រោមនេះ៖
var on = true;
var off = false;
console.log(on && off);
console.log(on || off);
console.log(!on);
console.log(!off);
នៅលើបន្ទាត់លេខ 4 ការសរសេរថា on && off គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីតក្កវិទ្យា រវាងតក្កអថេរឈ្មោះ on និងតក្កអថេរឈ្មោះ off ដោយប្រើប្រាស់ប្រមាណសញ្ញា && ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺ false ។
យោងទៅតាមក្បួនខ្នាតនៅក្នុងភាសា JavaScript លទ្ធផលបានមកពីការធ្វើប្រមាណវិធីតក្កវិទ្យា ដោយប្រើប្រាស់ប្រមាណសញ្ញា && គឺអាស្រ័យទៅលើប្រមាណអង្គនៅខាងឆ្វេង។ គឺថាបើប្រមាណអង្គនៅខាងឆ្វេងជា true លទ្ធផលគឺជាប្រមាណអង្គនៅខាងស្តាំ។ ផ្ទុយមកវិញ បើប្រមាណអង្គនៅខាងឆ្វេងជា false លទ្ធផល គឺជាប្រមាណអង្គនោះតែម្តង។
នៅលើបន្ទាត់លេខ 5 ការសរសេរថា on || off គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីតក្កវិទ្យា រវាងតក្កអថេរមានឈ្មោះ on និងតក្កអថេរមានឈ្មោះ off ដោយប្រើប្រាស់ប្រមាណសញ្ញា || ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា true ។
យោងទៅតាមក្បួនខ្នាតនៅក្នុងភាសា JavaScript លទ្ធផលបានមកពីការធ្វើប្រមាណវិធីតក្កវិទ្យា ដោយប្រើប្រាស់ប្រមាណសញ្ញា || គឺអាស្រ័យទៅលើប្រមាណអង្គនៅខាងឆ្វេង។ គឺថាបើប្រមាណអង្គនៅខាងឆ្វេងជា true លទ្ធផលគឺជាប្រមាណអង្គនោះតែម្តង។ ផ្ទុយមកវិញ បើប្រមាណអង្គនៅខាងឆ្វេងជា false លទ្ធផល គឺជាប្រមាណអង្គនៅខាងស្តាំ។
នៅលើបន្ទាត់លេខ 6 ការសរសេរថា !on គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីតក្កវិទ្យា ជាមួយនឹងតក្កអថេរឈ្មោះ on ដោយប្រើប្រាស់ប្រមាណសញ្ញា ! ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា false ។
យោងទៅតាមក្បួនខ្នាតនៅក្នុងភាសា JavaScript លទ្ធផលបានមកពីការធ្វើប្រមាណវិធីតក្កវិទ្យា ដោយប្រើប្រាស់ប្រមាណសញ្ញា ! គឺជាតក្កអថេរមានតម្លៃផ្ទុយនឹងប្រមាណអង្គ។ គឺថាបើប្រមាណអង្គជា true លទ្ធផលនឹងជា false តែបើប្រមាណអង្គជា false លទ្ធផលនឹងជា true ។
នៅលើបន្ទាត់លេខ 7 ការសរសេរថា !off គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីតក្កវិទ្យា ជាមួយនឹងតក្កអថេរមានឈ្មោះថា off ដោយប្រើប្រាស់ប្រមាណសញ្ញា ! ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា true ព្រោះ off គឺជា false ។
ដូចគ្នាដែរ យើងអាចយកលេខផ្សេងៗ មកធ្វើប្រមាណវិធីតក្កវិទ្យា ដូចជាតក្កអថេរផ្សេងៗទៀតដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
var width = 176;
var height = 0.0;
console.log(width && height);
console.log(width || height);
console.log(!width);
console.log(!height);
នៅលើបន្ទាត់លេខ 4 ការសរសេរថា width && height គឺជាការធ្វើប្រមាណវិធីតក្កវិទ្យា ដោយប្រើប្រាស់ប្រមាណសញ្ញា && រវាងអថេរពីរ ដែលជាលេខ។ អថេរឈ្មោះ width គឺជាលេខ 176 ដូចនេះវាសមមូលនឹង true ព្រោះគ្រប់អថេរមានតំលៃលេខខុសពីសូន្យទាំងអស់ សមមូលនឹង true ។ ប្រការនេះធ្វើឲ្យលទ្ធផលបានមកពីប្រមាណវិធីខាងលើ គឺជាចំនួនគត់ឈ្មោះ height ព្រោះវាជាប្រមាណអង្គនៅខាងស្តាំ។
នៅលើបន្ទាត់លេខ 5 ការសរសេរថា width || height គឺជាការធ្វើប្រមាណវិធីតក្កវិទ្យា ដោយប្រើប្រាស់ប្រមាណសញ្ញា || រវាងអថេរពីរ ដែលជាលេខ។ ដោយអថេរឈ្មោះ width សមមូលនឹង true ប្រការនេះធ្វើឲ្យលទ្ធផលបានមកពីប្រមាណវិធីខាងលើ គឺជាចំនួនគត់ឈ្មោះ width នេះតែម្តង។
នៅលើបន្ទាត់លេខ 6 ការសរសេរថា !width គឺជាការធ្វើប្រមាណវិធីតក្កវិទ្យា ដោយប្រើប្រាស់ប្រមាណសញ្ញា ! ជាមួយនឹងអថេរឈ្មោះ width ។ ដោយអថេរឈ្មោះ width សមមូលនឹង true ប្រការនេះធ្វើឲ្យលទ្ធផលបានមកពីប្រមាណវិធីខាងលើគឺជា false ។
នៅលើបន្ទាត់លេខ 7 ការសរសេរថា !height គឺជាការធ្វើប្រមាណវិធីតក្កវិទ្យា ដោយប្រើប្រាស់ប្រមាណសញ្ញា ! ជាមួយនឹងអថេរឈ្មោះ height ។ ដោយអេរឈ្មោះ height សមមូលនឹង false ប្រការនេះធ្វើឲ្យលទ្ធផលបានមកពីប្រមាណវិធីខាងលើគឺជា true ។
នៅក្នុងភាសា JavaScript ដែលហៅថា ប្រមាណវិធីប្រៀបធៀប (comparison operation) គឺជាប្រមាណវិធីទាំងឡាយណា ដែលនៅក្នុងនោះ មានការប្រើប្រាស់ប្រមាណសញ្ញា ==, !=, >, < ,>=, <= ក្នុងគោលបំណងយកអថេរផ្សេងៗ មកប្រៀបធៀបគ្នា។ លទ្ធផលបានមកពីប្រមាណវិធីនេះ គឺជាតក្តអថេរ។
យើងអាចយកលេខផ្សេងៗ មកធ្វើប្រមាណវិធីប្រៀបធៀប ដូចខាងក្រោមនេះ៖
var width = 176;
var height = 23.31;
console.log(width == height);
console.log(width != height);
console.log(width > height);
console.log(width < height);
console.log(width >= height);
console.log(width <= height);
នៅលើបន្ទាត់លេខ 4 ការសរសេរថា width == height គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីប្រៀបធៀប ដោយប្រើប្រាស់ប្រមាណសញ្ញា == ដើម្បីពិនិត្យមើលថា តើអថេរឈ្មោះ width និងអថេរឈ្មោះ height ពិតជាស្មើគ្នាមែនឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា false បញ្ជាក់ប្រាប់ថា អថេរទាំងពីរនោះមិនស្មើគ្នាទេ។
នៅលើបន្ទាត់លេខ 5 ការសរសេរថា width != height គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីប្រៀបធៀប ដោយប្រើប្រាស់ប្រមាណសញ្ញា != ដើម្បីពិនិត្យមើលថា តើអថេរឈ្មោះ width និងអថេរឈ្មោះ height ពិតជាមិនស្មើគ្នាមែនឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា true បញ្ជាក់ប្រាប់ថា អថេរទាំងពីរនោះពិតជាមិនស្មើគ្នាមែន។
នៅលើបន្ទាត់លេខ 6 ការសរសេរថា width > height គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីប្រៀបធៀប ដោយប្រើប្រាស់ប្រមាណសញ្ញា > ដើម្បីពិនិត្យមើលថា តើអថេរឈ្មោះ width ពិតជាធំជាងអថេរឈ្មោះ height មែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា true បញ្ជាក់ប្រាប់ថា អថេរឈ្មោះ width ពិតជាធំជាងអថេរឈ្មោះ height មែន។
នៅលើបន្ទាត់លេខ 7 ការសរសេរថា width < height គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីប្រៀបធៀប ដោយប្រើប្រាស់ប្រមាណសញ្ញា < ដើម្បីពិនិត្យមើលថា តើអថេរឈ្មោះ width ពិតជាតូចជាងអថេរឈ្មោះ height មែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា false បញ្ជាក់ប្រាប់ថា អថេរឈ្មោះ width មិនតូចជាងអថេរឈ្មោះ height ទេ។
នៅលើបន្ទាត់លេខ 8 ការសរសេរថា width >= height គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីប្រៀបធៀប ដោយប្រើប្រាស់ប្រមាណសញ្ញា >= ដើម្បីពិនិត្យមើលថា តើអថេរឈ្មោះ width ពិតជាធំជាងអថេរឈ្មោះ height មែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា true បញ្ជាក់ប្រាប់ថា អថេរឈ្មោះ width ពិតជាធំជាងឬស្មើនឹងអថេរឈ្មោះ height មែន។
នៅលើបន្ទាត់លេខ 9 ការសរសេរថា width <= height គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីប្រៀបធៀប ដោយប្រើប្រាស់ប្រមាណសញ្ញា <= ដើម្បីពិនិត្យមើលថា តើអថេរឈ្មោះ width ពិតជាតូចជាងឬស្មើនឹងអថេរឈ្មោះ height មែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា false បញ្ជាក់ប្រាប់ថា អថេរឈ្មោះ width មិនតូចជាងឬស្មើនឹងអថេរឈ្មោះ height ទេ។
មួយវិញទៀត នៅក្នុងភាសា JavaScript ដែលហៅថា ប្រមាណវិធីអត្ថសញ្ញាណ (identification operation) គឺជាប្រមាណវិធីទាំងឡាយណា ដែលនៅក្នុងនោះ មានការប្រើប្រាស់ប្រមាណសញ្ញា === និងឬ !== ក្នុងគោលបំណងយកអថេរពីរមកពិនិត្យមើលថា តើវាពិតជាស្មើគ្នានិងមានប្រភេទដូចគ្នាមែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះ គឺជាតក្កអថេរ។
យើងអាចយកអថេរផ្សេងៗ មកធ្វើប្រមាណវិធីអត្តសញ្ញាណ ដូចខាងក្រោមនេះ៖
var width = 176;
var height = 23.31;
var depth = width;
console.log(width === height);
console.log(width === depth);
console.log(width !== height);
នៅលើបន្ទាត់លេខ 5 ការសរសេរថា width === height គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីអត្តសញ្ញាណ ដោយប្រើប្រាស់ប្រមាណសញ្ញា === ដើម្បីពិនិត្យមើលថា តើអថេរឈ្មោះ width និងអថេរឈ្មោះ height ពិតជាស្មើគ្នានិងមានប្រភេទដូចគ្នាមែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា false បញ្ជាក់ប្រាប់ថា width និង height មិនស្មើគ្នានិងមិនមានប្រភេទដូចគ្នានោះទេ។
នៅលើបន្ទាត់លេខ 6 ការសរសេរថា width === depth គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីអត្តសញ្ញាណ ដោយប្រើប្រាស់ប្រមាណសញ្ញា === ដើម្បីពិនិត្យមើលថា តើអថេរឈ្មោះ width និងអថេរឈ្មោះ depth ពិតជាស្មើគ្នានិងមានប្រភេទដូចគ្នាមែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា true បញ្ជាក់ប្រាប់ថា width និង depth ពិតជាស្មើគ្នានិងមានប្រភេទដូចគ្នាមែន។
នៅលើបន្ទាត់លេខ 7 ការសរសេរថា width !== height គឺជាបញ្ជាតម្រូវឲ្យធ្វើប្រមាណវិធីអត្តសញ្ញាណ ដោយប្រើប្រាស់ប្រមាណសញ្ញា !== ដើម្បីពិនិត្យមើលថា តើអថេរឈ្មោះ width និងអថេរឈ្មោះ height ពិតជាខុសគ្នាមែនដែរឬទេ។ លទ្ធផលបានមកពីប្រមាណវិធីនេះគឺជា true បញ្ជាក់ប្រាប់ថា width ពិតជាខុសពី height មែន៕