កន្លងមក យើងបានបង្កើតក្បួនមួយមានឈ្មោះថា displayProfit តាមរបៀបម៉្យាង សម្រាប់គណនារកប្រាក់ចំណេញផ្សេងៗ។ ក៏ប៉ុន្តែលើសពីនេះទៀត យើងក៏អាចបង្កើតក្បួន displayProfit នេះ តាមរបៀបម៉្យាងទៀតបានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
function displayProfit(sale,purchase){
let profit = sale - purchase
console.log(`The profit is ${profit}`)
}
//ការយកក្បួនឈ្មោះ displayProfit មកប្រើ
displayProfit(1000,900)
នៅលើបន្ទាត់លេខ 1 ការសរសេរថា function displayProfit(sale, purchase) គឺជាបញ្ជាតម្រូវឲ្យបង្កើតក្បួនមួយ មានឈ្មោះថា displayProfit ដែលមានឈ្មោះ sale និងឈ្មោះ purchase ជាឈ្មោះស្ថិតនៅក្នុងរង្វង់ក្រចក នៅនឹងក្បាលក្បួន។ ឈ្មោះទាំងនោះ គឺជាឈ្មោះដែលមិនទាន់ត្រូវបានភ្ជាប់ទៅនឹងអថេរណាទាំងអស់ ដែលជាប្រការមិនអាចធ្វើទៅបានឡើយ នៅខាងក្រៅក្បួន។ ឈ្មោះទាំងនោះ ត្រូវហៅថា ដំណាង (parameter) ។
ដំណាងដែលជាឈ្មោះនៅនឹងក្បាលក្បួន ក៏ត្រូវចាត់ទុកថាស្ថិតនៅក្នុងក្បួនដែរ។ លើសពីនេះទៀត ដំណាងទាំងនោះ ត្រូវបានយកមកប្រើនៅក្នុងក្បួន ធ្វើហាក់ដូចជាវាត្រូវបានផ្តល់តំលៃជាទិន្នន័យណាមួយរួចទៅហើយ។ ប្រការនេះអាចធ្វើទៅបាន ក៏ដោយសារបញ្ជានៅក្នុងក្បួន មិនទាន់ត្រូវយកទៅអនុវត្ត គឺវាគ្រាន់តែជាគម្រោងការមួយតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅពេលដែលក្បួនត្រូវយកទៅប្រើ ដែលជាបញ្ជាតម្រូវឲ្យយកក្រុមបញ្ជានៅក្នុងក្បួនទៅអនុវត្ត ដំណាងទាំងនោះចាំបាច់ត្រូវតែត្រូវបានផ្តល់តំលៃជាទិន្នន័យណាមួយ បើពុំនោះសោតទេ កំហុសនឹងកើតមានឡើង។
នៅលើបន្ទាត់លេខ 7 ការសរសេរថា displayProfit(1000, 900) គឺជាបញ្ជាតម្រូវឲ្យយកក្បួនឈ្មោះ displayProfit មកប្រើ ដោយផ្តល់តំលៃលេខ 1000 អោយទៅតំណាង sale និងតំលៃលេខ 900 អោយទៅដំណាង purchase ។ ដូចនេះ នៅពេលដែលក្រុមបញ្ជានៅក្នុងក្បួននេះត្រូវយកទៅអនុវត្ត គ្រប់ការយកដំណាង sale និងដំណាង purchase ទៅប្រើ គឺជាការយកលេខ 1000 និង 900 ទៅប្រើរៀងគ្នា។
ទិន្នន័យនិងឬអថេរដែលយើងផ្តល់ឲ្យក្បួន នៅពេលយកក្បួនមកប្រើ ត្រូវហៅថា ដំណឹង (argument) ដែលអាចជាទិន្នន័យនិងឬអថេរប្រភេទណាក៏បានដែរ៕