លេខ​គឺ​ជា​ ទិន្នន័យ​បឋម (primitive datatype) ដ៏​ចាំបាច់​ម៉្យាង​ដែល​ស្ទើរ​តែ​គ្រប់​កម្មវិធី ES6 ទាំងអស់​ត្រូវ​យកទៅ​ប្រើប្រាស់​បង្កើត​ចេញ​ជា​លទ្ធផល​ខុស​ៗ ទៅតាម​អ្វី​ដែល​គេ​ចង់​បាន​។ ជាទូទៅ​លេខ​មាន​ពីរ​ប្រភេទ​គឺ​ចំនួន​គត់​និង​ចំនួន​ទសភាគ​​ដែល​ជាលេខ​មាន​ក្បៀស​។

 

លក្ខណៈ​សំខាន់​របស់​ទិន្នន័យ​ដែល​ជា​លេខ គឺ​យើង​អាច​យក​វា​មក​ប្រមាណវិធី​​ផ្សេង​ៗ បង្កើត​អោយ​ទៅ​ជាទិន្នន័យ​ដែល​យើង​ចង់​បាន​ ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

let sale = 1000
let purchase = 900.33
console.log(sale + purchase)
console.log(sale - purchase)
console.log(sale * purchase)
console.log(sale / purchase)
console.log(sale % purchase)
console.log(++sale)
console.log(--purchase)​

 

ក្រៅ​ពី​ការយក​លេខ​​ពីរ​មក​ធ្វើ​ប្រមាណ​វិធី យើង​ក៏​អាច​យក​​លេខ​​ជា​ច្រើន​ មក​ធ្វើ​ប្រមាណ​វិធី​ចម្រុះ​គ្នា ដើម្បី​ឲ្យ​បាន​លទ្ធផល​ជា​ទិន្នន័យ​ដែល​យើង​ត្រូវការ​។ ក្នុង​ករណី​នេះ យើង​បាន​ កន្សោម​ប្រមាណវិធី (expression) ​មួយ ដែល​នៅ​ក្នុង​នោះ មាន​ ប្រមាណ​សញ្ញា​ (operator) ជា​ច្រើន​​។ ហើយ​បើ​សិន​ជា​ប្រមាណ​សញ្ញា​ទាំងនោះ ជា​ប្រមាណ​សញ្ញា​ខុស​ៗ​គ្នា ប្រមាណ​វិធី​គឺ​ត្រូវ​ធ្វើ​ឡើង​ ដោយ​អនុលោម​ទៅ​តាម អាទិភាព​នៃ​ប្រមាណ​សញ្ញា (operator precedence) ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

let sale = 1000
let purchase = 900
let fee = 300
console.log(sale + purchase * fee)

 

នៅលើ​បន្ទាត់​លេខ 4 ការសរសេរ​ថា sale + purchase * fee គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​ធ្វើ​ប្រមាណ​វិធី​រវាង​​ចំនួន​គត់​បី​។ ក្នុង​ករណី​នេះ​ យើង​បាន​កន្សោម​ប្រមាណ​វិធី​មួយ ដែល​នៅ​ក្នុង​នោះ មាន​ ប្រមាណអង្គ (operand) ​ចំនួន​បី និង​ប្រមាណ​សញ្ញា​ចំនួន​ពីរ​ខុស​ៗ​គ្នា គឺ​ប្រមាណ​សញ្ញា​បូក (+) និង​ប្រមាណ​សញ្ញា​គុន (*) ។ អាស្រ័យទៅ​តាម​ក្បួនខ្នាត​​នៅ​ក្នុង​ភាសា ES6 ប្រមាណវិធី​ត្រូវ​ធ្វើ​ឡើង​ ដោយ​គោរព​ទៅ​តាម​អាទិភាព​នៃ​ប្រមាណ​សញ្ញា​។ ពោល​គឺ​ប្រមាណ​វិធី​គុន ត្រូវ​ធ្វើ​ឡើង​មុន​ប្រមាណវិធី​​បូក​។ ដូចនេះ​ ប្រមាណ​វិធី​គុន​រវាង​ចំនួនគត់​ឈ្មោះ purchase និង​​ចំនួនគត់​ឈ្មោះ fee ត្រូវ​ធ្វើ​ឡើង​មុន​គេ រួច​បាន​យក​លទ្ធផល​មក​ធ្វើ​ប្រមាណ​វិធី​បូក​ជាមួយ​នឹង​​ចំនួនគត់​ឈ្មោះ sale ។

 

អាទិភាព​នៃ​ប្រមាណ​សញ្ញា​នៅ​ក្នុង​កន្សោម​ប្រមាណ​វិធី មិនមែន​ជា​រឿង​ដែល​យើង​មិន​ដែល​ជួប​ប្រទះ​នោះ​​ទេ យើង​បាន​ដឹង​តាំងតែ​នៅ​វិទ្យាល័យ​មក​ម្លេះ​ថា នៅ​ក្នុង​កន្សោម​ពីជគណិត ប្រមាណ​សញ្ញា​គុន​មាន​អាទិភាព​ជាង​ប្រមាណ​សញ្ញា​បូក​។ ម៉្យាងទៀត នៅ​ក្នុង​កន្សោម​ពីជគណិត បើ​សិន​ណា​ជា​យើង​ចង់​ផ្តល់​អាទិភាព​ឲ្យ​ទៅ​ប្រមាណ​សញ្ញា​ណា​មួយ យើង​ត្រូវ​ប្រើ​សញ្ញា​រង្វង់​ក្រចក នៅ​អម​សងខាង​កន្សោម​ប្រមាណ​វិធី ដែល​មាន​ប្រមាណ​សញ្ញា​នោះ​។ ដូចគ្នា​ដែរ នៅ​ក្នុង​ភាសា ES6 បើ​សិន​ជា​យើង​ចង់​ផ្តល់​អាទិភាព​ឲ្យ​ទៅប្រមាណ​សញ្ញា​ណា​មួយ​នោះ យើង​ក៏​ត្រូវ​ប្រើ​សញ្ញា​រង្វង់​ក្រចក​នៅ​អម​សងខាង​ កន្សោម​ប្រមាណ​វិធី​ដែល​មាន​ប្រមាណ​សញ្ញា​នោះ​ដែរ​​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

let sale = 1000
let purchase = 900
let fee = 300
console.log((sale + purchase) * fee)

 

នៅ​លើ​បន្ទាត់​លេខ 4 ដោយហេតុ​ថា មាន​សញ្ញា​រង្វង់​ក្រចក​នៅ​អម​សងខាង​កន្សោម​ប្រមាណ​វិធី sale + purchase ដូចនេះ​ប្រមាណ​វិធី​បូក​​ត្រូវ​ធ្វើ​ឡើង​មុន​ប្រមាណ​វិធី​គុន​។

 

ទន្ទឹម​គ្នា​​នេះ​ដែរ យើង​សង្កេត​ឃើញ​ថា គ្រប់​ការយក​លេខ​ផ្សេង​ៗ​មក​ធ្វើ​ប្រមាណ​វិធី គឺ​ជាការបង្កើត​ទិន្នន័យ​ថ្មី​ផ្សេង​ៗ​ទៀត ទិន្នន័យ​ដើម​ដែល​ត្រូវ​បាន​យក​មក​ធ្វើ​ប្រមាណវិធី​ទាំងប៉ុន្មាន មិន​ត្រូវ​បាន​កែប្រែ​ ឬ​បាត់​បង់​ឡើយ​៕