ទិន្នន័យ​ដែល​មាន​ប្រភេទជា Boolean មាន​តែ​​ពីរ​យ៉ាង​​ប៉ុណ្ណោះ​គឺ true និង false ។ ទិន្នន័យ​ប្រភេទ​នេះ​ អាច​ត្រូវបង្កើត​ឡើង​ដោយ​ខ្លួន​យើង​ផ្ទាល់ ជួនកាល​វា​ក៏​ជា​លទ្ធផល​បាន​មក​ពី​ការធ្វើ​ប្រមាណ​វិធី​ទាំងឡាយ​ដែរ។ យើង​អាច​បង្កើត​ទិន្នន័យ Boolean ដោយ​ធ្វើ​ដូច​ខាង​ក្រោម​នេះ៖

 

let on = true
let off = false
 
console.log(on)
console.log(off)

 

សារសំខាន់​មួយ​ទៀត​នៃ​ទិន្នន័យ Boolean គឺ​យើង​អាច​យក​វា​​មក​ធ្វើ​ ប្រមាណ​វិធី​តក្កវិទ្យា​ (logical operation) ដោយ​ប្រើប្រាស់​ប្រមាណ​សញ្ញា &&, ||, ! ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

let on = true
let off = false
 
console.log(on && off)
console.log(on || off)
console.log(!on)
console.log(!off)

 

នៅ​ក្នុង​ការធ្វើ​ប្រមាណ​វិធី​តក្កវិទ្យា​ ដោយ​ប្រើប្រាស់​ប្រមាណ​សញ្ញា && លទ្ធផល​បាន​មក​ជាទិន្នន័យ true តែ​ក្នុង​ករណីដែលប្រមាណអង្គ​ (operand) ទាំងអស់​មាន​តំលៃ​ជា​ true តែប៉ុណ្ណោះ​។ ផ្ទុយ​ទៅវិញ បើ​មាន​ប្រមាណអង្គ​ណា​មួយមាន​តំលៃ​ជា false លទ្ធផល​បាន​មក​នឹង​ជា​ false ។

 

មួយវិញទៀត ការធ្វើប្រមាណវិធី​តក្កវិទ្យា​ដោយ​ប្រើប្រាស់​ប្រមាណ​សញ្ញា || លទ្ធផល​បាន​មក​​ជា​ true អោយ​តែ​មាន​ប្រមាណអង្គ​ណាមួយ​មាន​តំលៃ​ជា true បើ​ពុំនោះ​សោត​ទេ លទ្ធផល​នឹង​ជា​ false ។

 

ចំណែក​ឯ​ការធ្វើ​ប្រមាណ​វិធី​ដោយ​ប្រើប្រាស់​ប្រមាណសញ្ញា ! លទ្ធផល​បានមកជា​ទិន្នន័យ​ Boolean មាន​តំលៃផ្ទុយ​ពីតំលៃ​ដើម​របស់​ប្រមាណអង្គ​។

 

ដូច​បាន​រៀបរាប់​ខាង​ដើម​រួច​មក​ហើយ​ថា ទិន្នន័យ​ Boolean អាច​ជា​លទ្ធផល​បាន​មក​ពី​ការធ្វើ​ប្រមាណ​វិធី​មួយ​ចំនួន មាន​ដូច​ជា ​ប្រមាណវិធី​ប្រៀបធៀប​ជាដើម (comparison operation) ។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

let width = 176
let height = 23.31
 
console.log(width == height)
console.log(width != height)
console.log(width > height)
console.log(width < height)
console.log(width >= height)
console.log(width <= height)

 

យ៉ាងណាម៉ិញ យើង​ក៏​អាច​យក​ទិន្នន័យ​ផ្សេង​ៗ​មក​ធ្វើ​ ប្រមាណ​វិធីអត្តសញ្ញាណ (identification) ក្នុង​គោលបំណង​ពិនិត្យ​មើល​ថា តើ​ទិន្នន័យ​ទាំងនោះ​ជា​ទិន្នន័យ​តែ​មួយ​ ដែល​ត្រូវ​យក​ទៅ​ប្រើប្រាស់​នៅ​កន្លែង​ផ្សេង​ឬ​យ៉ាងណា​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ៖

 

let width = 176
let height = 23.31
let depth = width
 
console.log(width === height)
console.log(width === depth)
console.log(width !== height)

 

នៅ​ក្នុង​ការអនុវត្ត មាន​ទិន្នន័យ​មួយ​ចំនួន​​ក៏​មាន​តំលៃ​សមមូល (equivalent) នឹង​ទិន្នន័យ Boolean នេះ​ដែរ ដូចជា​លេខ​សូន្យ null និង undefined ត្រូវ​ចាត់​ទុក​ថា​សមមូល​នឹង​ false ។ ចំណែក​ឯ​ទិន្នន័យនៅ​សល់​ពី​នេះ ត្រូវ​ចាត់ទុក​ថា​សមមូល​នឹង true ។

 

ទិន្នន័យ Boolean ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​តក្កវិទ្យា (Boolean algebra) ដែល​ត្រូវបាន​​បង្កើត​ឡើង​ដោយ​គណិតវិទូ​ជនជាតិ​អង់គ្លេស​មាន​ឈ្មោះ​ថា George Boole នៅ​ក្នុង​កំឡុង​ឆ្នាំ 1847 ។

 

នៅ​ពេល​បច្ចុប្បន្ន​នេះ លោក George Boole ត្រូវ​បាន​​គេ​ចាត់​ទុក​ថា​ជា​បិតាវិទ្យាសាស្ត្រ​កំព្យូទ័រ​ម្នាក់​ដែរ ដោយ​ហេតុ​ថា​ប្រមាណវិធី​តក្កវិទ្យា​ទាំងឡាយមាន​​នៅ​ក្នុង​​មុខវិជ្ជា​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​ទៅ​តាម​ទ្រឹស្តី​​តក្កវិទ្យា​របស់​លោក George Boole ។