នៅ​ក្នុង​ភាសា ES6 ដែល​ហៅ​ថា​ ដែនកំណត់ក្នុង (local scope) គឺ​ជា​ទី​កន្លែង​ទាំងឡាយ​ណា​ ដែល​ស្ថិត​នៅ​ក្នុង​ក្បួន​។ ហើយ​ដើម្បី​បង្កើត​ទិន្នន័យ​និង​ឬ​អថេរ​ផ្សេង​ៗ នៅ​ក្នុង​ដែន​កំណត់​ក្នុង យើង​ត្រូវ​ធ្វើ​ដូច​​ខាង​ក្រោម​នេះ​៖

 

function getProfit(){
  //ការបង្កើតទិន្នន័យ​ក្នុង​ដែន​កំណត់​ក្នុង
  let money = [2000, 1500]
  let sale = money[0]
  let purchase = money[1]
  let profit = sale - purchase
  console.log(`The profit is ${profit}`)
}
 
getProfit()

 

យោង​តាម​ក្បួន​ច្បាប់​នៅ​ក្នុង​ភាសា ES6 គ្រប់​ទិន្នន័យ​និង​ឬ​អថេរ​នៅ​ក្នុង​ដែនកំណត់​ក្នុង ត្រូវ​បាន​បង្កើត​ឡើង នៅ​ពេល​ដែល​ក្បួន​ត្រូវ​បាន​​យក​ទៅ​ប្រើ និង​ត្រូវ​បាន​​លុប​ចេញ​វិញ​ នៅ​ពេល​ដែល​ក្បួន​ត្រូវ​បាន​ប្រើ​រួច​ហើយ​។ ជាក់ស្តែង នៅ​ក្នុង​កម្មវិធី​ខាង​លើ​នេះ កម្រង​ឈ្មោះ money ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ដែន​កំណត់​ក្នុង នៅ​ពេល​ដែល​ក្បួន​ឈ្មោះ getProfit ត្រូវ​បាន​យក​ទៅ​ប្រើ និង​ត្រូវ​លុប​ចេញ​វិញ នៅ​ពេល​ដែល​ក្បួន​នោះ​ត្រូវ​បាន​ប្រើ​រួច​ហើយ​។ ក៏​ប៉ុន្តែ បើ​សិន​ជា​ទិន្នន័យ​និង​ឬ​អថេរនោះ ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​កាន់​​ដែនកំណត់​ក្រៅ វត្ថុ​នោះ​នឹង​មិន​ត្រូវ​បាន​លុប​ចោល​ឡើយ នៅ​ពេល​ដែល​ក្បួន​ត្រូវ​បាន​ប្រើ​រួច​ហើយ​នោះ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

function getProfit(){
  //ការបង្កើតទិន្នន័យ​ក្នុង​ដែន​កំណត់​ក្នុង
  let money = [2000, 1500]
  let sale = money[0]
  let purchase = money[1]
  let profit = sale - purchase
  console.log(`The profit is ${profit}`)
  return money
}
 
/*ការយក​ក្បួន getProfit មក​ប្រើ​ដែល​ជា​កត្តា​ធ្វើ​អោយ
កំរង​ money ត្រូវ​បញ្ជូន​ចេញ​ទៅ​ក្រៅ​ក្បួន*/
let fee = getProfit()
 
console.log(fee)