ទិន្នន័យ (data) គឺជាលេខនិងឬឃ្លាប្រយោគទាំងឡាយណាមានតួនាទីស្នូលនៅក្នុងបណ្តាកម្មវិធីទាំងពួង។ មួយវិញទៀត គេអាចនិយាយបានថា ការសរសេរកម្មវិធី ES6 គឺជាការប្រើប្រាស់វិធីផ្សេងៗ ក្នុងគោលបំណងរក្សាទិន្នន័យទុកនៅក្នុងមូលដ្ឋានទិន្នន័យ និងការប្រើប្រាស់វិធីផ្សេងៗក្នុងការស្រង់យកទិន្នន័យទាំងនោះមកប្រើនៅក្នុងកាលៈទេសៈចាំបាច់ខុសៗគ្នា។
មួយវិញទៀត នៅក្នុងភាសា ES6 ទិន្នន័យដែលត្រូវយកមកប្រើប្រាស់ ចាំបាច់ត្រូវកត់ត្រាទុកនៅក្នុងផ្នែកផ្សេងៗនៃ សតិ (memory) របស់កំព្យូទ័រយក្សនៅលើបណ្តាញ Internet ឬឧបករណ៍អេឡិចត្រូនិករបស់អ្នកប្រើប្រាស់ជាមុនសិន។ ហើយផ្នែកនៃសតិទាំងនោះ ត្រូវគេអោយឈ្មោះថាជា អថេរ (variable) ។ ហើយការបង្កើតអថេរសំរាប់រក្សាទិន្នន័យទុកនៅពេលកម្មវិធីដំណើរកា អាចត្រូវធ្វើឡើងដូចខាងក្រោមនេះ៖
let post = `post item`
let postNumber = 100
console.log(post)
console.log(postNumber)
អាស្រ័យហេតុនេះ យើងសង្កេតឃើញថា នៅលើបន្ទាត់លេខ 1 គឺជាការប្រើប្រាស់បញ្ជា let ប្រាប់អោយកម្មវិធី Node.js បង្កើតអថេរមួយមានឈ្មោះថា post សំរាប់រក្សាទុកនូវទិន្នន័យមួយដែលជាឃ្លាប្រយោគ post item ។ ហើយនៅលើបន្ទាត់លេខ 2 គឺជាការប្រើប្រាស់បញ្ជា let ប្រាប់អោយកម្មវិធី Node.js បង្កើតអថេរ postNumber មួយទៀត សំរាប់រក្សាទុកនូវទិន្នន័យដែលជាលេខ 100 ។ ចំណែកឯបញ្ជា console.log វិញ ត្រូវបានប្រើប្រាស់សំរាប់តែសរសេរបង្ហាញទិន្នន័យទាំងពួង នៅលើបង្អួច Terminal តែប៉ុណ្ណោះ។
ជាទូទៅ គេច្រើនប្រៀបប្រដូចអថេរទៅនឹងប្រអប់មួយប្រើប្រាស់សំរាប់រក្សាទុកនូវទិន្នន័យណាមួយ នៅពេលកម្មវិធីកំពុងដំណើរការ។ ទន្ទឹមនឹងនេះ យើងត្រូវធ្វើការកត់ចំណាំថា បណ្តាអថេរដែលមានលក្ខណៈជាប្រអប់ទាំងនោះ កើតមានឡើងតែនៅពេលកម្មវិធីដំណើរការតែប៉ុណ្ណោះ ហើយនៅពេលកម្មវិធីចប់ អថេរទាំងនោះត្រូវរលាយបាត់ទៅវិញទាំងអស់ ដែលជាកត្តាធ្វើអោយទិន្នន័យនៅក្នុងនោះទាំងប៉ុន្មាន ក៏ត្រូវលុបចោលដែរ។
ឈ្មោះរបស់អថេរអាចជាពាក្យឬក្រុមពាក្យជាភាសាណាក៏បានដែរ អោយតែឈ្មោះទាំងនោះមិនចាប់ផ្តើមដោយលេខ និងគ្មានអក្សរដកឃ្លានៅក្នុងនោះ។ ឈ្មោះទាំងនោះក៏ត្រូវខុសពីពាក្យពិសេសមួយចំនួននៅក្នុងភាសា ES6 ដែរ។
យ៉ាងណាម៉ិញ ក្រោយពីបានផ្តល់តំលៃដែលជាទិន្នន័យណាមួយអោយទៅអថេរណាមួយរួចហើយ យើងអាចធ្វើការដោះដូរទិន្នន័យនៅក្នុងអថេរនោះបាន ដោយធ្វើដូចខាងក្រោមនេះ៖
let post = `initial data`
post = `new data`
console.log(post)
ការផ្លាស់ប្តូរទិន្នន័យរបស់អថេរ post នៅក្នុងកម្មវិធីខាងលើនេះ ត្រូវធ្វើឡើងនៅលើបន្ទាត់លេខ 2 ។ ជាលទ្ធផល ទិន្នន័យថ្មីនៅក្នុងអថេរ post គឺជាប្រយោគ new data ។
មួយវិញទៀត បើសិនជាយើងចង់បង្កើតអថេរណាមួយប្រើសំរាប់រក្សាទុកនូវទិន្នន័យតែមួយគត់ និងមិនអាចត្រូវផ្លាស់ប្តូរបាន តាំងពីដើមកម្មវិធី រហូតដល់ចប់កម្មវិធី យើងត្រូវបង្កើតអថេរនោះដោយប្រើប្រាស់បញ្ជា const ដូចខាងក្រោមនេះ៖
const post = `initial data`
post = `new data`
console.log(post)
អថេរឈ្មោះ post ខាងលើនេះ ត្រូវបានបង្កើតឡើង ដោយប្រើប្រាស់បញ្ជា const នៅក្នុងភាសា ES6 ក្នុងគោលបំណងរក្សាទុកនូវទិន្នន័យ initial data តែមួយជាប់ជានិច្ចសំរាប់យកទៅប្រើរហូតដល់កម្មវិធីត្រូវចប់។ ហើយការប៉ុនប៉ងផ្តល់តំលៃថ្មីអោយអថេរនេះ កំហុសនឹងកើតមានឡើង។ បណ្តាអថេរដែលមិនអាចត្រូវដោះដូរតំលៃរបស់វាបានបែបនេះ ត្រូវគេអោយឈ្មោះថាជា constant ៕