តើ​ពាក្យ​ថា «កំរង» មាន​ន័យ​ដូចម្តេច​ដែរ? នៅ​ក្នុង​ភាសា​ខ្មែរ ពាក្យនេះ​មាន​ន័យ​ថា​ជា​វត្ថុ​មួយ​ដែល​នៅ​ក្នុង​នោះ​មាន​វត្ថុ​ជា​ច្រើន​ទៀត​ត្រូវ​បាន​ចង​ឬ​ដោត​តំរៀប​គ្នា​ជា​ជួរ​មួយ​ខ្សែ​ចាប់​ពី​មួយ​ឡើង​ទៅ​​។ វត្ថុ​នៅ​ក្នុង​កំរង​ណា​មួយ អាចជា​វត្ថុ​មាន​ប្រភេទ​ដូច​គ្នា​ឬ​ខុស​គ្នា។ មួយវិញទៀត ការយក​វត្ថុ​ណាមួយ​ចេញ​ពី​កំរង ឬ​បញ្ចូលវត្ថុ​ណា​មួយ​ទៅ​ក្នុង​កំរង ត្រូវ​ធ្វើ​ឡើង​តាមលេខ​​រៀង​​​ដំបូង​គេ​ និងឬ​ ចុង​ក្រោយ​គេ​។

 

នៅ​ក្នុង​ភាសា ES6 ពាក្យ​ថា array គឺ​ជា​កំរង​បើក​មួយ ដែល​នៅ​ក្នុង​នោះ​មាន​ទិន្នន័យ​ជា​ច្រើន តម្រៀប​ជួរ​គ្នា​តាម​លេខរៀង​រាប់​ចាប់​ពី​សូន្យ​ឡើង​ទៅ​។ ដើម្បី​បង្កើត​ array ឬ​កំរង​បើក​ណាមួយ យើង​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម​៖

 

//បង្កើត​កំរង​បើក​មួយ​មាន​ឈ្មោះ​ថា list 
let list = [100, 1.5, 'sale price', true]
 
console.log(list)

 

ទិន្នន័យ​ផ្សេង​ៗ​ដែល​មាន​នៅ​ក្នុងកំរង ត្រូវ​គេ​អោយ​ឈ្មោះ​ថា​ជា​ ធាតុ​ (element) របស់​កំរង​​។ ហើយ​ធាតុ​ទាំងនោះ​អាច​ជា​ទិន្នន័យ​​មាន​ប្រភេទ​ដូច​គ្នា ​ឬ​​ជា​ទិន្នន័យ​មាន​ប្រភេទ​ខុស​ៗ​​​គ្នា​។

 

ដើម្បី​អាច​យក​ធាតុ​ទាំងឡាយ​មាន​នៅ​ក្នុង​កំរង​ណាមួយមក​ប្រើការ យើង​ចាំបាច់​ត្រូវ​ប្រើប្រាស់ ប្រមាណវិធី​លេខ​រៀង (indexing operation) ដោយ​ប្រើប្រាស​ប្រមាណ​សញ្ញា [ ] ដូច​ខាង​ក្រោម​នេះ៖

 

let list = [200, 0.35, 20, 73]
 
/*ការធ្វើ​ប្រមាណ​វិធី​លេខរៀង ដើម្បី​ចម្លង​យក​ធាតុ​មាន​លេខរៀង 2 
នៅ​ក្នុង​​កំរង​ឈ្មោះ list​ ។*/
console.log(list[2])

 

ក្រៅ​ពី​ការចម្លង​យក​ធាតុ​​នៅ​ក្នុង​​កំរង​​​យក​មក​ប្រើការ យើង​ក៏​អាច​ធ្វើ​ប្រមាណ​វិធី​លេខរៀង ដើម្បី​​ផ្លាស់ប្តូរ​​ធាតុ​ណា​មួយ​នៅ​ក្នុង​កំរងបាន​ដែរ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

let list = [200, 0.35, 20, 73]
 
/*ការ​ធ្វើ​ប្រមាណ​វិធី​លេខរៀង ដើម្បី​ផ្លាស់ប្តូរ​ធាតុ​​មាន​លេខរៀង 2 
នៅ​ក្នុង​​កំរង​ឈ្មោះ list ឲ្យ​មក​ជា​​ប្រយោគ​មាន​ន័យ​ថា «new item» វិញ​។*/
list[2] = 'new item'
 
console.log(list[2])
console.log(list)