String គឺជាថ្នាក់មានស្រាប់ ដែលត្រូវបានបង្កើតឡើងដោយស្វ័យប្រវត្តិ ទុកនៅក្នុងដែនកំណត់មានស្រាប់។ អាស្រ័យហេតុនេះ យើងអាចយកថ្នាក់ String នេះទៅប្រើនៅក្នុងដែនកំណត់ណាក៏បានដែរ ពីព្រោះគ្រប់ទិន្នន័យនិងក្បួនខ្នាតទាំងឡាយណាដែលមាននៅក្នុងដែនកំណត់មានស្រាប់ អាចត្រូវយកទៅប្រើនៅទីណាក៏បានដែរ។
មួយវិញទៀត គ្រប់ទិន្នន័យទាំងអស់ដែលមានប្រភេទជាប្រយោគ គឺត្រូវតែជាសិស្សនៃថ្នាក់ String នេះ ទោះជាប្រយោគទាំងនោះត្រូវបានបង្កើតឡើង ដោយមិនបានយកថ្នាក់ String មកប្រើជាមួយនឹងប្រមាណសញ្ញា new ក៏ដោយ ។ ក៏ប៉ុន្តែ ទិន្នន័យមានប្រភេទជាប្រយោគ ក៏អាចត្រូវបង្កើតឡើង ដោយយកថ្នាក់ String នេះមកប្រើជាមួយនឹងប្រមាណសញ្ញា new បានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការបង្កើតប្រយោគមួយចេញពីថ្នាក់ String
let oldSaying = new String('Programming ES6')
console.log(oldSaying)
នៅក្នុងថ្នាក់មានស្រាប់ឈ្មោះ String មានសម្បត្តិមួយចំនួនដែលអាចត្រូវយកទៅប្រើជាមួយនឹងគ្រប់ទិន្នន័យមានប្រភេទជាប្រយោគទាំងអស់។ សម្បត្តិសំខាន់ៗនៅក្នុងថ្នាក់ String មានដូចខាងក្រោមនេះ៖
length : គឺជាទិន្នន័យសិស្ស ដែលជាចំនួនតួអក្សរមាននៅក្នុងប្រយោគ។
charAt(index) : គឺជាវិធីប្រើសម្រាប់ចម្លងយកតួអក្សរមានលេខរៀងណាមួយ នៅក្នុងប្រយោគណាមួយ។
concat(sentence1, sentence2, …, sentencen) : គឺជាវិធីប្រើសម្រាប់ចម្លងយកប្រយោគមួយចំនួន មកដាក់បន្តគ្នាបង្កើតបានជាប្រយោគមួយថ្មីទៀត។
replace(oldWord, newWord) : គឺជាវិធីប្រើសម្រាប់ជំនួសពាក្យណាមួយនៅក្នុងប្រយោគណាមួយ ដោយពាក្យថ្មីណាមួយទៀត ដើម្បីបង្កើតប្រយោគថ្មីមួយទៀត។
slice(beginIndex, endIndex) : គឺជាវិធីប្រើសម្រាប់ចម្លងយកតួអក្សរមួយចំនួន ដែលមានលេខរៀងចាប់ពីត្រឹមណាមួយ រហូតដល់ត្រឹមណាមួយទៀត នៅក្នុងប្រយោគណាមួយ៕