Array គឺ​ជា​ថ្នាក់​មាន​ស្រាប់ ដែល​ត្រូវបានបង្កើតឡើង​រួច​ជា​ស្រេច​ ទុក​នៅ​ក្នុង​ដែនកំណត់​មាន​ស្រាប់​ជាមួយ​នឹង​ក្បួន​ខ្នាត​​មួយ​ចំនួន​ទៀត​។ ដូចនេះ​ យើង​អាច​យក​ថ្នាក់​ឈ្មោះ Array នេះ​ទៅ​ប្រើ​នៅ​ទីណា​ក៏​បាន​ដែរ​។

 

ជាទូទៅ គ្រប់​ទិន្នន័យ​​ដែល​មាន​ប្រភេទ​​ជា​កម្រង​ទាំងអស់ គឺ​ជា​សិស្ស​នៃ​ថ្នាក់​ឈ្មោះ Array ទោះបី​​ជា​វត្ថុ​ទាំងនោះ​ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​គ្មាន​បាន​យក​ថ្នាក់​ឈ្មោះ Array ​នេះ​មក​ប្រើ​ជាមួយ​នឹង​ប្រមាណ​សញ្ញា new ក៏​ដោយ​។ ក៏​ប៉ុន្តែ​យើង​ក៏​អាច​យក​ថ្នាក់​មាន​ស្រាប់​​ឈ្មោះ Array នេះ មក​ប្រើ​ជាមួយ​នឹង​ប្រមាណ​សញ្ញា new ​ដើម្បី​បង្កើត​ទិន្នន័យ​​ដែល​ជា​កម្រង​បាន​ដែរ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

//ការបង្កើត​កំរង​មួយ​ដោយ​យក​ថ្នាក់ Array មកប្រើ
let dimension = new Array(25, 10, 5)
console.log('វត្ថុឈ្មោះ dimension គឺ​ជា​កម្រង៖ ['+dimension+']')

 

នៅ​ក្នុង​ថ្នាក់​មាន​ស្រាប់​ឈ្មោះ Array មាន​សម្បត្តិ​​មួយ​ចំនួន ​ដែល​​អាច​ត្រូវ​យក​ទៅ​ប្រើ​ជាមួយ​នឹង​ទិន្នន័យ​ដែល​​មាន​ប្រភេទ​ជា​កម្រង​ផ្សេង​ៗ​។ សម្បត្តិ​សំខាន់​ៗ​នៅ​ក្នុង​ថ្នាក់​ឈ្មោះ Array មាន​ដូច​ខាង​ក្រោម​នេះ​​៖

 

length : គឺ​ជា​ទិន្នន័យ​សិស្ស​​តាង​ឲ្យ​​ចំនួន​ធាតុ​​ទាំងអស់​ ដែល​មាន​នៅ​ក្នុង​កម្រង​ណា​មួយ​។ 

concat(list1, list2, …, listn) : គឺ​ជា​វិធី​ប្រើ​សម្រាប់​ចម្លង​យក​កម្រង​មួយ​ចំនួន​ មក​​ដាក់​បន្ត​គ្នា​បង្កើ​តបាន​ជា​កម្រង​មួយ​ថ្មី​ទៀត​។ 

pop()​ : គឺ​ជា​វិធី​ប្រើ​សម្រាប់​កាត់​យក​ធាតុ​​នៅ​ខាង​​ចុង​គេ នៅ​ក្នុង​កម្រង​ណា​មួយ​។ 

shift() : គឺ​ជា​វិធីប្រើ​សម្រាប់​កាត់​យក​ធាតុ​នៅ​ខាង​ដើម​គេ​បង្អស់​ នៅ​ក្នុង​កម្រង​ណា​មួយ​។ 

push(element1, element2, …, elementn)​ : គឺ​​ជា​វិធី​ប្រើ​សម្រាប់​បន្ថែម​ធាតុ​មួយ​ចំនួន​ នៅ​ខាង​ចុងកម្រង​ណា​មួយ​។ reverse() : គឺ​ជាវិធី​ប្រើ​សម្រាប់​តម្រៀប​ធាតុ​នៅ​ក្នុង​កម្រង​ណា​មួយ​ តាម​លំដាប់​ថ្នាក់​បញ្ច្រាស​មក​វិញ​។ 

slice(beginIndex, endIndex) : គឺ​ជា​វិធី​ប្រើ​សម្រាប់​ចម្លង​យក​ធាតុ​មួយ​ចំនួន​ នៅ​ក្នុង​​កម្រង​ណា​មួយ​​។ 

sort() : គឺ​ជា​វិធី​ប្រើ​សម្រាប់​តម្រៀប​​តាម​លំដាប់​តួ​អក្សរ​ នូវ​​បណ្តា​ធាតុ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​កម្រង​ណា​មួយ​។ unshift(element1, element2,…, elementn) : គឺ​ជា​វិធី​ប្រើ​សម្រាប់​បន្ថែម​ធាតុ​មួយ​ចំនួន​​នៅ​ខាង​ដើម​កម្រង​ណា​មួយ​​។ splice(index,number,element1,…..,elementn) : គឺ​ជា​វិធី​ប្រើ​សម្រាប់​បន្ថែម​និង​ឬ​កាត់យក​ធាតុ​មួយ​ចំនួន​​ ទៅ​ក្នុង​និងឬ​ពី​ក្នុង កម្រង​ណាមួយ​។