នៅ​ក្នងភាសា ES6 ដែល​ហៅ​ថា សំណុំ (object) គឺ​ជា​ទិន្នន័យ​មួយ​ប្រភេទ ដែល​នៅ​ក្នុង​នោះ​មាន​ទិន្នន័យ​​ជា​ច្រើន​ទៀត​ នៅ​ជាប់​គ្នា​មួយ​គូ ៗ​។ សំណុំទិន្នន័យ​អាច​ត្រូវ​បង្កើតឡើង ដោយ​​ធ្វើ​ដូច​ខាង​ក្រោម​នេះ​៖

 

//ការបង្កើត​​សំណុំ​ទិន្នន័យ​មួយ​មាន​ឈ្មោះ​ថា set
let set = {'drink':5, 'book':'Buddhism', 'money':1000}
 
console.log(set)

 

ទិន្នន័យ​ដែល​នៅ​​ជាប់​គ្នា​មួយ​គូ នៅ​ក្នុង​សំណុំទិន្នន័យ ត្រូវ​ហៅ​ថា ធាតុគូ (item) ។ ធាតុ​គូ​ទាំងនោះ​នៅ​ជាប់​គ្នា​ដោយ​សារ​សញ្ញាចុច​ពីរ « : » ។ នៅ​ក្នុង​ធាតុ​គូ ទិន្នន័យ​​​នៅ​ខាង​ឆ្វេង​​ត្រូវ​ហៅ​ថា ផ្លាក (key) ដែល​អាច​​​​​ជា​ប្រយោគ​​ដែល​ជាពាក្យ​ណា​មួយ​ ឬ​ជា​លេខ​តាង​អោយ​ចំនួនណា​មួយ​។ ចំណែក​ឯ​ទិន្នន័យ​នៅ​ខាង​ស្តាំ​វិញ ត្រូវ​ហៅ​ថា តំលៃ (value) ដែល​អាច​ជា​ទិន្នន័យ​ប្រភេទ​ណា​ក៏​បាន​ដែរ​។ ជាទូទៅ​នៅ​ក្នុង​​​សំណុំទិន្នន័យ អថេរ​ដែល​​​ជា​ផ្លាក​មានតួ​​នាទី​សំខាន់​ណាស់​ សម្រាប់​​សម្គាល់​ទីតាំង​របស់​ទិន្នន័យ​ដែល​​​ជា​តម្លៃ​នៅ​ក្នុង​ធាតុ​គូ​។ ហើយ​គឺ​ដោយសារ​​ផ្លាក​នេះ​ហើយ ទើប​គេ​អាច​យក​​​តម្លៃ​ទៅ​ប្រើ​ការធ្វើ​អ្វី​ផ្សេង​ៗ​ទៀត​បាន​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

//ការបង្កើត​​សំណុំ​ទិន្នន័យ​មួយ​មាន​ឈ្មោះ​ថា set
let set = {'drink':5, 'book':'Buddhism', 'money':1000}
//ការយក​តំលៃ​ជាប់​នឹង​ផ្លាក drink មក​ប្រើការ​
console.log(set['drink'])
//ការយក​តំលៃ​ជាប់​នឹង​ផ្លាក book មក​ប្រើការ​
console.log(set['book'])
console.log(set)

 

ក្រៅ​ពី​ការចម្លង​យក​តំលៃ​នៅ​ក្នុង​​​​សំណុំទិន្នន័យ​​ យក​មក​ប្រើការ យើង​ក៏​អាច​ធ្វើការ​ដោះដូរ​តំលៃ​ទាំងនោះ​បាន​ដែរ​។ ពិនិត្យ​កម្មវិធី​ខាង​ក្រោម​នេះ​៖

 

//ការបង្កើត​​សំណុំ​ទិន្នន័យ​មួយ​មាន​ឈ្មោះ​ថា set
let set = {'drink':5, 'book':'Buddhism', 'money':1000}
console.log(set['book'])
/*ការធ្វើ​ប្រមាណវិធី​លេខរៀង ដើម្បី​ដោះដូរ
តំលៃ​ជាប់​នឹង​ផ្លាក book */
set['book'] = 'Beginning Node.js with ES6'
 
console.log(set)

 

លក្ខណៈពិសេស​មួយ​ទៀត​របស់​​​សំណុំ​ទិន្នន័យ គឺ​ថា​យើង​អាច​បន្ថែម​ធាតុគូ​ថ្មី​ៗ​​ផ្សេង​ៗ​ទៀត ចូល​ទៅ​ក្នុង​​សំណុំ​ទិន្នន័យ​បាន ដោយ​ធ្វើ​ប្រមាណវិធី​លេខរៀង​​ខាង​ក្រោម​នេះ​៖

 

//ការបង្កើត​​សំណុំ​ទិន្នន័យ​មួយ​មាន​ឈ្មោះ​ថា set
let set = {'drink':5, 'book':'Buddhism', 'money':1000}
/*ការធ្វើ​ប្រមាណវិធី​លេខរៀង ដើម្បី​បន្ថែម
ធាតុ​គូ​​ថ្មី​ចូល​ទៅ​ក្នុង​​សំណុំ​ឈ្មោះ set */
set['food'] = 'orange';
 
console.log(set)

 

នៅ​ក្នុង​ភាសា ES6 ដែល​ហៅ​ថា ប្រមាណ​វិធី​រក​ធាតុ (membership operation) គឺ​ជា​ប្រមាណ​វិធី​ទាំងឡាយ​ណា​ ដែល​នៅ​ក្នុង​នោះ​មាន​ការប្រើប្រាស់​ប្រមាណ​សញ្ញា in ដើម្បី​ពិនិត្យ​មើល​ថា តើ​នៅ​ក្នុង​​​​សំណុំទិន្នន័យ​​ណា​មួយ មាន​ផ្លាក​ដូច​ទៅ​នឹង​ទិន្នន័យ​​ណា​មួយ​នោះ​ដែ​ឬ​ទេ​។ លទ្ធផល​បាន​មក​ពី​ប្រមាណ​វិធី​នេះ​គឺ​ជា​ទិន្នន័យ Boolean ​​។

 

យើង​​​សំណុំ​ផ្សេង​ៗ​ មក​ធ្វើ​ប្រមាណវិធី​រក​ធាតុ​​ដូច​ខាង​ក្រោម​នេះ​៖

 

//ការបង្កើត​​សំណុំ​ទិន្នន័យ​មួយ​មាន​ឈ្មោះ​ថា set
let set = {'drink':5, 'book':'Buddhism', 'money':1000}
/*ការធ្វើប្រមាណវិធី​រក​ធាតុ ដើម្បី​ពិនិត្យ​មើលថា​តើ​នៅ​ក្នុង
​សំណុំ​ឈ្មោះ set មាន​ផ្លាក​ណា​មួយ​ជា​ពាក្យ​ថា book ដែរ​ឬទេ*/
console.log('book' in set);
 
/*ការធ្វើប្រមាណវិធី​រក​ធាតុ ដើម្បី​ពិនិត្យ​មើលថា​តើ​នៅ​ក្នុង
​សំណុំ​ឈ្មោះ set មាន​ផ្លាក​ណា​មួយ​ជា​ពាក្យ​ថា food ដែរ​ឬទេ*/
console.log('food' in set);