មុននឹងចាប់សិក្សាពី ES6 ដែលជាភាសា JavaScript បែបទំនើបលឿនទាន់ចិត្តនិងកំពុងពេញនិយមនៅក្នុងពិភពនៃការសេរកម្មវិធីគ្រប់បែបយ៉ាងទាំងអស់ ទាំងកម្មវិធីដាច់ដោយឡែក (standalone application) សំរាប់ប្រើប្រាស់ជាលក្ខណៈឯកជន ទាំងកម្មវិធីដំណើរការនៅលើគេហទំព័រ (web application) យើងចាំបាច់ត្រូវស្វែងយល់ពីអ្វីទៅដែលហៅថា «កម្មវិធី» ជាមុនសិន។
ជារួមពាក្យថា «កម្មវិធី» គឺមកពីពាក្យថា កម្ម+វិធី ហើយ កម្ម គឺជាភាសាបាលីសំស្រ្កឹតមានន័យថា អំពើ ឬសកម្មភាពដែលត្រូវធ្វើ។ ហើយបើយើងពិនិត្យទៅលើកម្មវិធីផ្សេងៗនៅជុំវិញខ្លួនយើងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងអាចនិយាយបានថា កម្មវិធីទាំងនោះគឺជាសកម្មភាពដែលត្រូវធ្វើតាមលំដាប់លំដោយ តាំងពីដើមរហូតដល់ចប់ ក្នុងគោលបំណងសំរេចបាននូវលទ្ធផលអ្វីមួយឬច្រើន អាស្រ័យទៅតាមគំរោងការដែលបានរៀបចំឡើង មានជាឧទាហរណ៍ដូចជា កម្មវិធីបុណ្យ កម្មវិធីទូរទស្សន៍ កម្មវិធីអភិវឌ្ឍន៍ ជាដើម។ល។ និង ។ល។ ។
ដោយឡែក សំរាប់កម្មវិធីដែលត្រូវរៀបចំឡើងសំរាប់ឧបករណ៍អេឡិចត្រូនិក ដែលត្រូវគេហៅថាជា Application ឬហៅកាត់យ៉ាងខ្លីថា «APP» នោះ វាក៏ជាកម្មវិធីមួយប្រភេទ ដូចជាកម្មវិធីដទៃទៀតដែរ ពោលវាជាក៏ជាគំរោងការមួយដែលតំរូវអោយឧបករណ៍ Electronic ទាំងឡាយ អនុវត្ត (execute) បញ្ជាដែលមាននៅក្នុងគំរោងការនោះ ក្នុងគោលបំណងសំរេចបាននូវលទ្ធផលផ្សេងៗ ដែល អ្នករៀបចំកម្មវិធី (programmer) ចង់បាន។
ជាក់ស្តែង ឧបមាថាយើងចង់រៀបចំកម្មវិធីគេហទំព័រមួយ ដែលនឹងតំរូវអោយកំព្យូទ័រយក្សនៅលើបណ្តាញ Internet ចុះផ្សាយនូវព័ត៌មានប្រចាំថ្ងៃផ្សេងៗ ដែលនៅក្នុងនោះអាចមានជា អត្ថបទ រូបភាព និង វិដេអូជាដើម។ យើងអាចរៀបចំគំរោងការដែលជា បញ្ជា (statement) មួយចំនួនដូចខាងក្រោមនេះ៖
ចំលងយកព័ត៌មានរក្សាទុកក្នុងមូលដ្ឋានទិន្នន័យ
បង្ហាញពត៌មានថ្មីៗជាងគេនៅលើទំព័រមុខគេហទំព័រ
បង្ហាញព័ត៌មាននិមួយៗនៅលើទំព័រដាច់ដោយឡែកនៅពេលអ្នកអានចុច
ក៏ប៉ុន្តែការសរសេររៀបគំរោងការឬកម្មវិធីជាភាសាខ្មែរដូចខាងលើនេះ កំព្យូទ័រយក្សនៅលើបណ្តាញ Internet មិនអាចយល់បានឡើយ យើងចាំបាច់ត្រូវសរសេរជាភាសាណាមួយ ដែលវាអាចយល់និងយកទៅអនុវត្តបាន។
រហូតមកដល់ពេលសព្វថ្ងៃនេះ មានភាសាជាច្រើនត្រូវបានបង្កើតឡើង សំរាប់អោយយើងអាចយកទៅប្រើប្រាស់ក្នុងការសរសេរកម្មវិធីទាំងឡាយ ដែលអាចដំណើរការនៅក្នុងឧបករណ៍អេឡិចត្រូនិក។ ភាសាទាំងនោះមានដូចជា ES6, Python, និង PHP ជាដើម។
នៅក្នុងចំណោមភាសាទាំងនោះ ES6 (ECMAScript 6) គឺជាភាសា JavaScript សម័យទំនើប ដែលអាចត្រូវយកទៅប្រើប្រាស់សរសេរកម្មវិធីដែលអាចដំណើរការនៅគ្រប់ទីកន្លែងទាំងអស់ ទាំងនៅក្នុងឧបករណ៍អេឡិចត្រូនិកដាច់ដោយឡែក ទាំងនៅលើបណ្តាញ Internet ដែលគេនិយមហៅថា «កម្មវិធីគេហទំព័រ» ឬ Web Application ។
ECMAScript ត្រូវបានបង្កើតឡើងដោយលោក Brendan Eich កាលពីលោកនៅជាវិស្វករផ្នែកទន់ធ្វើការនៅក្នុងក្រុមហ៊ុន Netscape នៃសហរដ្ឋអាមេរិក។ នៅពេលបង្កើតឡើងដំបូងនៅក្នុងកំឡុងឆ្នាំ 1995 លោក Brendan Eich បានដាក់ឈ្មោះភាសាសំរាប់សរសេរកម្មវិធីរបស់លោកថា Mocha និងត្រូវកែដាក់ឈ្មោះថា LiveScript ហើយចុងក្រោយបង្អស់ត្រូវបានកែដាក់ឈ្មោះថា JavaScript ។
មូលហេតុចំបងក្នុងការដាក់ឈ្មោះអោយភាសារបស់លោកថា JavaScript ដោយហេតុថានៅក្នុងកំឡុងឆ្នាំ 1995 ភាសា Java មានប្រជាប្រិយភាពជាខ្លាំងនៅក្នុងចំណោមអ្នកសរសេរកម្មវិធីទាំងឡាយ។ ហើយដើម្បីអោយភាសារបស់លោកត្រូវបានគេស្គាល់ផងដែរនោះ លោក Brendan Eich ក៏សំរេចចិត្តដាក់ឈ្មោះអោយវាថាជា JavaScript តែម្តងទៅ។
តាមការពិត JavaScript គ្មានអ្វីជាប់ទាក់ទងនឹងភាសា Java ទាល់តែសោះ។ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ វាត្រូវបានគេដាក់ឈ្មោះអោយថាជា ECMAScript 6 ឬ ES6 ដែលការវិវត្តរបស់វាទទួលរងនូវឥទ្ធិពលពីភាសា Python ច្រើនជាងគេ៕