យើងត្រូវរំលឹកឡើងវិញថា while និង for/in គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងនោះ សារចុះសារឡើង វិលចុះវិលឡើង ជាច្រើនលើកច្រើនសារ គឺប្រៀបបានទៅនឹងកងចក្រមួយ ដែលវិលគ្មានឈប់។ នៅក្នុងភាសា JavaScript សកម្មភាពវិលជាប់នេះត្រូវហៅថា វដ្តកម្ម (loop) ។
let intList = [10, 20,];
let realList = [1.5, 2.33, 3.17, 4.32];
for(let index in intList){
console.log(`Element of the array intList with index ${index} is ${intList[index]}`)
for(let innerIdex in realList){
console.log(`-----Element of the array realList with index ${innerIdex} is ${realList[innerIdex]}`)
}
}
ក្នុងករណីវដ្តកម្មមួយនៅក្នុងវដ្តកម្មមួយទៀត ក្រុមបញ្ជានៅក្នុងវដ្តកម្មនៅខាងក្នុង ត្រូវយកទៅអនុវត្តរហូតដល់លក្ខខ័ណ្ឌត្រូវបំពេញ រាល់លើកដែលក្រុមបញ្ជានៅក្នុងវដ្តកម្មខាងក្រៅ ត្រូវយកទៅអនុវត្តចំនួនមួយដង។
ជាក់ស្តែង នៅក្នុងកម្មវិធីខាងលើនេះ រាល់លើកដែលក្រុមបញ្ជានៅក្នុងវដ្តកម្មនៅខាងក្រៅ ត្រូវយកទៅអនុវត្តចំនួន 1 ដង ក្រុមបញ្ជានៅក្នុងវដ្តកម្មនៅខាងក្នុង ត្រូវយកទៅអនុវត្តចំនួន 4 ដង ។ យើងអាចនិយាយបានម៉្យាងទៀតថា វដ្តកម្មនៅខាងក្រៅវិល 1 ជុំ វដ្តកម្មនៅខាងក្នុងវិលចំនួន 4 ជុំ៕