for/in គឺជាបញ្ជាតម្រូវឲ្យពិនិត្យមើលលេខរៀងឬផ្លាកនៃធាតុទាំងអស់ ដែលមាននៅក្នុងសមាសវត្ថុណាមួយបណ្តើរ និងតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងបញ្ជា for/in នោះបណ្តើរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
let list = [100, 1.5, 'Keo Kosal', true]
//ការប្រើបញ្ជា for/in
for(let index in list){
console.log(`Element in list having index ${index} is ${list[index]}`)
}
ការពិនិត្យមើលលេខរៀងនៃគ្រប់ធាតុដែលមាននៅក្នុងកម្រងឈ្មោះ list គឺត្រូវធ្វើឡើងដោយភ្ជាប់ឈ្មោះ index ទៅនឹងលេខរៀងនៃធាតុទាំងឡាយ មួយម្តង ៗ ពីឆ្វេងទៅស្តាំ រហូតដល់អស់ធាតុ។ ហើយគ្រប់ការភ្ជាប់ឈ្មោះ index ទៅនឹងលេខរៀងនៃធាតុណាមួយ ក្រុមបញ្ជានៅក្នុងបញ្ជា for/in ត្រូវយកទៅអនុវត្តចំនួនមួយដងដែរ។ ដោយនៅក្នុងកម្រងឈ្មោះ list មានធាតុចំនួន 4 ដូចនេះការអនុវត្តក្រុមបញ្ជានៅក្នុង for/in ក៏ត្រូវធ្វើឡើងចំនួន 4 ដងដែរ។
ក្នុងករណីសមាសវត្ថុជាសំណុំ ការប្រើបញ្ជា for/in ដើម្បីពិនិត្យមើលធាតុនៃសមាសវត្ថុនោះ គឺជាការប្រើបញ្ជា for/in ដើម្បីពិនិត្យមើលផ្លាកនៃធាតុគូ ដែលមាននៅក្នុងសំណុំនោះ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
let resume = {'first_name':'Kosal', 'last_name':'Keo', 'age':30, 'address':'Phnom Penh'}
//ការប្រើបញ្ជា for/in
for(let label in resume){
console.log(`The value of the key ${label} is ${resume[label]}`)
}