for គឺ​ជា​បញ្ជា​តម្រូវ​ឲ្យ​អនុវត្ត​ក្រុម​បញ្ជា​នៅ​ក្នុង​​នោះ សារចុះ​សារឡើង​ រហូត​ដល់​កន្សោម​ប្រមាណ​វិធី​មួយ​​លែង​ផ្តល់​លទ្ធផល​ជា​ true ឬ​សមមូល​នឹង​ true ។ ជាទូទៅ បញ្ជា for ​ត្រូវ​គេ​យក​ទៅ​ប្រើប្រាស់​សំរាប់​​តំរូវ​អោយ​អនុវត្ត​ក្រុម​បញ្ជា​មួយ​ចំនួន​សារចុះសារឡើង​ជា​ច្រើន​ដង​ ក្នុង​ចំនួន​កំណត់​ណា​មួយ​។ ពិនិត្យ​កម្មវធី​ខាង​ក្រោម​នេះ​៖

 

let time = 6
  
//ការប្រើ​បញ្ញា for
for(let i=0; i<time; i++ ){
  console.log(`This block of statements is executed for the ${i+1} times`)
}

 

នៅ​ក្នុង​ការប្រើប្រាស់​បញ្ជា for ខាង​លើ ​ការសរសេរ​ថា let i=0 គឺ​ជា​ការកំណត់​តំលៃ​អថេរ​ឈ្មោះ i អោយ​ស្មើ​នឹង​សូន្យ នៅ​ពេលដែល​បញ្ជា for ត្រូវ​បានយក​ទៅ​អនុវត្ត​ជា​លើក​ដំបូង​។ កត្តា​នេះ​ធើ្វ​អោយ​​កន្សោម​ប្រមាណវិធី i<time ផ្តល់​លទ្ធផល​ជា​ true ដែល​ជា​ហេតុ​ធ្វើ​អោយ​​តំលៃ​របស់​អថេរ i ​ត្រូវ​បាន​បង្កើន​អោយ​ច្រើន​ជាង​មុន​ចំនួន​ 1 ដោយការសរសេរ​ថា i++ និង​​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា for នោះ​ត្រូវ​​បាន​យក​ទៅ​អនុវត្ត។

 

បន្ទាប់​មកទៀត ​នៅ​ពេល​ដែល​ក្រុម​បញ្ជា​នៅ​ក្នុង​បញ្ជា for នោះ​​ត្រូវ​បាន​យក​ទៅ​អនុវត្ត​បាន​ចប់​សព្វគ្រប់​ហើយ កន្សោម​ប្រមាណ​វិធី i<time នឹង​ត្រូវ​យក​ទៅ​គណនា​ជា​ថ្មី​ម្តង​ទៀត ជាមួយ​នឹង​តំលៃ​​ថ្មី​របស់​អថេរ i ។ ហើយ​ក្នុងករណី​ដែល​​​កន្សោម​ប្រមាណ​វិធី i<time នៅ​តែ​ផ្តល់​លទ្ធផល​ជា​ true តំលៃ​របស់​អថេរ i ​ត្រូវ​បាន​បង្កើន​អោយ​ច្រើន​ជាង​មុន​ចំនួន​ 1 ហើយ​ក្រុមបញ្ជា​នៅ​ក្នុង​បញ្ជា for នោះ​នឹង​ត្រូវ​យក​ទៅ​អនុវត្ត​ជា​ថ្មី​ម្តង​ទៀត​។ ទង្វើ​របៀប​នេះ​បាន​​ប្រព្រឹត្ត​ដដែល​ៗ​​រហូត​ដល់​កន្សោម​ប្រមាណវិធី i<time លែង​ផ្តល់​លទ្វផល​ជា​ true គឺ​នៅ​ពេល​ដែល​តំលៃ​របស់​អថេរ i ត្រូវ​បាន​បង្កើន​រហូត​ដល់​ស្មើនឹង 6 ៕