យើងបានដឹងរួចមកហើយថា ការបង្កើតក្បួនគឺជាការកត់ត្រាទុកនូវបញ្ជាមួយចំនួន នៅកន្លែងណាមួយ នៅក្នុងសតិរបស់កំព្យូទ័រ។ ម៉្យាងទៀត បញ្ជាទាំងនោះមិនទាន់ត្រូវបានយកទៅអនុវត្តនៅឡើយទេ នៅពេលដែលក្បួនត្រូវបានបង្កើតឡើងនោះ។ ក៏ប៉ុន្តែ យើងអាចតម្រូវឲ្យបញ្ជាទាំងនោះត្រូវយកទៅអនុវត្តនៅពេលណាក៏បានដែរ បើសិនជាយើងធ្វើដូចខាងក្រោមនេះ៖
//ការបង្កើតវត្ថុជាក្បួនមួយមានឈ្មោះថា «displayProfit»
function displayProfit(){
let sale = 1000
let purchase = 900
let profit = sale - purchase
console.log(`The profit is ${profit}`)
}
//ការយកក្បួនឈ្មោះ displayProfit មកប្រើ
displayProfit()
ដូចនេះយើងឃើញថា ដើម្បីឲ្យក្រុមបញ្ជានៅក្នុងក្បួន ត្រូវយកទៅអនុវត្ត យើងចាំបាច់ត្រូវតែយកក្បួននោះមកប្រើ ដោយសរសេរសញ្ញរង្វង់ក្រចក នៅខាងចុងឈ្មោះរបស់ក្បួននោះ។
សរុបមក ការយកក្បួនមកប្រើ (calling a function) ក៏ជាបញ្ជាមួយដូចជាបញ្ជាដទៃទៀតដែរ ព្រោះការយកក្បួនមកប្រើ គឺជាបញ្ជាតម្រូវឲ្យអនុវត្តក្រុមបញ្ជានៅក្នុងក្បួននោះ។
ដូចនេះយើងឃើញថា ការបង្កើតក្បួន គឺជាការកត់ត្រាទុកនូវបញ្ជាមួយចំនួន នៅកន្លែងណាមួយ នៅក្នុងសតិរបស់កំព្យូទ័រ។ ហើយដើម្បីឲ្យបញ្ជាទាំងនោះត្រូវយកទៅអនុវត្ត យើងត្រូវយកក្បួននោះមកប្រើ ដោយសរសេរសញ្ញារង្វង់ក្រចកនៅខាងចុងឈ្មោះរបស់ក្បួននោះ។
មួយវិញទៀត ការយកក្បួនណាមួយមកប្រើ អាចត្រូវធ្វើឡើងចំនួនប៉ុន្មានដងក៏បានដែរ ហើយគ្រប់ការយកក្បួននោះមកប្រើ ក្រុមបញ្ជានៅក្នុងក្បួននោះ នឹងត្រូវយកទៅអនុវត្តសារជាថ្មីឡើងវិញ ជាដដែលៗរហូត។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការបង្កើតវត្ថុជាក្បួនមួយមានឈ្មោះថា «displayProfit»
function displayProfit(){
let sale = 1000
let purchase = 900
let profit = sale - purchase
console.log(`The profit is ${profit}`)
}
//ការយកក្បួនឈ្មោះ displayProfit មកប្រើចំនួន 3 ដង
displayProfit()
displayProfit()
displayProfit()
នៅក្នុងកម្មវិធីខាងលើនេះយើងឃើញថា ក្បួនឈ្មោះ displayProfit ត្រូវបានយកទៅប្រើចំនួន 3 ដងជាប់ៗគ្នា ហើយលទ្ធផលដែលបានមក គឺជាប្រយោគចំនួន 3 ដូចៗគ្នា។ ប្រការនេះបណ្តាលមកពីគ្រប់ការយកក្បួនឈ្មោះ displayProfit ទៅប្រើ ធ្វើឲ្យក្រុមបញ្ជានៅក្នុងក្បួននោះ ក៏ត្រូវយកទៅអនុវត្តជាដដែលៗរហូត។
ក្នុងករណីក្បួនមួយមានឈ្មោះជាច្រើន ក្បួននោះអាចត្រូវយកទៅប្រើតាមរយៈឈ្មោះណាមួយក៏បានដែរ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការបង្កើតវត្ថុជាក្បួនមួយមានឈ្មោះថា «displayProfit»
function displayProfit(){
let sale = 1000
let purchase = 900
let profit = sale - purchase
console.log(`The profit is ${profit}`)
}
//ការយកឈ្មោះផ្សេងៗទៀតទៅភ្ជាប់នឹងក្បួនឈ្មោះ displayProfit
let getProfit = getFee = displayProfit
//ការយកក្បួនឈ្មោះ displayProfit តាមរយៈឈ្មោះផ្សេងៗ
displayProfit()
getProfit()
getFee()
ដោយការយកក្បួនមកប្រើ ក៏ជាបញ្ជាមួយដូចជាបញ្ជាដទៃទៀតដែរ ដូចនេះយើងអាចយកក្បួនមួយឬច្រើន មកប្រើជាបញ្ជានៅក្នុងក្បួនមួយទៀត ដោយគ្មានបញ្ហាអ្វីឡើយ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
//ការបង្កើតវត្ថុជាក្បួនមួយមានឈ្មោះថា «displayProfit»
function displayProfit(){
let sale = 1000
let purchase = 900
let profit = sale - purchase
console.log(`The profit is ${profit}`)
}
function showProfit(){
//ការយកក្បួនឈ្មោះ displayProfit មកប្រើ
displayProfit()
}
showProfit()
ប្រការដ៏សំខាន់មួយទៀតគឺថា បញ្ជាទាំងឡាយនៅក្នុងក្បួន ត្រូវយកទៅអនុវត្តតែនៅពេលណាដែលក្បួនត្រូវយកទៅប្រើតែប៉ុណ្ណោះ។ ដូចនេះ យើងអាចយកវត្ថុផ្សេងៗ ដែលមិនទាន់ត្រូវបានបង្កើត យកមកប្រើនៅក្នុងក្បួនបាន មុនពេលក្បួននោះត្រូវយកទៅប្រើ។ ពិនិត្យកម្មវិធីខាងក្រោមនេះ៖
function showProfit(){
//ការយកក្បួនឈ្មោះ displayProfit មកប្រើ
displayProfit()
}
//ការបង្កើតក្បួនមួយមានឈ្មោះថា «displayProfit»
function displayProfit(){
let profit = sale - purchase
console.log(`The profit is ${profit}`)
}
//ការបង្កើតអថេរជាក្រោយ
let sale = 1000
let purchase = 900
//ការយកក្បួនឈ្មោះ showProfit មកប្រើ
showProfit()
សរុបមក នៅពេលបង្កើតក្បួន យើងអាចយកក្បួននិងឬអថេរផ្សេងៗដែលមិនទាន់ត្រូវបានបង្កើតនៅឡើយ មកប្រើនៅក្នុងក្បួនបានតាមចិត្ត។ ក៏ប៉ុន្តែ នៅពេលដែលក្បួនត្រូវយកទៅប្រើ ក្បួនដទៃទៀទនិងអថេរទាំងនោះចាំបាច់ត្រូវតែត្រូវបានបង្កើតឡើងរួចជាស្រេច បើពុំនោះសោតទេ កំហុសនឹងកើតមានឡើង៕